អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​ហ៊ុន សែន​៖ ​លា​ហើយ​សង្គ្រាម​ ក្រោយ​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​រយៈ​ពេល​៤៤​ឆ្នាំ​

លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​នៅ​ថ្ងៃទី ​១៦​ មេសា ​ដែល​ត្រូវ​នឹង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ​បាន​បង្ហោះ​សារ​រំលឹក​ការ​ឈឺ​ចាប់​នៃ​ការ​បាត់​បង់​ប្រស្រីភ្នែក​ឆ្វេង​របស់​លោក​នៅ​ក្នុង​សម័យ​សង្គ្រាម​នា ​ថ្ងៃទី ​១៦ ​មេសា ​ឆ្នាំ​១៩៧៥​។ ​ថ្ងៃទី ​១៦​ មេសា ​១៩៧៥​ - ​១៦ ​មេសា ​២០១៩​ នេះ ​គឺ​ជា​ខួប​៤៤​ឆ្នាំ​នៃ​កា​រ​ធ្លាក់​ខ្លួន​ពិការ​​ភ្នែក​ឆ្វេង​របស់​លោក​​។​  

រូប​ថត​ចាស់ ​ដែល​លោក​នាយករដ្ឋ​ម​ន្ត្រី ​ហ៊ុន សែន ​បាន​រំលឹក​ឡើង​វិញ ​មុន​ពេល​លោក​ពិការ​ភ្នែក​ខាង​ឆ្វេង ​នា​ថ្ងៃទី ​១៦ ​មេសា ​១៩៧៥​។​
រូប​ថត​ចាស់ ​ដែល​លោក​នាយករដ្ឋ​ម​ន្ត្រី ​ហ៊ុន សែន ​បាន​រំលឹក​ឡើង​វិញ ​មុន​ពេល​លោក​ពិការ​ភ្នែក​ខាង​ឆ្វេង ​នា​ថ្ងៃទី ​១៦ ​មេសា ​១៩៧៥​។​ @facebook
ផ្សាយពាណិជ្ជកម្ម

«​ថ្ងៃ ​១៦ ​មេសា​ នេះ ​គឺ​ជា​ខួប​លើក​ទី​៤៤​ឆ្នាំ​ នៃ​ការ​ធ្លាក់​ខ្លួន​ពិការ​របស់​ខ្ញុំ​ (​១៦ ​មេសា​ ១៩៧៥​-​១៦​ មេសា​ ២០១៩)​។ ​តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​មិន​ដែល​និយាយ​នឹង​មិន​មាន​សិទ្ធិ​និយាយ​ពាក្យ ​(​រក្សា​ការពារ​ដូច​ការ​ពារ​ប្រស្រី​ភ្នែក​) ​ទៀត​ទេ ​ព្រោះ​ខ្ញុំ​ខ្លួន​ឯង​ បាន​បាត់​បង់​ប្រស្រី​ភ្នែក​ឆ្វេង​រួច​ទៅ​ហើយ​»​។ ​ទាំង​នេះ ​គឺ​ជា​សំណេរ​ប្រកប​ដោយ​ភាព​ឈឺ​ចាប់​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​បង្ហោះ​នៅ​លើ​គណនីយ​ហ្វេស​បុក​របស់​លោក​ នៅ​ថ្ងៃទី​ ១៦ ​មេសា​នេះ ​ចំ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ប្រពៃ​ណី​ជា​តិ​។

​តាម​រយៈ​សំណេរ​នេះ ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ បាន​រៀប​រាប់​ថា ​លោក​ពិត​ជា​ឈឺ​ខ្លាំង​ណាស់ ​នៅ​ពេល​ដែល​លោក​ត្រូវ​របួស ​នឹង​គ្រូពេទ្យ​បាន​វះយក​កែវ​ភ្នែក​លោក​ចេញ​។​ ជា​មួយ​នឹង​សំណេរ​បែប​នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ក៏​បាន​ផ្តាំ​ប្រាប់​យុវជន​កម្ពុជា​ថា ​នេះ​ហើយ ​គឺ​ជារសជាតិ​នៃ​យុវជន​ក្នុង​សម័យ​សង្គ្រាម​។ ​ខ្លះ​ពលី​ជីវិត​ ខ្លះ​ដាច់​ដៃ​ដាច់​ជើង​ និង​ខ្លះ​ពិការ​ភ្នែក​ជា​ដើម​។ ​បន្ថែម​លើ​នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន​ សែន​ មិ​នភ្លេច​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ជួយ​ការពារ​សន្តិភាព​ដែល​រក​បាន​ដោយ​លំបាក​ នឹង​កុំ​អោយ​សង្រ្គា​មកើត​ឡើង​ជាថ្មី ​នៅលើ​ទឹក​ដី​កម្ពុជា។

ការ​រំលឹក​ម្តង​ហើយ​ម្ត​ង​ទៀត ​ពី​ការ​ការពារ​សន្តិភាព​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែ​ន​នេះ ​គឺ​ស្រប​ពេល​ដែល​អតីត​ប្រធាន​គណបក្សប្រឆាំង​លោក ​សម ​រង្ស៊ី ​ដែល​កំពុង​នីរទេស​ខ្លួ​ន​នៅ​ក្រៅ​ប្រទេស​ បាន​អំពាវ​នាវ​ម្តង​ហើយ​ម្តង​ទៀត​ ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ​លោក ស​ម ​រង្ស៊ី ​កាល​ពី​ថ្ងៃទី​ ១៤​ មេសា ដោយ​ភ្ជាប់​ជា​មួយ​នូវ​សារ​ជូនពរ​ដល់​ប្រជាពលរដ្​ឋកម្ពុជា​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ក៏​បាន​ឆ្លៀត​បញ្ចូល​សារ​នយោបាយ​ផង​ដែរ ​ដោយ​លោក​សុំ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រួច​ផុត​ពី​អំណាច​ផ្តាច់​ការ​ដែលលោក​ចង់សំដៅ​ទៅការ​គ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែ​ន​។ ​មិន​តែ​ប៉ុ​ណ្ណោះ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ​បាន​ភ្ជាប់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្ស​នៅ​កម្ពុជា​ ទៅ​នឹង​បណ្តា​មេដឹកនាំ​ផ្តាច់ការ​និង​កាន់​អំណាច​យូឆ្នាំ​នៅ​លើ​ពិភព​លោក​ និង​ដែល​កំពុង​ធ្លាក់​ចេញ​ពី​អំណាច​ជា​បន្ត​បន្ទាប់​។

​​យ៉ាង​ណា​ក៏​ដោយ ​នៅចុ​ង​បញ្ចប់​នៃ​សំណេរ​របស់​ខ្លួន​ លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន​ សែន ​បាន​សរសេរ​ឃ្លា​នៅ​ក្នុង​រង្វង់​​ក្រចក​ថា ​«លា​ហើយ​សង្គ្រាម ​ស្វាគមន៍​ការ​អភិវឌ្ឍ​» ដែល​មាន​ន័យ​ថា ​លោក​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ជា​ថ្មី​ ដែល​បាន​ធ្វើ​ឲ្យ​លោក​បាត់បង់​ប្រស្រីភ្នែក​ឆ្វេង​នោះ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ