អានតួអត្ថបទ
ស៊ីរី

វិបត្តិស៊ីរី ៖ ចិន​ព្រមព្រៀង​ជាមួយ​សម្ព័ន្ធ​អារ៉ាប​លើ​ផ្នែក​ជំនួយ​មនុស្សធម៌

២៥​ថ្ងៃ​ហើយ​ដែល​​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី បាន​ទម្លាក់​គ្រាប់​លើ​ក្រុង​ហូម។ ហូម​ និង​ប្រជាជន​ស៊ីវិល ​ពេល​នេះ​​ដូច​ជាជាប់​ក្នុង​​​អន្ទាក់​ កាត់ផ្តាច់​ពី​ពិភព​ខាង​ក្រៅ ឡោម​ព័ទ្ធបន្ថែម​​​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ហាក់​ដូច​ជា​កំពុង​សង្ខុញ​កាន់​តែខ្លាំង​ឡើង​ ដើម្បី​បង្ក្រាប​មិន​ឱ្យ​កម្លាំង​បះបោរ​​ងើប​រួច។ ប៉ុន្តែ​ជា​លើក​ទី​មួយ​ ក្រុង​ប៉េកាំង​បាន​ព្រមព្រៀង​សហការ​ជាមួយ​នឹង​សម្ព័ន្ធ​អារ៉ាប និង​ពិភព​អារ៉ាប​ក្នុង​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ស៊ីរី។

រថក្រោះ​របស់​រដ្ឋាភិបាល​ស៊ីរី នៅ​ក្រុង​ Homs
រថក្រោះ​របស់​រដ្ឋាភិបាល​ស៊ីរី នៅ​ក្រុង​ Homs REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

 

ស្ថានភាព​​នៅ​ក្រុង​ហូម និង​ក្រុង​ផ្សេងៗ​ទៀត​​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​មនុស្សស្លាប់​ និង​របួស​ មាន​ជា​រៀង​រាល់​ថ្ងៃ ​គ្រឿង​សម្ភារៈ​បរិក្ខា​រ ថ្នាំសង្កូវ និង​ស្បៀង​អាហារ កាន់​តែ​ខ្សត់​ទៅៗ។ កាកបាទ​ក្រហម​អន្តរជាតិ និង​អឌ្ឍចន្ទ​ក្រហម​ស៊ីរី កំពុង​បន្ត​ចរចា​ជាមួយ​យោធាសេរី​ស៊ីរី និង​រដ្ឋាភិបាល​លោក​ បាស្ហា អាល់អាសាទ ដើម្បី​មាន​លទ្ធភាព​ចូល​ទៅ​ផ្គត់ផ្គង់ជំនួយ​ដល់​ផ្ទាល់​កន្លែងផង និង​​ជម្លៀស​អ្នក​របួស​ផង។ អ្នកកាសែត​ស្រី​បារាំង​របួស​បាក់​ជើង​នៅ​តែ​ជាប់​កុន​ក្នុង​ក្រុងហូម​ ដដែល​អស់​មួយ​សប្តាហ៍​មកហើយ។

ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ពី​រថ្ងៃ​ជាប់ៗ​គ្នា ជាមួយ​នឹង​ប្រមុខ​ដឹកនាំសម្ព័ន្ធ​អារ៉ាប និង​សមភាគី​នៃ​បណ្តា​ប្រទេស​អារ៉ាប​មួយ​ចំនួន​ទៀត នៅ​ទី​បំផុត ​ចិន​ដែល​ធ្លាប់​តែ​​ប្រឆាំង​រហូត​មក​ បាន​យល់​ព្រម​ឱ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ស៊ីរី និង​បាន​ទាមទារ​ឱ្យ​ភាគី​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​បញ្ឈប់​សកម្មភាព​ហិង្សាភ្លាម ដើម្បី​អាច​បើក​ទ្វារ​ចរចា​នយោបាយ​បាន។ នេះ​បើ​តាម​សារព័ត៌មាន​ចិន​ថ្មី​ នៅ​ថ្ងៃ​ពុធ​នេះ​ ដែល​មិន​បាន​បញ្ជាក់​លម្អិត​អ្វី​បន្ថែម​ទៀតទេ។

នៅ​ឯទីក្រុង​ហ្សឺណែវ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​​ នឹង​ត្រូវ​ចេញ​សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​បញ្ជូន​បុគ្គលិក​មនុស្ស​ធម៌​ទៅ​កាន់​ស៊ីរី នៅ​ថ្ងៃ​ស្អែក​នេះ។

លើ​ផ្នែក​ការទូត​វិញ​ សំណើ​របស់​ទុយនីស៊ី ទំនង​អាច​ជា​ច្រ​ក​ចេញ​មួយ​សំរាប់​វិបត្តិ​នៅ​ស៊ីរី។ ប្រទេស​ទុយនីស៊ី​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ផ្តល់​ទឹក​ដី​ជ្រក​កោន​នយោបាយ​ដល់​លោក​ប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាទ និង​ក្រុម​គ្រួសារផង។ ចំណែក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កំពុង​តាក់តែង​គម្រោង​សេចក្តី​សម្រេចចិត្ត​ថ្មី​ឈាន​ដល់​ការ​ឈប់​បាញ់​ដើម្បី​មនុស្ស​ធម៌។ ប្រមុខ​ការទូត​បារាំង​អំពាវនាវ​ឱ្យ​រុស្ស៊ី និង​ចិន កុំ​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​ ដូច​ពីរ​លើក​មុន​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ