អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ ប្រកាស​អនុវត្ត​ផែនការ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​

រដ្ឋាភិបាល​កម្ពុជា ប្រកាស​អនុវត្ត​ជា​លើកដំបូង​នូវ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ចាប់ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ​២០២០ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាច​រណ៍ ព្រម​ទាំង​ការផ្តល់​សេវា​សង្គ្រោះ​ដល់​ជនរងគ្រោះ​។ ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខនេះ រដ្ឋាភិបាល​បាន​ដាក់​ផែនកា​រថា នឹង កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យបាន ៣០ % ដែល​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ចំនួន ៤.៧០០ នាក់​។

កម្ពុជា​ប្រកាស​អនុវត្ត​ផែនការ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​
កម្ពុជា​ប្រកាស​អនុវត្ត​ផែនការ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ ©ចាន់ ស៊ីណា
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល ប្រទេស​ជាច្រើន រួម​ទាំង​កម្ពុជា កាលពី​ថ្ងៃ​ទី​១១​ឧសភា បាន​ប្តេជ្ញាចិត្ត​ចំពោះ​ការអនុវត្ត​តាម​ទសវត្សរ៍​សុវត្ថិភាព​ចរាច​រណ៍ របស់​អង្គការ​សហ​ប្រជាជាតិ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាច​រណ៍ និង​ផ្តល់​សេវា​សង្គ្រោះ ​ដល់​ជនរងគ្រោះ​។​

​សេចក្តីប្រកាស បាន​បង្ហាញ​នូវ​ផែនការ ៧ ចំណុច របស់​រដ្ឋាភិបាល​កម្ពុ​ជា សម្រាប់​ការអនុវត្ត​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​សកល រួមមាន ទី​១-​ការគ្រប់គ្រង​សុវត្ថិភាព​ចរាច​រណ៍
ទី​២-​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ទី​៣-​យានយន្ត​ប្រកបដោយ​សុវត្ថិភាព ទី​៤-​ឥរិយាបថ​ប្រកប​ដោយ​​សុវត្ថិភាព​អ្នកប្រើប្រាស់​ផ្លូវ។
ទី​៥-​ការជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ
ទី​៦-​ច្បាប់​ចរាចរណ៍ និង​ការ​រឹតបន្តឹង​ច្បាប់ និង​ទី​៧-​ការផ្តល់​ប័ណ្ណបើកបរ​។​

​តាម​ផែនការ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ជា​សកល ប្រទេស​ជា​សមាជិក រួម​ទាំង​កម្ពុជា ត្រូវ​កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យនៅ​ត្រឹមតែ ៥០% នៅ​ត្រឹម​ឆ្នាំ​២០២០​។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា អាច​កំណត់​ត្រឹមតែ ៣០ % ប៉ុណ្ណោះ ហើយ​បើ​តាម​ការប៉ាន់ស្មាន គឺ​កម្ពុជា​អាច​សង្គ្រោះ​ជីវិត​មនុស្ស​ចំនួន ៤.៧០០ នាក់ ក្នុងអំឡុងពេល ១០ ឆ្នាំ​ខាង​មុខ​។

​របាយការណ៍​របស់​គណៈ​កម្មាធិការជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោ​ក បានបង្ហាញ​ថា មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១.៨១៦ នាក់ កាលពី​ឆ្នាំ​២០១០​។ ចំនួន​អ្នក​ស្លាប់​នៅ​កម្ពុជា ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើន​ឡើង​ជាង​ឆ្នាំ​២០០៩ ដែល​មាន​អ្នកស្លាប់​ត្រឹមតែ ១.៧១៧ នាក់​ប៉ុណ្ណោះ​។

​ចំណែ​ក​ក្រសួងមហាផ្ទៃ លើកឡើងថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ១.១៨៦ ករណី ក្នុងនោះ មាន​អ្នកស្លាប់ ៤៦១ នាក់ និង​របួស​ជាង ២.០០០ នាក់​។ ចំនួន​គ្រោះថ្នាក់​នេះ បាន​កើនឡើង បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១០​។​
​តាម​ការប៉ាន់ស្មាន គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១០ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ខាត​បង់​រហូត​ដល់ ២៧៩ លាន​ដុល្លារ​។​

ដើម្បី​សម្រេចបាន​ផែនការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ រដ្ឋាភិបាល​បាន​ពង្រឹង​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដូចជា ការ​ពាក់មួក​សុវត្ថិភាព​ពេល​បើកបរ​ម៉ូតូ អប់រំ​កុំ​ឲ្យ​បើក​បរហួស​ល្បឿន​កំណត់ និង​កុំ​បើកបរ​ពេល​ស្រវឹង ជាដើម។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ