អានតួអត្ថបទ
កម្ពជា

ពន្ធដារ ​ថា​​ខ្លួន​​ពុំ​​ជាប់​​ពាក់ព័ន្ធ​​នឹង​​ការ​បង្ខំ​​ឲ្យ​​ម្ចាស់​​កាសែត​​ខេ​ម​បូ​ឌា ​ដេលី​​ធ្វើ​លិខិត​​សុំ​ទោស​​លោក​​ហ៊ុន សែន​

តាមរយៈ​សេចក្តីបំភ្លឺ​របស់ខ្លួន​ចុះ​ថ្ងៃទី១៥ កញ្ញា អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​អះអាងថា ខ្លួន​ពុំមាន​ការជាប់​ពាក់ព័ន្ធ​ឫ​ចាប់បង្ខំ​លោកស្រី Deborah Krisher-Steele ម្ចាស់​កាសែត​ខេ​ម​បូ​ឌា ដេលី​ឲ្យ​ចុះហត្ថលេខា​លើ​លិខិត​សុំទោស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឡើយ។ ការបំភ្លឺ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក ស្រី​Deborah Krisher-Steele បាន​ប្រាប់​សារព័ត៌មាន​ថា លោកស្រី​បាន​រង​ការបង្ខិតបង្ខំ​ឲ្យ​ចុះហត្ថលេខា​លើ​លិខិត​សុំទោស​លោក​ហ៊ុន សែន ដើម្បី​កុំ​ឲ្យ​គេ​ធ្វើបាប​ស្វាមី​លោកស្រី​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា។

អគ្គនាយកដ្ឋាន​ពន្ធដារ
អគ្គនាយកដ្ឋាន​ពន្ធដារ ©ABC Radio Australia
ផ្សាយពាណិជ្ជកម្ម

អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​គូសបញ្ជាក់ថា ខ្លួន​គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់​មិនមែនជា​អង្គភាព​ដែល​ធ្វើការ​ដោយ​គ្រាន់តែ​ផ្អែកលើ​លិខិត​សុំទោស​មួយ​សន្លឹក ហើយ​អនុញ្ញាត​ឲ្យ​អ្នក​ជាប់ពន្ធ​រួច​ផុតពី​កាតព្វកិច្ច​ពន្ធដារ​នោះឡើយ។ ចំពោះ​ករណី​ដែល​លោកស្រី Deborah Krisher-Steele សរសេរ​លិខិត​សុំទោស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​វិញ អគ្គនាយកដ្ឋាន​ពន្ធដា​រ​អះអាងថា គឺជា​រឿង​ផ្ទាល់ខ្លួន​របស់លោក​ស្រី ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​ពុំមាន​ការពាក់ព័ន្ធ ឬ​ចាប់បង្ខំ​ឲ្យ​លោកស្រី​ចុះហត្ថលេខា​លើ​លិខិត​សុំទោស​ណាមួយ​នោះទេ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏បាន​សង្កត់ធ្ងន់ថា ខ្លួន​មិន​ទទួលស្គាល់​អ្នកសម្របសម្រួល​រូប​ណា​ម្នាក់​ដែល​ស្ថិត​នៅក្រៅ​ក្របខ័ណ្ឌ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឡើយ ហើយ​ការកំណត់​ពន្ធ និង​ការសម្រេច​លើ​ការកំណត់​ពន្ធ​វិញ គឺ​ឈរលើ​ភ​ស្ត​តាង​ច្បាស់លាស់ គឺ​មិនមែន​ចេះតែមាន​លិខិត​សុំទោស​មួយ​សន្លឹក​ជាការ​ស្រេច ឫ​ក៏​ចេះតែ​និយាយថា ជា​រឿង​នយោបាយ​នោះទេ៕

កាលពី​ថ្ងៃទី៩ ខែកញ្ញា លោកស្រី Deborah Krisher-Steele បាន​សរសេរ​លិខិត​មួយ​ជូនទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​បើក​ដំណើរការ​កាសែត​ឡើងវិញ។ លិខិត​នោះ គឺ​បង្ហាញ​ពី​ជំហរ​ទន់ភ្លន់​មែនទែន​សឹងតែ​មិនគួរ​ឲ្យ​ជឿថា​ជា​លិខិត​របស់​កាសែត​ខេ​ម​បូ​ឌា ដេលី។ យ៉ាងណាមិញ នៅ​ថ្ងៃទី១២ ខែកញ្ញា នៅក្នុង​ប្រទេស​ជប៉ុន លោកស្រី Deborah Krisher-Steele បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោកស្រី​បាន​រង​នូវ​ការបង្ខិតបង្ខំ​ឲ្យ​ចុះហត្ថលេខា​លើ​លិខិត​សុំទោស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​កុំ​គេ​ចាប់ខ្លួន​ប្តី​លោកស្រី​ដែល​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា។ លោកស្រី​ចាងហ្វាង​កាសែត​ខេ​ម​បូ​ឌា ដេលី ក៏បាន​គូសបញ្ជាក់ថា លោកស្រី​បាន​ចុះហត្ថលេខា​លើ​លិខិត​ជា​ភាសា​ខ្មែរ​នោះ​ទាំង​ដែល​លោកស្រី​មិនដឹងថា​មាន​ខ្លឹមសារ​យ៉ាងម៉េច​ផង។

បើទោះបីថា​មាន​គេ​បង្ខិតបង្ខំ​ឲ្យ​ចុះហត្ថលេខា​ក្តី ប៉ុន្តែ​លោកស្រី Deborah Krisher-Steele មិនបាន​បង្ហាញ​ឲ្យ​ដឹង​ចំ​តែម្តង​ទេ ថា​តើ​អ្នកណា​ក៏​ឫ​ស្ថាប័ន​ណា​ឲ្យ​ប្រាកដ​នោះ។ នេះ​បានធ្វើ​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្តែង​ការសោកស្តាយ​ដែល​ម្ចាស់​កាសែត​ខេ​ម​បូ​ឌា ដេលី​រូបនេះ​ចេះតែ​ចោទប្រកាន់​គេឯង ហើយ​និយាយ​មិនមាន​ការទទួលខុសត្រូវ​បែបនេះ។ តែ​ទោះជា​យ៉ាងណា អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏បាន​ជំរុញ​ឲ្យ​លោកស្រី Deborah Krisher-Steele បង្ហាញ​អត្តសញ្ញាណ​ជន​ដែល​បង្ខិតបង្ខំ​លោកស្រី​នោះ​ដល់​សមត្ថកិច្ច ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ