អានតួអត្ថបទ
កម្ពជា

ពលរដ្ឋ​ម្នាក់​ទៀត​​ត្រូវ​​អាជ្ញាធរ​​ចាប់​​ដាក់​គុក​​ដោយសារ​​ចែកចាយ​​សារ​​ប្រមាថ​​ព្រះមហាក្សត្រ​​តាម​​ហ្វេ​ស​ប៊ុ​ក​

តុលាការ​សាលាដំបូង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី២០ ឧសភា​ម្សិលមិញ បានសម្រេច​ឃុំខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ទៀត​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះ​ចេស្តារ​អង្គ​ព្រះមហាក្សត្រ។ នេះ គឺជា​ករណី​ទី​ពីរ​ហើយ​ដែល​អាជ្ញាធរ​កម្ពុជា បាន​អនុវត្ត​ច្បាប់​ថ្មី​ដាក់ទោស​ទណ្ឌ​លើ​អ្នក​ដែល​ជេរប្រមាថ​ព្រះមហាក្សត្រ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

លោក​បាន សម្ភីរ​ ដែល​ត្រូវបាន​​តុលាការ​ខេត្តសៀមរាប​សម្រេច​ឃុំខ្លួន​ដោយសារ​តែចែក​ចាយ​រូបភាព ​និង​សារ​ប្រមាថ​ព្រះមហាក្សត្រ​
លោក​បាន សម្ភីរ​ ដែល​ត្រូវបាន​​តុលាការ​ខេត្តសៀមរាប​សម្រេច​ឃុំខ្លួន​ដោយសារ​តែចែក​ចាយ​រូបភាព ​និង​សារ​ប្រមាថ​ព្រះមហាក្សត្រ​ @​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​
ផ្សាយពាណិជ្ជកម្ម

ជនសង្ស័យ​ថ្មី​នេះ មាន​ឈ្មោះថា បាន សម្ភីរ អាយុ៧០ឆ្នាំ មុខរបរ​ជាជាង​កាត់សក់ ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប។ បុរស​វ័យ​ចំណាស់​រូបនេះ ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាប ហៅ​មក​សាកសួរ​កាលពី​ថ្ងៃទី១៩ ឧសភា​ហើយ​នៅ​ថ្ងៃទី២០ឧសភា តុលាការខេត្ត​នេះ​ក៏បាន​សម្រេច​ឃុំខ្លួន​លោក​ជា​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​តែម្តង ដោយ​ចោទប្រកាន់​ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ។

ការសម្រេច​ឃុំខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក បាន សម្ភីរ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី១៣ ឧសភា​កន្លងទៅ បាន​ចែកចាយ(Share)នូវ​រូប​ព្រះ​ភ័​ក្រ​ព្រះមហាក្សត្រ​កម្ពុជា​សម្តេច​ព្រះ​នរោត្តម សីហមុនី និង​រូបលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា ព្រមទាំង​ភ្ជាប់​ជាមួយ​វី​ឌី​អូ​ឃ្លី​ប​មួយ ដោយមាន​ប្រជាពលរដ្ឋ​ថ្លែង​រៀបរាប់​ពី​ទុក្ខលំបាក​ក្រោម​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ។ លោក​បាន សម្ភីរ បាន​ចែកចាយ​រូបភាព​នេះ​បន្ត​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះថា Khmer Thatcher ដែលមាន​ខ្លឹមសារ​ចោទ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​ជា​ភេរវជន និង​បានចាត់ទុក​ព្រះមហាក្សត្រ​ថា ជា​ព្រះមហាក្សត្រ​ក្លែងក្លាយ​ថែមទៀត។

តាម​អាជ្ញាធរ​ខេត្តសៀមរាប លោក បាន សម្ភីរ បាន​សារភាពថា លោក​ពិតជា​បាន​ចែកចាយ​បន្ត​នូវ​រូបភាព និង​ខ្លឹមសារ​នេះ​ពិតប្រាកដ​មែន។ បើតាម​អាជ្ញាធរខេត្ត​សៀមរាប​ដ​ដែល លោក​បាន សម្ភីរ​បាន​អះអាង​ប្រាប់ថា មូលហេតុ​ដែល​លោក​ធ្វើ​ដូច្នេះ គឺ​ដោយសារតែ​លោក​មិន​ពេញចិត្ត​នឹង​អង្គ​ព្រះមហាក្សត្រ​កម្ពុជា​បច្ចុប្បន្ន។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា។

សូម​កត់សម្គាល់ថា នេះ គឺជា​ករណី​ទី​ពីរ​​ហើយ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​អនុវត្ត​ច្បាប់​ទៅលើ​អ្នក​ដែល​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ ករណី​ទីមួយ ធ្វើឡើង​ទៅលើ​នាយក​សាលាបឋមសិក្សា​ម្នាក់​នៅក្នុង​ខេត្តកំពង់ធំ ដែល​បាន​សរសេរ​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ជុំវិញ​ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅលើ​ហ្វេ​ស​ប៊ុ​ក។ ករណី​ទាំងពីរ​នេះ សុទ្ធតែ​ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា៤៣៧ ស្ទួន​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​ទើប​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ចុងខែ​កុម្ភៈ។ តាម​មាត្រា​ថ្មី​នេះ ជនសង្ស័យ​ទាំងពីរ អាច​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​ពី០១ឆ្នាំ ទៅ០៥ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី២លាន​រៀល ទៅ១០លាន​រៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ