អានតួអត្ថបទ
កម្ពុជា

អ្នកទេសចរ​ខ្មែរ និង​ថៃ​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ទៅវិញ​ច្រើន​ឡើង​វិញ

អ្នកទេសចរ​ខ្មែរ និង​ថៃ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅវិញ​ច្រើន​ឡើង​វិញ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ជាពិសេស នៅក្នុង​ឱកាស​ចូលឆ្នាំ​សកល​ឆ្នាំ​២០១១​ខាងមុខ​នេះ។ សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​បញ្ជាក់​ប្រាប់ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ចំនួន​ភ្ញៀវ​ខ្មែរ​ដែល​គ្រោង​ទៅ​កំសាន្ត​ទៅ​ក្នុង​ប្រទេស​ថៃ នៅក្នុង​ឱកាស​ដំណាច់​ឆ្នាំនេះ​មាន​ការ​កើន​ឡើង​៧០​ភាគរយ​រីឯ​ភ្ញៀវ​ថៃ​វិញ​ ក៏​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើន​ដែរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា (ឆ្វេង)​ក្នុង​ពិធី​អបអរ​លុបចោល​ទិដ្ឋាការ​រវាងថៃ និង​កម្ពុជា​ជាមួយ​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ (ស្តាំ)
អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា (ឆ្វេង)​ក្នុង​ពិធី​អបអរ​លុបចោល​ទិដ្ឋាការ​រវាងថៃ និង​កម្ពុជា​ជាមួយ​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ (ស្តាំ) ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:41

សេចក្តី​រាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ

ភ្ញៀវ​ទេសចរ​ជនជាតិ​ខ្មែរ និង​ជនជាតិ​ថៃ​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​កំសាន្ត​ទៅវិញ​ទៅមក​កាន់តែ​ច្រើន នៅ​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ។

លោក អាំង គីមអៀង ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយ​ប្រាប់ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ចាប់តាំង​ពី​ស្ថានភាព​នយោបាយ​រវាង​ព្រះរាជាណាចក្រ​ជិតខាង​ទាំងពីរ​បាន​វិល​មក​រក​ស្ថានភាព​ប្រសើរ​ឡើង​វិញ​នោះ ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​កំសាន្ត​ទៅវិញ​ទៅមក​កាន់តែ​ច្រើន​ដែរ។ ជាក់ស្តែង នៅក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​សកល​នេះ​ចំនួន​ប្រជាជន​ខ្មែរ​ដែល​គ្រោង​ទៅ​កំសាន្ត​នៅ​ទីក្រុង​បាងកក​មានការ​កើនឡើង​ប្រមាណ​ជា​៧០​ភាគរយ បើប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ​មុន។

សម្រាប់​ជនជាតិ​ថៃ​វិញ​ក៏​ដូចគ្នា​ដែរ ពួកគេ​បាន​សម្រុក​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន។ លោក អាំង គីមអៀង អ្នកឯកទេស​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា ជា​រៀងរាល់​ថ្ងៃ ប្រជាពលរដ្ឋ​ថៃ​ប្រមាណ​ជា​៥០០​នាក់​បាន​ឆ្លងកាត់​តាម​ច្រក​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ដំណើរ​កំសាន្ត។

ទំនាស់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​បាន​ចាប់​ផ្ដើម​តាំង​ពី​​ឆ្នាំ​២០០៨​មក​ម្ល៉េះ។ ហើយ​នៅ​ពេល​នេះ ដំណោះស្រាយ​ពិតប្រាកដ​មិនទាន់​មាន​មែន ប៉ុន្តែ​ស្ថានភាព​ជាទូទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ពី​ពេល​មុន។

នៅក្នុង​អំឡុង​ពេល​មាន​ភាព​តានតឹង​ផ្នែក​ការទូត ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មិនសូវ​ធ្វើ​ដំណើរ​កំសាន្ត​ទៅវិញ​ទៅមក​ទេ​ពីព្រោះ​ពួកគេ​ប្រកាន់​គំនិត​ជាតិ​និយម​រៀង​ៗ​ខ្លួន។
ជាក់ស្តែង នៅ​ពេល​នោះ គេ​សង្កេត​ឃើញថា ប្រជាជន​ខ្មែរ​ភាគច្រើន​បាន​ធ្វើ​ដំណើរ​កំសាន្ត​ទៅកាន់​ប្រទេស​វៀតណាម និង​ប្រទេស​សិង្ហបុរី ជាជាង​ធ្វើ​ដំណើរ​កំសាន្ត​ទៅកាន់​ប្រទេស​ថៃ។

លោក អាំង គីមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការលុបចោល​ទិដ្ឋាការ​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ក៏​ជា​កត្តា​ជំរុញ​មួយ​កម្រិត​បន្ថែម​ទៀត​អោយ​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ​កាន់តែ​ខិតចូល​ជិត​គ្នា​ខ្លាំង​ឡើង។ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ប្រទេស​ទាំងពីរ​បាន​រៀបចំ​ពិធី​តន្ត្រី​ចម្រៀងចម្រុះ នៅ​ទីក្រុង​បាងកក​ផង​និង​ទីក្រុង​ភ្នំពេញ​ផង​ក្នុង​គោល​បំណង​ចងភ្ជាប់​អារម្មណ៍​ប្រជាជន​នៃ​​ប្រទេស​ទាំងពីរ​ឡើងវិញ។

លោក គង់ សុភារ័ក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​ព័ត៌មាន​នៃ​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ​ស្ថិត​នៅក្នុង​លំដាប់​លេខ​រៀង​ទី៨ ក្នុង​ចំណោម​ប្រជាជន​១០​ប្រទេស​ដែល​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០១០​នេះ។ ជនជាតិ​វៀតណាម​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​មួយ ជនជាតិ​កូរ៉េខាងត្បូង​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ពីរ​និង​ជនជាតិ​ចិន​ស្ថិត​នៅក្នុង​លំដាប់​លេខ​រៀង​ទី​៣។

នៅ​ឆ្នាំ​២០១០​នេះ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​២​លាន​៥​សែន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ