អានតួអត្ថបទ
កម្ពុជា

ទិវា​ជន​ពិការ​ថ្ងៃទី​ ៣ធ្នូ៖ រដ្ឋា​ភិបាល​​លើក​ឡើង​​ពី​គោល​នយោបាយ និង​កិច្ច​គាំពារ​សម្រាប់​ជនពិការ

ទិវា​ជនពិការ​កម្ពុជា លើក​ទី១៦ និង​ទិវា​ជនពិការ​អន្តរជាតិ លើក​ទី៣២ នា​ថ្ងៃទី៣ធ្នូ​ស្អែក​នេះ នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “ផ្តល់​លទ្ធភាព​អាច​ប្រើប្រាស់​បាន រួមបញ្ចូល​ទាំងមុខ​របរ ការងារ និង​បច្ចេកវិទ្យា ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព។ សារលិខិត និង​សារាចរ​ណែនាំ របស់លោក​នាយករដ្ឋមន្ត្រី បានបង្ហាញ​ពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​ជនពិការ និង​លើកទឹកចិត្ត​ដល់​ជនរួមជាតិ​ទាំងអស់ ផ្តល់​ការគាំទ្រ​ដោយ​គ្មាន​ការរើសអើង ចំពោះ​សុខុមាលភាព​របស់​ជន​ពិការ ដែលជា​ធនធាន​មិនអាច​មើលរំលង​បាន។

រថយន្តសម្រាប់ជនពិការ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ដោយអង្គការជនពិការកម្ពុជា។
រថយន្តសម្រាប់ជនពិការ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ដោយអង្គការជនពិការកម្ពុជា។ RFI/mesa
ផ្សាយពាណិជ្ជកម្ម

ទិវា​ជនពិការ ថ្ងៃ៣ធ្នូ ត្រូវ​ប្រារព្ធ​ឡើង ដើម្បី​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​ពិការភាព ដោយ​ផ្តោតលើ​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជនពិការ​នូវ​លទ្ធភាព​ប្រើប្រាស់​បាន​នៅតាម​ទីសាធារណៈ និង​ឯកជន ក៏ដូចជា​ការ​បំផុស​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​វិស័យ​ឯកជន​អនុវត្ត​ការជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ ការហ្វឹកហ្វឺន​ផ្នែក​បរិស្ថាន ទីកន្លែង​ការងារ មធ្យោបាយ ណិ​ង​សម្ភារៈ​បរិក្ខា​ជាដើម។

សារាចរ​ណែនាំ និង​សារលិខិត​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុនសែន ក្នុង​ទិវា​ជនពិការ ថ្ងៃ៣ធ្នូ ដែល​ត្រូវបាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​អង្គារ​នេះ បានបង្ហាញ​ពី​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ របស់​រដ្ឋាភិបាល ដោយ​ផ្តោតលើ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជនពិកា​រ ការផ្តល់សេវា​សុខភាព សមត្ថភាព និង​ការការពារ​ជនពិការ ជាដើម។

ក្នុងនោះ រដ្ឋាភិបាល បានផ្តល់​កម្មសិទ្ធិ​ដីធ្លី និង​បាន​កសាង​លំនៅដ្ឋាន​ជូន​ជនពិការ តា​កែន​កោះស្លា តំបន់​អភិវឌ្ឍន៍​ជនពិការ ៣១៧ នៅ​ស្រុក​គូលែន ខេត្តសៀមរាប និង​នៅ​ភ្នំ​ឆ័​ត្រ ខេត្តបន្ទាយមានជ័យ។ រដ្ឋាភិបាល ក៏បានផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម នៅ​សហគមន៍ ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​ជនពិការ​ក្រីក្រ លើកកម្ពស់​ជីវភាព ការអប់រំ ការព្យាបាល ការស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ ជា​ពិសេស​​ម្រា​ប់​ជនពិការ​គ​ថ្លង់ និង​ជនពិការភ្នែក​ផងដែរ។ រដ្ឋាភិបាល ក៏បាន​រៀបចំ​បង្កើត​ឲ្យ​មាន​អក្សរ​ស្ទាប និង​ភាសា​សញ្ញា​សម្រាប់​ជនពិការភ្នែក និង​ជនពិការ​គ​ថ្លង់ ព្រមទាំង​បានដាក់​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​នៃ​វិស័យ​អប់រំ។ល។ និង។ល។

សារលិខិត​ចុះ​ថ្ងៃទី១ធ្នូ បង្ហាញថា ការទទួល​ជនពិការ​ចូល​បម្រើការ​ងារ នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ ចំនួន ៤០ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០១៤ គឺមាន​ជនពិការ​ចូល​បម្រើការ​ងារ​សរុប​ចំនួន ១.៩៩៩ នាក់ ក្នុងនោះ ពិការ​កម្រិតធ្ងន់​មាន​ចំនួន ៤៦១ នាក់។

ក្នុង​ទិវា​ជនពិការ ថ្ងៃ៣ធ្នូ នៅ​ឆ្នាំនេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បន្ត​ជំរុញ​ដល់​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន រោងចក្រ សហគ្រាស ត្រូវ​លើកទឹកចិត្ត​ដល់​ជនពិការ ដែលមាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បំពេញ​មុខងារ និង​តួនាទី​ទទួលខុសត្រូវ ក្នុង​មុខតំណែង ឲ្យ​មាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង រាប់ទាំង​ការបម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ​កម្មសិក្សាការី ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ