អានតួអត្ថបទ
កម្ពុជា

សង្គមស៊ីវិល​ចំនួន​៥២ ​ប្រកាស​បើក​យុទ្ធនាការ​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​ម​ន្ត្រី​គ.ជ.ប​

អង្គការ​សង្គមស៊ីវិល​ចំនួន ​៥២​ស្ថាប័ន​បាន​ប្រកាស​បើក​យុទ្ធនាការ​រួមគ្នា​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្រ្តី​សិទ្ធិ​​មនុស្ស​៤នាក់​ និង ​មន្ត្រី​គ.ជ.ប​ម្នាក់​ទៀត​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​។ ​យុទ្ធនាការ​របស់​សង្គមស៊ីវិល​នេះ ​បាន​ចាប់ផ្តើម​ឡើង​ស្រប​ពេល​ដែល​មន្រ្តី​ទាំង​៥នាក់​នេះ ​បាន​ជាប់ឃុំ​អស់​រយៈ​ពេល​១០២​ថ្ងៃ​មក​ហើយ​គិត​ត្រឹម​ថ្ងៃនេះ​។​

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល១២ថ្ងៃ មកហើយ។ ​
មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល១២ថ្ងៃ មកហើយ។ ​
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការនេះ ​គឺ​ធ្វើឡើង​តាម​រយៈ​ការ​សរសេរ​លើ​កាតប៉ូស្កាល់​របស់​មន្ត្រី​សង្គមស៊ីវិល ​និង ​ប្រជាពលរដ្ឋ​នានា ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្រ្តី​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤ ​នាក់​ និង ​មន្ត្រី​គ​.ជ.ប​ម្នាក់ទៀត​គឺ​លោកនី ចរិយា​។ ​កាត​ប៉ូស្កាល់​ទាំង​នេះ ​ពួកគេ​អាច​ទទួល​បាន​ពី​អង្គការ​សង្គមស៊ីវិល​ទាំង​៥២ ​ដែល​បាន​រួមគ្នា​បង្កើត​យុទ្ធនាការ​នៅ​ពេលនេះ​។​
 

ក្រុមអង្គការសង្គមស៊ីវិល​បាន​បញ្ជា​ក់​ថា ​ការ​ធ្វើ​យុទ្ធនាការ​ថ្មី​តាមរយៈ​ការ​សរសេរ​ពាក្យ​លើក​ទឹកចិត្ត​លើ​កាត​ប៉ូស្កាល់​នេះ ​គឺជា​ការគាំទ្រ​ចំពោះ​អ្នក​កំពុង​ជាប់ឃុំ​ទាំង ៥នាក់​ និង ​ដើម្បី​រំលឹក​​ពួកគាត់​ថា ​សាធារណជន​មិនបាន​បំភ្លេចចោល​នូវ​បុព្វហេតុ​ការពារ​សិទ្ធិ​មនុស្ស​របស់​ពួកគាត់​ទាំងនេះ​ឡើយ​។ ​យុទ្ធនាការនេះ​ដែរ​ គឺ​ជា​កិច្ចការ​បន្ថែម​លើ​ការ​តស៊ូមតិ​ថ្នាក់ជាតិ​ ថ្នាក់​តំបន់​ និង​អន្តរជាតិ ​ហើយ​ក្រុម​អង្គការ​សង្គមស៊ីវិល​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ដល់​អ្នក​កំពុង​ជាប់ឃុំ​តាមរយៈ​ការ​ផ្ញើ​សារ​នៅ​លើ​កាត​ប៉ូស្កាល់ ​ហើយ​កាត​ប៉ូស្កាល់​ទាំងនេះ​នឹង​បញ្ជូន​បន្ត​ទៅដល់​អ្នកទាំង ៥​ រហូត​ដល់​ពួកគេ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ​លើស​ពីនេះ​ ក្រុម​សង្គមស៊ីវិល​ ក៏នឹង​ផ្សាយ​ប័ណ្ណ​ព័ត៌មាន​ជាទៀងទាត់​នៅតាម​បណ្ដាញ​សង្គ​ម​ហ្វេសប៊ុក ​និង ​ធ្វីតទ័រ​ផងដែរ​។ ​
 

អង្គការសង្គមស៊ីវិល​ដែល​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ ​រួមមាន​ដូចជា ​អង្គការអាកសិន អេដ​កម្ពុជា​ មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា ​គណៈកម្មារធិការ ​ដើ​ម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​ ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ សមាគម​គ្រូបង្រៀន​ អង្គការ​លើកលែង​ទោស​អន្តរជាតិ ​និង ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ជាដើម​។​

 

គួរកត់​សម្គាល់ថា ​យុទ្ធនាការថ្មី​នេះ ​បាន​ធ្វើឡើង​ស្របពេល​ដែល​សកម្មជន​ដីធ្លី​មួយចំនួន​នៅក្នុ​ង​ប្រទេសកម្ពុជា ​បាន​បើក​ធ្វើយុទ្ធនាការ​ថ្ងៃចន្ទ​ពណ៌ខ្មៅ ​និង ​ថ្ងៃចន្ទ​ពណ៌ស​ជា​រៀងរាល់​សប្តាហ៍​ ក្នុង​គោលបំណង​ទាមទារ​ឲ្យមាន​ការដោះលែង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង ​សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក​ ។​ សកម្មជន​សិទ្ធិមនុស្ស​អាដហុក​ទាំង៤នាក់​រួមមាន​លោក​ នី សុខា ​លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា ​និង ​អ្នកស្រី លឹម មុនី​ ។​ ពួកគេ​ ​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពី​បទសូក​ប៉ាន់​សាក្សី​។ ​ចំណែក​លោកនី ចរិយា ​អគ្គលេខាធិការរង​គ.ជ.ប​វិញ ​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុងរឿង​សូកប៉ាន់​សាក្សី​នៅ​ក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​ដ៏ស្មុគ​ស្មាញ​រវាង​លោកកឹម សុខា​ និង ​កញ្ញាខុម ចាន់តារ៉ាទី​ហៅស្រីមុំ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ