អានតួអត្ថបទ
ហ្វីលីពីន-ចិន

កប៉ាល់​ចិន​ដេញ​ប្រមាញ់​កប៉ាល់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង

ការប្រឈមមុខ​ដាក់គ្នា រវាង​ចិន និង​ហ្វីលីពីន​បាន​កើតមាន​ជាថ្មី កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​កប៉ាល់​ល្បាត​របស់​ចិន បាន​ព្យាយាម​រារាំង មិន​ឲ្យ​កប៉ាល់​ដឹកស្បៀង​របស់​ហ្វីលីពីន បើក​ចូល​ទៅ​កាន់​តំបន់ថ្ម ប៉ប្រះ​ទឹក ដែល​មាន​បោះទីតាំង​ដោយ​កប៉ាល់​យោធា ប្រចាំការ​របស់​ហ្វីលីពីន។ ក្រសួងការបរទេស​ហ្វីលីពីន​បាន​ថ្កោលទោស​សកម្មភាព​ព្យាបាទ​អាយុ​ជីវិត​របស់​ឆ្មាំល្បាត ចិន ទៅលើ​ទាហាន​ហ្វីលីពីន និង​បាន​ទាមទារ​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​គំរាមកំហែង​ដល់​សន្តិសុខ​ហ្វីលីពីន។

អ្នកសារព័ត៌មាន​ហ្វីលីពីន និងនាវាជើងទឹក​ហ្វីលីពីន​បក់ដៃ​ទៅរក​កប៉ាល់​ល្បាត​ចិន ដែល​ព្យាយាម​រារាំង​ពីរលើក​មិន​ឲ្យ​កប៉ាល់​ហ្វីលីពីន​ដឹកស្បៀង​ឲ្យ​ទាហាន​នៅ​ប្រចាំការ​នៅ​Second Thomas កាលពី​ថ្ងៃ​ទី ២៩ មីនា​២០១៤
អ្នកសារព័ត៌មាន​ហ្វីលីពីន និងនាវាជើងទឹក​ហ្វីលីពីន​បក់ដៃ​ទៅរក​កប៉ាល់​ល្បាត​ចិន ដែល​ព្យាយាម​រារាំង​ពីរលើក​មិន​ឲ្យ​កប៉ាល់​ហ្វីលីពីន​ដឹកស្បៀង​ឲ្យ​ទាហាន​នៅ​ប្រចាំការ​នៅ​Second Thomas កាលពី​ថ្ងៃ​ទី ២៩ មីនា​២០១៤ ©REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍ កប៉ាល់​ល្បាតចិន​បួនគ្រឿង​ដែល​ប្រចាំការ​នៅ​សមុទ្រ​ចិន​ខាងត្បូង (នៅម្តុំ​ប្រជុំ​កោះ​Spratlys) បាន​បើក​ទៅ​ពង្រាយគ្នា ឡោម​ព័ទ្ធ​តំបន់​ថ្ម​ប៉ប្រះទឹក ឈ្មោះ Second Thomas ដើម្បី​រារាំង កុំ​ឲ្យ​កប៉ាល់​ហ្វីលីពីន​បើកចូល ដឹកស្បៀង យក​ទៅ​ឲ្យ​ទាហាន​ដែល​ប្រចាំការ នៅលើ​នាវា​ហ្វីលីពីន ដែល​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រើប្រាស់​ជា​ទីតាំង សំគាល់​តំបន់​ទឹក​របស់​ហ្វីលីពីន។

យោងតាម​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក​ហ្វីលីពីន នៅក្នុង​ពេល​ប្រឈមមុខ​ដាក់គ្នា កប៉ាល់​ល្បាត​ចិន​ប្រដេញ​យ៉ាងប្រកិត កប៉ាល់​ហ្វីលីពីន និង​បាន​ប្រើ​ម៉ាស៊ីន​បំពងសំឡេង ស្រែក​បញ្ជា​ឲ្យ​កប៉ាល់​ដឹកស្បៀង​ហ្វីលីពីន​ចាកចេញ​ពី​តំបន់​ទឹក​របស់​ចិន។ តាម​អ្នកនាំពាក្យ​របស់ទីបញ្ជាការ​យោធា​ហ្វីលីពីន នៅក្រោយ​ការប្រដេញ គ្នា​អស់​រយៈពេល​២ម៉ោង កប៉ាល់​ដឹកស្បៀង​ហ្វីលីពីន​បាន​សម្រេច​ជោគជ័យ បើក​ចូល​ទៅកាន់ នាវាប្រចាំការ​របស់ខ្លួន។ កប៉ាល់​ហ្វីលីពីន​បាន​សម្រេច​​ក្នុងការផ្គត់ផ្គង់​ស្បៀង និង​ផ្លាស់ប្តូរ​ទ័ព​ប្រចាំការ​​របស់ខ្លួន​នៅ​តំបន់​ Second Thomas។
 

ទាហាន​ហ្វីលីពីន​ប្រមាណ​ជាង​១០​នាក់​នៅប្រចាំការ​លើ​នាវា​ដែល​រដ្ឋាភិបាល​បោះយុថ្កា​ប្រចាំការ​ធ្វើ​ជា​ដែនទឹក​របស់​ខ្លួន​ នៅថ្ងៃ​ទី ២៩ មីនា
ទាហាន​ហ្វីលីពីន​ប្រមាណ​ជាង​១០​នាក់​នៅប្រចាំការ​លើ​នាវា​ដែល​រដ្ឋាភិបាល​បោះយុថ្កា​ប្រចាំការ​ធ្វើ​ជា​ដែនទឹក​របស់​ខ្លួន​ នៅថ្ងៃ​ទី ២៩ មីនា © REUTERS/Erik De Castro

តំបន់​ Second Thomas​ស្ថិតនៅក្នុង​ប្រជុំកោះ Spratlys ដែល​ស្ថិតនៅ​ប្រមាណ ២០០​គីឡូម៉ែត្រ​ពី​ដី​គោក ហ្វីលីពីន។ ចិន​ដែល​ទាមទារ​ធ្វើ​ជា​ម្ចាស់​គ្រប់គ្រង​តំបន់​ទឹក ទាំងមូល នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​ចាត់ទុក វត្តមាន​នាវា​ប្រចាំការ​របស់​ហ្វីលីពីន នៅ​ Second Thomas​ថា ជារឿង​ខុសច្បាប់។

នៅឆ្នាំ ១៩៩៩ ពោល​គឺ នៅ​៤​ឆ្នាំ​ក្រោយ​ចិន​បាន​ចូល​ទៅ​សាងសង់​រចនាសម្ព័ន្ធ​ធំដំ មួយ នៅ​ប្រជុំកោះ Spratlys ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​តំបន់​ថ្មប៉ប្រះទឹក Second Thomas រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រើ​នាវា​ចាស់​មួយគ្រឿង ធ្វើ​ជា​ទីតំាង សំគាល់​តំបន់​ទឹក​របស់ខ្លួន នៅ​Second Thomas ដែល​ហ្វីលីពីន​ចាត់ទុក​ចូល​ជា​ដែន​បូរណភាព​ទឹកដី​ហ្វីលីពីន។

រហូតមកដល់​ខែ​កុម្ភៈមុន ចិន​មិន​ដែល​ហាមឃាត់​ការផ្គត់ផ្គង់​ស្បៀង​ដល់​នាវា​ហ្វីលីពីន​នៅ​ Second Thomas​ទេ។ ប៉ុន្តែ ចាប់តាំង​ពី​ដើម​ខែ​មីនានេះ នៅ​ថ្ងៃ​ទី ៩​មីនា​កន្លងទៅ ចិន​បាន​ហាមមិន​ឲ្យ​ហ្វីលីពីន​ដឹកស្បៀង​ទៅ​ក្នុង​តំបន់​ Second Thomas រហូត​ធ្វើ​ឲ្យ​កងទ័ព​ហ្វីលីពីន​ត្រូវ​បង្ខំចិត្ត​ផ្គត់ផ្គង់​ស្បៀង​ដល់​ទាហាន​ប្រចាំ​លើ​នាវា តាមរយៈ​ឧទ្ធម្ភាគចក្រ។

ឧប្បត្តិហេតុ ប្រឈមមុខ​ដាក់គ្នា រវាង​ចិន និង​ហ្វីលីពីន កាលពី​ថ្ងៃ​សៅរ៍ កើតមាន​នៅមួយថ្ងៃ​មុន​ដែល​ហ្វីលីពីន​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ចិន ទៅ​តុលាការ​អន្តរជាតិ នៅក្នុង​ជម្លោះ​ដណ្តើម​ដែន​ទឹក នៅសមុទ្រ​ចិន​ខាងត្បូង។ ទីក្រុង​ប៉េកាំង​វិញ ធ្លាប់បាន​ព្រមាន​ទីក្រុង​ម៉ានីល​ហើយថា ទំនាក់ទំនង​ទ្វេរភាគី​រវាង​ចិន និង​ហ្វីលីពីន​នឹង​ត្រូវ​ខូចខាត ប្រសិន​ម៉ានីល​ប្តឹង​ចិន នៅ​អង្គការ​សហប្រជាជាតិ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ