អានតួអត្ថបទ
កម្ពុជា

លោក​​សម រង្ស៊ី ​ចាក​​ចេញពី​​ប្រទេស​​បារាំង​​តម្រង់​​មក​​ប្រទេស​​ក្នុង​​តំប​ន់​អាស៊ី​​ក្បែរ​​កម្ពុជា​

នៅ​យប់មិញ​នេះ លោក​សម រង្ស៊ី បាន​ឡើង​យន្តហោះ​ចេញពី​ប្រទេស​បារាំង​ឆ្ពោះ​មក​ប្រទេសមួយ​នៅ​តំបន់​អាស៊ាន ដើម្បី​ត្រៀម​ចូលមក​ប្រទេស​កម្ពុជា​តាម​ការសន្យា​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា​នេះ។ មុន​ឡើង​យន្តហោះ លោក​ប្រធានស្តីទី​អតីត​បក្សប្រឆាំង បាន​ថ្លែង​សារ​សុំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ជឿជាក់​លើ​លោក និង ថ្នាក់ដឹកនាំ​ដទៃទៀត ក្នុងការ​រៀបចំ​ដំណើរ​ចូលមក​ប្រទេស​កម្ពុជា​វិញ។

លោកសម រង្ស៊ី ចាកចេញពីប្រទេសបារាំងតម្រង់មកប្រទេសក្នុងតំបន់អាស៊ីក្បែរកម្ពុជា
លោកសម រង្ស៊ី ចាកចេញពីប្រទេសបារាំងតម្រង់មកប្រទេសក្នុងតំបន់អាស៊ីក្បែរកម្ពុជា @FB
ផ្សាយពាណិជ្ជកម្ម

ពី​ព្រលានយន្តហោះ​នៅ​ប្រទេស​បារាំង លោក​សម រង្ស៊ី តាមរយៈ​វីដេអូ​ឃ្លី​ប​ខ្លី​មួយ​បាន​អះអាងថា ដំណើរការ​មាតុភូមិនិវត្តន៍​របស់​លោក​មិន​ថយក្រោយ​ទេ ហើយ​ការខិតខំ និង ការលះបង់​របស់លោក និង ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​ក៏​មិន​ចុះថយ​ដែរ គឺ​កាន់តែខ្លាំងឡើង។ ដូច្នេះហើយ លោក​សុំឱ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​លោក​ជឿជាក់​លើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​នេះ។ លោក​សម រង្ស៊ី បានលើកឡើង​បែបនេះ មុន​លោក​ឡើង​យន្តហោះ​មកកាន់​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ាន​នេះ ដែល​គេ​ដាក់​ការសង្ស័យថា ទំនងជា​ប្រទេស​ម៉ាឡេស៊ី មុនពេល​បន្តដំណើរ​ចូលមក​ប្រទេស​កម្ពុជា​តាម​ការគ្រោងទុក។

សូម​រំលឹក​ជូន​បន្តិច​ថា កាលពី​ថ្ងៃទី០៧ ខែវិច្ឆិកា លោក​សម រង្ស៊ី បានទទួល​បរាជ័យ​ក្នុង​ការឡើង​យន្តហោះ​មកកាន់​ប្រទេស​ថៃ​ម្តង​រួចហើយ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways មិន​អនុញ្ញាតឱ្យ​លោក​ឡើង​យន្តហោះ។ ក្រុមហ៊ុន Thai Airways ប្រចាំ​ប្រទេស​បារាំង បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI តាម​សារ​អេឡិចត្រូនិក​ថា ការមិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ឡើង​យន្តហោះ គឺធ្វើឡើង​តាម​បទបញ្ជា​របស់​ប៉ូលីស​ថៃ។ កាលពី​ថ្ងៃទី០៦ ខែវិច្ឆិកា នាយករដ្ឋមន្ដ្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ឆា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​ដាក់ចេញ​បទបញ្ជា​រួចហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ឆ្លង​ចូលមក​កម្ពុជា​ទេ។

តាម​គម្រោង លោក​សម រង្ស៊ី និង ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​នឹង​ដឹកនាំ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារ​ប៉ោយប៉ែត។ ប៉ុន្តែ​ទាំង​នៅ​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត និង​ច្រកទ្វារព្រំដែន​កម្ពុជា​ថៃ​ដទៃទៀត ត្រូវបាន​រឹតបន្តឹង​សន្តិសុខ​យ៉ាងខ្លាំង នៅ​ចំពោះមុខ​គម្រោង​របស់លោក សម រង្ស៊ី​នេះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទាហាន​ថៃ​នៅតាម​ច្រកព្រំដែន​កម្ពុជា-ថៃ​វិញ ក៏បាន​បិទ​ប្រកាស​ស្វែងរក​ចាប់ខ្លួន​លោក​សម រង្ស៊ី និង មន្ត្រីជាន់ខ្ពស់​នៃ​អតីត​បក្សប្រឆាំង​មួយចំនួនទៀត​ដែរ។

តែ​ទោះជា​បែបនេះ​ក្តី លោក​សម រង្ស៊ី បាន​អះអាងថា ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​នៅតែ​ទៅមុខ។បន្ថែម​លើ​នេះ លោក​ថែមទាំង​គូសបញ្ជាក់​ទៀតថា ផែនការ​មក​កម្ពុជា​វិញ​របស់លោក​សម្រេច​ជោគជ័យ​បាន៧០ភាគរយហើយៗនឹង​សម្រេចបាន១០០ភាគរយ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ