អានតួអត្ថបទ
កម្ពុជា

សេដាក​បារម្ភ​ពី​កំណើន​ជីរ​គីមី ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​សាទរ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​អោយដឹង​អំពី​កំណើន​នៃ​ការ​ប្រើប្រាស់​ជីរគីមី​ជារៀងរាល់​ឆ្នាំនៅ​ក្នុង​វិស័យ​ដាំដុះនៅ​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​យ៉ាង​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ជីរ​គីមី​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះនៅ​ក្នុង​​ស្រុក​គៀនស្វាយ។ កំណើន​ការ​ប្រើប្រាស់​ជីរ​គីមី​បាន​ធ្វើ​អោយ​អ្នកជំនាញ​កសិកម្ម​នៅ​អង្គការ​​​សេដាក​ព្រួយ​បារម្ភ​ទៅវិញ។ លោក គាម​ មករាឌី អ្នកជំនាញ​របស់​អង្គការ​សេដាក​អះអាង​ថា ជីគីមី​អាច​ធ្វើ​អោយ​ខូចខាត​ដល់​គុណភាព​ដី។

ការ​ប្រើ​​ជីរ​គីមី​កសិកម្ម ​មាន​និន្នាការ​កើន​ឡើង​នៅ​កម្ពុជា
ការ​ប្រើ​​ជីរ​គីមី​កសិកម្ម ​មាន​និន្នាការ​កើន​ឡើង​នៅ​កម្ពុជា © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ជីររគីមី​ជាង​៥​សែន៥ម៉ឺន​តោន​ត្រូវបាន​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ការ​ប្រើប្រាស់​របស់​កសិករ​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​២០១២នេះ។ នេះបើ​យោងតាម​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​ពិធីសម្ពោធ​រោងចក្រ​ផលិតជីរគីមី​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នៅ​ក្នុង​ស្រុក​គៀន​ស្វាយ។
លោក​នាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា តម្រូវការ​នៃ​ការ​ប្រើប្រាស់​ជីរគីមី​បាន​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១២នេះ បើធៀប​នឹង​ឆ្នាំ​២០១១​កន្លងទៅ​ដែល​មាន​បរិមាណជាង៥សែន​១ម៉ឺនតោន។ ចំពោះ​​លោកនាយករដ្ឋមន្ត្រី កំណើន​ការ​ប្រើប្រាស់​ជីរគីមីបញ្ជាក់អំពីការ​រីកចម្រើនផ្នែក​បច្ចេកទេស​របស់​កសិករ​ខ្មែរ​ក្នុង​ការ​ធ្វើកសិកម្ម។

អាច​ជាការ​រីករាយ​របស់ប្រមុខ​រដ្ឋាភិបាល ក៏ប៉ុន្តែ​អ្នកជំនាញ​កសិកម្ម​របស់​អង្គការសេដាក លោក​គាម​ មករាឌី​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​កំណើន​នៃ​ការ​ប្រើប្រាស់​ជីរគីមី​នេះ​ទៅវិញ។ នាយកកម្មវិធី​បរិស្ថាន និង​សុខភាព​របស់​អង្គការ​សេដាក​រូបនេះ​បាន​ពន្យល់​ថា ការ​ប្រើប្រាស់​ជីរគីមី​ត្រូវ​ធ្វើ​ទៅតាម​ក្បួនខ្នាត។ ក្នុងន័យនេះ ក្រុមហ៊ុន​ផលិតជីរគីមី​ត្រូវមាន​កាតព្វកិច្ច​បង្ហាត់​បង្រៀន​កសិករវិធី​នៃ​ការប្រើប្រាស់​ជីរគីមី។ អ្នកជំនាញ​រូបនេះ​អះអាង​ថា ការ​ប្រើប្រាស់ជីរគីមី​ច្រើន​អាចធ្វើ​អោយខូចគុណភាព​ដី និង​ជីរវចម្រុះ​នៅ​ក្នុង​ដី។

ទោះ​យ៉ាង​ណាក៏ដោយ លោក​នាយករដ្ឋមន្ត្រីបាន​អះអាង​នៅ​ព្រឹកមិញ​នេះដែរថា ការ​ប្រើប្រាស់​​ជីរគីមីនឹង​នៅតែ​បន្ត​កើនឡើងទៅមុខទៀត។
ចំពោះ​អ្នកជំនាញ​អង្គការ​សេដាក ការ​ជំរុញ​អោយ​កសិករ​ប្រើប្រាស់​ជីរធម្មជាតិ​ គឺ​ជា​កត្តា​ចាំបាច់​​មួយ​ដែល​មិនត្រឹម​តែ​ជួយ​រក្សា​គុណភាព​ដីទេ តែ​វាអាច​ជួយ​កាត់​បន្ថយ​ចំណាយ​របស់​ពួកគាត់​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ