អានតួអត្ថបទ
កម្ពុជា

លោ​កស្រី​​ពុង ឈី​វ​កេក ​បដិសេធ​​តំណែង​​សមាជិក​​ទី៩​នៃ​​គ.ជ.ប​​ថ្មី​

លោកស្រី​ពុង​ ឈី​វ​កេក ​នាយិកា​​អង្គការ​​លីកាដូ ​​​នៅ​​ព្រឹក​​ថ្ងៃ​​អង្គា​រ​ទី​៣១​ មីនា​​នេះ ​បាន​​បដិសេធ​​ជា​​ផ្លូវការ​​ក្នុង​ការ​​ទទួល​យក​​តំណែង​​ជា​​សមាជិក​​ទី៩​នៃ​​គណៈកម្មាធិការ​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ថ្មី​។ ​ការមិ​ន​​ទទួល​យក​​តំណែង​​នេះ ​ត្រូវ​បាន​​លោក​ស្រី​​នាយិកា​​អង្គការ​​លីកាដូ ​បញ្ជាក់​ថា ​ដោយសារ​តែ​​គណៈ​ក​ម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត​​ថ្មី​​នេះ ​មិន​អាច​​ធានា​ថា​ អនុវត្ត​​ការងារ​​ប្រកប​ដោយ​​ឯករាជ្យ ​និង​​អ​ព្យា​ក្រិត​។

លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ
លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោកស្រី​ពុង ឈី​វ​កេក នាយិកា​អង្គការ​លីកាដូ បានសម្រេច​បដិសេធចោល​តំណែង​ជា​សមាជិក​ទី៩នៃ​គណៈ​ក​ម្មា​ធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី។ លោកស្រី​ពុង ឈី​វ​កេក បាន​លើកឡើងថា មូល​ហេតុដែល​លោកស្រី មិនអាច​ទទួល​យក​តំណែង​នេះ​បាន ព្រោះថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ មិនអាច​ធានាថា អនុវត្ត​ការងារ​ប្រកបដោយ​ឯករាជ្យ និង​អ​ព្យា​ក្រិត។

ក្រៅពី​ហេតុផល​ទាំងនេះ បញ្ហា​កំណត់​សញ្ជាតិ​នៅក្នុង​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ក៏​ជា​ហេតុផល​មួយទៀត​នៃ​ការសម្រេច​បដិសេធចោល​នូវ​តំណែង​នេះ​របស់​លោកស្រី​ពុង ឈី​វ​កេក​ផងដែរ។ ក្នុង​ច្បាប់​នោះ គណបក្ស​ទាំងពីរ​បានកំណត់​ឲ្យ​សមាជិក​គ.ជ.ប​ត្រូវ​មានតែ​សញ្ជាតិ​ខ្មែរ​តែមួយ ក៏ប៉ុន្តែ​លោកស្រី​ពុង ឈី​វ​កេក មាន​សញ្ជាតិ​បរទេស​ដល់​ទៅ​ពីរ​ឯណោះ។

សូម​រំលឹក​ជូន​ថា តំណែង​ឯករាជ្យ​ក្នុងឋានៈ​ជា​សមាជិក​ទី៩នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ស្នើសុំ​លោកស្រី​ពុង ឈី​វ​កេក តាមរយៈ​លិខិត​ជា​លាយលក្ខណ៍អក្សរ​ដាច់​ដោយ​​ឡែក​ពី​គ្នា​​ផ្ញើ​ទៅកាន់​លោកស្រី កាលពី​ថ្ងៃទី២៨ កក្កដា​ឆ្នាំ២០១៤។ ភា្លមៗ លោកស្រី​បាន​យល់ព្រម​ទទួលយក​តំណែង​នេះ តែមាន​លក្ខខណ្ឌ​ដោយ​តម្រូវ​ឲ្យ​គ.ជ.ប​ថ្មី​ត្រូវ​ធានាថា អនុវត្ត​ការងារ​របស់ខ្លួន​ប្រកបដោយ ឯករាជ្យ និង​អ​ព្យា​ក្រិត។ ប៉ុន្តែ​គ.ជ.ប​ថ្មី​នេះ គឺ​ខុសពី​អ្វីដែល​លោកស្រី​ពុង ឈី​វ​កេក បានទាមទារ​ទើប​ធ្វើ​ឲ្យ​លោកស្រី​សម្រេច​មិន​ទទួលយក​តំណែង​នេះ​តែម្តង។

 
ចំពោះ​ការសម្រេចចិត្ត​របស់លោក​ស្រី​ពុង ឈី​វ​កេក​នេះ លោក​យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការសោកស្តាយ ហើយ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​មកដល់ពេលនេះ​នៅតែ​សុំ​ឲ្យ​លោកស្រី​ធ្វើការ​ពិចារណា​ឡើងវិញ​ចំពោះ​ការបដិសេធ​មិន​ទទួលយក​តំណែង​នេះ។

ផ្ទុយទៅវិញ លោក​ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​គោរព​តាម​ការសម្រេចចិត្ត​រប​ស់លោក​ស្រី។  អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ទោះបី​លោកស្រី​ពុង ឈី​វ​កេក​បដិសេធ​តំណែង​នេះ​ក៏ដោយ ប៉ុន្តែ​វា​នឹងមិន​រាំង​​ស្ទះ​ដល់​​ដំណើរការ​ជ្រើសរើស​សមា​ភាព​គ.ជ.ប​ថ្មី នោះឡើយ។ យ៉ាងណាក៏ដោយ បើតាម​លោក​ឈឹម ផល​វរុណ បេក្ខភាព​សមាជិក​ទី៩ថ្មី នៃ​គណៈ​ក​ម្មា​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ជំនួស​លោកស្រី​ពុង ឈី​វ​កេក​នោះ នឹងត្រូវ​គណបក្ស​ទាំងពីរ​ប្រកាស​ឲ្យ ដឹង​ក្នុង ពេល ឆាប់ ៗខាង មុខ នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ