អានតួអត្ថបទ
កម្ពុជា

ចូល​ឆ្នាំ​ថ្មី​៖​លោក​​កឹម សុខា ​បញ្ចេញ​​សារ​​ចង់​ឱ្យ​មាន​​ដំណោះ​ស្រាយ​​ជា​​វិជ្ជមាន​​ឡើង​វិញ​

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ពោល គឺ​មុន​មួយថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ចូលមក​ដល់ លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​ជូនពរ​ឱ្យ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ជួបតែ​ក្តី​សុខ និង ភាព​រីកចម្រើន។ ជាមួយគ្នានេះ លោក​កឹម សុខា ក៏​សុំ​ឱ្យមាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ឡើងវិញ​ផងដែរ។

ចូលឆ្នាំថ្មី៖ លោកកឹម សុខា បញ្ចេញសារចង់ឱ្យមានដំណោះស្រាយជាវិជ្ជមានឡើងវិញ
ចូលឆ្នាំថ្មី៖ លោកកឹម សុខា បញ្ចេញសារចង់ឱ្យមានដំណោះស្រាយជាវិជ្ជមានឡើងវិញ @Facebook Kem Sokha
ផ្សាយពាណិជ្ជកម្ម

«សូមឱ្យ​ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ​សេរី​សួស្តី ឆ្នាំ​ដែល​ខ្មែរ​វិល​មករក​ដំណោះស្រាយ​ជា​វិជ្ជមាន​វិញ» នេះ​គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​សារ​ជូនពរ​ឆ្នាំ​ថ្មី​ដែល​លោក​កឹម សុខា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ព្រឹក​ថ្ងៃទី១៣ ខែមេសា។ ជាមួយគ្នានេះ លោក​កឹម សុខា ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​គេហដ្ឋាន ក៏បាន​បួង​សួង​សុំឱ្យ​ទេវតា​ឆ្នាំ​ថ្មី​កំចាត់​ចេញពី​កាយ វាចា ចិត្ត​របស់​មនុស្ស ជាពិសេស អ្នកនយោបាយ​ខ្មែរ​នូវ​អកុសលធម៌​ទាំង​ឡាយ​ដូចជា ការ​លោភលន់​គ្មាន​ព្រំដែន ការរំលោភបំពាន ការគំរាមកំហែង អំពើហិង្សា ការ​មួលបង្កាច់​ចោទប្រកាន់ ការ​លាប​ពណ៌ ការជេរប្រមាថ និង ការ​គុំ​គួ​ន​សងសឹក​គ្នា។

តាម​លោក​កឹម សុខា ទាំងអស់នេះ គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ឈឺចាប់ ការបែកបាក់​ក្នុង​សង្គមជាតិ និង​នាំ​ឱ្យ​អាប់ឱន​នូវ​តម្លៃ​ពូជសាសន៍ តម្លៃ​នៃ​អ្នកដឹកនាំ ជាពិសេស​កិត្យានុភាព​ជាតិ។ បន្ថែម​ពីលើ​នេះ លោក​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​សុំឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ប្រោស​ប្រទាន​ពរជ័យ​ឱ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ការរីកចម្រើន ស្ថិតស្ថេរ​គង់​វង់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែលជា​ម្ចាស់​ទឹកដី និង​សូម​ឲ្យ​កម្ពុជា​ចាក​ផុត​គ្រោះថ្នាក់​ទាំងឡាយ​ដែល​បង្កដោយ​ធម្មជាតិ ឬ​ដោ​យម​ហិ​ច្ឆិ​តា​អគតិ​របស់​មនុស្ស។

សារ​របស់លោក​កឹម សុខា​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែលជា​ប្រធាន​គណបក្សកាន់អំណាច និង ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បានចេញ​សារលិខិត​កម្រាស់៥ទំព័រ​ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា។ ក្នុង​សារ​ដ៏​វែង​អន្លាយ​នោះ លោកនាយក​រដ្ឋមន្ត្រី​បាន​លើក​បង្ហាញ​ពី​សមិទ្ធផល​នានា​ដែល​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នា​ឆ្នាំកន្លងមក ក៏ដូចជា​ការរីកចម្រើន​លើ​ផ្នែក​សេដ្ឋកិច្ច​ផងដែរ។

ក្រៅពី​លើក​ពី​បញ្ហា​ទាំងនេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ប្តេជ្ញា​ធ្វើ​អ្វី​គ្រប់បែបយ៉ាង ដើម្បី​បន្ត​រក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​រឹងមាំ ព្រមទាំង​ការពារ​រដ្ឋធម្មនុញ្ញ និង ការពារ​របបរាជានិយម។ បន្ថែម​លើ​នេះ លោក​ហ៊ុន សែន ក៏បាន​បួងសួង​សុំឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​គ្រប់គ្រង ថែរក្សា​ការពារ និង​ប្រសិទ្ធ​ពរជ័យ​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ឱ្យមាន​សមាន​ចិត្តជា​កុសល យោគយល់​គ្នា រួបរួមសាមគ្គី​គ្នា​ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ