អានតួអត្ថបទ
កម្ពុជា

ប្រធាន​កងអង្គរក្ស​លោក ជា ស៊ីម ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន

ប្រធាន​កង​អង្គរក្ស​លោក ​ជា ស៊ីម ​គឺ​ឧត្តមសេនីយ ​ឈឿន ​ចាន់ថន ​រួមទាំង​អង្គរក្ស​បីនាក់​ផ្សេង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ​ដោយ​រឹបអូស​បាន​អាវុធ​យុទ្ធភណ្ឌ​ជា​ច្រើន​ដែល​ លាក់ទុក​ក្នុង​ផ្ទះ។ ការ​ចាប់​ខ្លួន​ប្រធាន​កងអង្គរក្ស​នៃ​មេដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​ កម្ពុជា​មិន​ត្រូវ​បាន​គេ​ពន្យល់​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ ​ប៉ុន្តែ​ ប្រភព​ខ្លះ​ថា​ មក​ពី​ឧត្តម​សេនីយ៍​រូបនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការលាក់ទុក​អាវុធ​ ខុសច្បាប់ និង​ការរំលោភ​លើ​សេចក្តី​ទុកចិត្ត។

ឧត្តមសេនីយ៍ឯក ​ឈឿន ចាន់ថន ​ហៅ ម៉ៅ​ ប្រធាន​កង​អង្គរក្ស​សម្តេច ជា ស៊ីម ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសចាប់​ខ្លួន នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៣​សីហា ឆ្នាំ ២០១១
ឧត្តមសេនីយ៍ឯក ​ឈឿន ចាន់ថន ​ហៅ ម៉ៅ​ ប្រធាន​កង​អង្គរក្ស​សម្តេច ជា ស៊ីម ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសចាប់​ខ្លួន នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៣​សីហា ឆ្នាំ ២០១១ ©RFI/ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ឧត្តមសេនីយ៍ឯក ​ឈឿន ចាន់ថន ​ហៅ ម៉ៅ​ ប្រធាន​កង​អង្គរក្ស​សម្តេច ជា ស៊ីម និង​អង្គរក្ស ៣ នាក់ទៀត​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​រាជធានីភ្នំពេញ​នាំខ្លួន​ទៅកាន់​ស្នងការដ្ឋាន នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ទី​១៣​សីហានេះ។ ​ផ្ទះ​របស់​លោក​ឧត្តមសេនីយ៍ផ្កាយ ៣ ឈឿន ចាន់ថន ក្នុងសង្កាត់​បឹង​កេងកង​៣ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ត្រូវបានកងកម្លាំង​សមត្ថកិច្ច​រាប់សិប​នាក់ឡោម​ព័ទ្ធ ចាប់​តាំងពី​យប់​ថ្ងៃ​ទី​១២​សីហា ឆ្នាំ​២០១១ មកម៉្លេះ ប៉ុន្តែ គេ​ត្រូវ​រង់ចាំ រហូតដល់​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ទើប​សមត្ថកិច្ច​សម្រុកចូល​ចាប់​នាំខ្លួន​លោក ឈឿន ចាន់ថន តែម្តង។

 
នៅ​កន្លែង​កើតហេតុ កាលពីព្រឹកថ្ងៃ​សៅរ៍ ទី​១៣ សីហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ភ្នំពេញ លោក យ៉ា គឹមអ៊ី មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​ប្រធាន​កង​អង្គរក្ស​សម្តេច ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​ប្រាប់អ្នកកាសែតទេ។ ​លោក​មេបញ្ជាការ​គ្រាន់តែ​ថ្លែងថា នេះជា​ការអនុវត្ត​តាម​ដីកា​របស់​តុលាការ​ប៉ុណ្ណោះ។ ប្រតិបត្តិការ​នេះធ្វើ​ឡើង​ដោយ​មាន​វត្តមាន លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ។ មន្ត្រី​តុលាការ​រូបនេះ​ក៏​​បដិសេធ​មិន​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះដែរ។

យ៉ាងណា​ក៏ដោយ ប្រភព​ពី​សមត្ថកិច្ច​បង្ហើប​ថា ការចាប់ខ្លួន​​ឧត្តមសេនីយ៍​ផ្កាយ​បី ឈឿន ចាន់ថន ធ្វើឡើង ក្រោយពេល​ដែលឧត្តមសេនីយ​រូបនេះត្រូវ​បានដកហូត​តំណែង​ពី​មេអង្គរក្ស​សម្តេចជា ស៊ីម ​រួចហើយ​ដោយព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ។ ប្រភព​បង្ហើប​ថា ការចាប់​ខ្លួននោះ ជាប់ពាក់ព័ន្ធ​នឹង​ការលាក់អាវុធ​ខុសច្បាប់ និងការរំលោភ​លើ​សេចក្តីទុកចិត្តក្នុង​ការ​ប្រើប្រាស់​ថវិកា​របស់​សម្តេច ជា ស៊ីម​សម្រាប់​សាងសង់​សមិទ្ធផល​ផ្សេងៗ ដើម្បីប្រយោជន៍​សាធារណៈ។ ប៉ុន្តែ គ្មានព័ត៌មានលម្អិត​ស្តី​ពី​បញ្ហា​នេះ នៅឡើយទេ។

សមត្ថកិច្ច​ក៏បាន​បង្ហាញ​សម្ភារៈ​យោធា​ជាច្រើន ដែលដកហូតបានពី​ផ្ទះ​លោក​ ឧត្តមសេនីយ៍​ឯក ឈឿន ចាន់ថន។  សម្ភារៈទាំងនោះ​មានដូចជា ​អាវុធ ១១ ដើម ក្នុងនោះ​មានអាវុធ​វែង ៧ ដើម អាវុធខ្លី ៤ ដើម និងគ្រាប់រំសេវ រួមទាំង​សម្លៀកបំពាក់​យោធាជាច្រើនទៀត។​ កាលពីប៉ុន្មានខែ​មុននេះ ឧត្តមសេនីយ៍​យោធា​ម្នាក់នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ត្រូវបានចាប់ខ្លួន​ដែរ​ពីបទ​បង្កើត​កងកម្លាំង​ប្រដាប់​អាវុធខុសច្បាប់៕

ភ្លាមៗ បន្ទាប់ពីការចាប់ខ្លួនមេអង្គរក្សសម្តេច ជា ស៊ីម កាលពីព្រឹកមិញ, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំង​មេបញ្ជាការថ្មី​នៃកងអង្គរក្ស​ការពារ​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ លោកឧត្តមសេនីយ៍ ឯក យឹម លាង ត្រូវបានតែងតាំងឲ្យកាន់តំណែងជំនួសលោក ឈឿន ចាន់ថន ដែលត្រូវបានគេចាប់ខ្លួនក្នុងបទរំលោភសេចក្តីទុកចិត្ត និង​លាក់​អាវុធ​ខុសច្បាប់។ ការតែងតាំងនេះបានធ្វើឡើង តាមរយៈ​អនុក្រឹត្យ​ដែលចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មានម៉ោង ប៉ុណ្ណោះក្រោយការចាប់ខ្លួនលោក ឈឿន ចាន់ថន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ