អានតួអត្ថបទ
កម្ពជា

ហ្វ៊ុនស៊ិនប៉ិច​​នឹង​​បញ្ជូន​​មេធាវី​​ទៅ​​សិក្សា​​របាយការណ៍​​គ្រោះថ្នា​ក់​ចរាចរណ៍​​លើ​​សម្តេច​ក្រុមព្រះ​

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​ព្រឹក​នេះ បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​បង្ហាញ​ពី​ស្ថានភាព​វិ​វត្ត​នៃ​សុខភាព​របស់​សម្តេចក្រុមព្រះ​ដែល​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​ប្រទេស​ថៃ។ តាម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅពេលនេះ​សម្តេចក្រុមព្រះ បាន​ធូរស្រាល​ច្រើន​ពីរ​បួស​ហើយ។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក៏បាន​អះអាង​ឲ្យ​ដឹង​ដែរ​ថា នឹង​រៀបចំ​បញ្ជូន​មេធាវី​ទៅ​សិក្សា​បន្ថែម​លើ​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​អំពី​ស្ថានភាព​គ្រោះថ្នាក់​ច​រា​រណ៍​លើ​សម្តេចក្រុមព្រះ។

លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​យូ ហុកគ្រី អនុប្រធាន​បក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​អះអាង​ប្រាប់​ក្រុម​សារព័ត៌មាន​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​ទាត់ចោល​នូវ​របាយការណ៍​របស់​សមត្ថកិច្ច​ជុំវិញ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ចំពោះ​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើយ។ របាយការណ៍​អង្កេត​បឋម​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​បាន​បង្ហាញថា ហេតុការណ៍​ដែល​បានកើត​ឡើងលើ​សម្តេចក្រុមព្រះ គឺជា​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ មិនមែនជា​ករណី​ឃាតកម្ម​នោះទេ។ លោក​យូ ហុកគ្រី បាន​លើកឡើងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជឿ​បណ្តោះអាសន្ន​លើ​របាយការណ៍​អង្កេត​បឋម​នេះ ដោយហេតុថា គណបក្ស​មិនបាន​ចូលរួម​ស៊ើបអង្កេត​រឿងនេះ​ជាមួយ​សមត្ថកិច្ច។

ដោយសារតែ​មិនបាន​ចូលរួម​ស៊ើបអង្កេត​នេះហើយ ទើប​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នឹង​រៀបចំ​ប​ញ្ចូ​ន​មេធាវី​ទៅធ្វើ​ការសិក្សា​លើ​របាយការណ៍​នេះ​បានច្បាស់លាស់ ហើយ​ថា ប្រសិនបើ​មានការ​សង្ស័យ​លើ​ចំណុច​ណាមួយ​នោះ នឹង​អាច​ស្នើសុំ​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​បន្ថែម។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​យូ ហុកគ្រី​ដដែល។ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ ក៏បាន​អះអាង​ទៀតថា ចំពោះ​ការដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​លើ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ គណបក្ស​មិនទាន់​សម្រេច​នៅឡើយ​ទេ ដោយ​រង់ចាំ​ការសម្រេច​ព្រះទ័យ​ពី​សម្តេចក្រុមព្រះ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​កាលពី​ថ្ងៃទី១៧ ខែមិថុនា​កន្លងទៅ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ឆក់យក​ជីវិត​អ្នក​ម្នាង​អ៊ុក ផល្លា ចំណែក​សម្តេចក្រុមព្រះ​វិញ​បាន​រងរបួស​ធ្ងន់ធ្ងរ។ នៅពេលនេះ សម្តេចក្រុមព្រះ​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​ថៃ។ លោក​យូ ហុកគ្រី បាន​ប្រាប់​ឲ្យ​ដឹងថា ព្រះរាជសុខភាព​របស់​ទ្រង់​បាន​ធូរស្បើយ​ច្រើន​ហើយ ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់​បានទេ​ថា​តើ​សម្តេចក្រុមព្រះ​នឹង​យាង​មក​ប្រទេស​កម្ពុជា​វិញ​នៅពេលណា​នោះ។

យ៉ាងណាក៏ដោយ បើតាម​លោក​យូ ហុកគ្រី គ្រោះ​ថ្នាក់លើ​សម្តេច​ក្រម​ព្រះ​នេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​របស់​គណបក្ស​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ឡើយ ព្រោះ​គណបក្ស​បាន​បង្កើត​គណកម្មការ​មួយ​ដើម្បី​ដឹកនាំ​កិច្ចការ​នេះ។ មិនតែប៉ុណ្ណោះ គ្រោះថ្នាក់​នេះ​ក៏​មិនបាន​ប៉ះពាល់​ដល់​ទឹកចិត្ត​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ហ៊ុនស៊ិនប៉ិច​ដែរ ដោយ​ជំនួស​មកវិញ​លោក​យូ ហុកគ្រី​ជឿថា គ្រោះថ្នាក់​នេះ​បាន​ទាញ​សមានចិត្ត និង​ការអាណិតអាសូរ​ពី​សំណាក់​ប្រជាពលរដ្ឋ​មកលើ​សម្តេចក្រុមព្រះ និង​គណបក្ស​ហ៊ុនស៊ិនប៉ិច។ តាមរយៈ​លោក​យូ ហុកគ្រី សម្តេចក្រុមព្រះ​ពី​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក​បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យគ្រប់ៗគ្នា​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ