អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ច្រាន​ចោល​ព័ត៌មាន​មន្ត្រី​យោ​ធា​ឥណ្ឌូណេស៊ី​​និយាយ​អំពី​ការ​ដក​ទ័ព​

ក្រោយ​ពី​​បាន​​ជួប​​ប្រជុំ​​គ្នា​​កាល​ពី​​ខែ​​ធ្នូ​​កន្លង​​ទៅ​ គណៈកម្មា​ធិការ​​ព្រំដែន​​ទូទៅ​​បាន​​សម្រេច​​បង្កើត​​ក្រុម​​ការងារ​​ចម្រុះ​​ខ្មែរ​ថៃ​​មួយ​​ដើម្បី​​ដឹក​នាំ​​ការ​​អនុវត្តន៍​​ដីកា​​បង្គាប់​​របស់​​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​​ទាក់ទង​​នឹង​​ការ​​ដក​​កងទ័ព​​ចេញ​​តំបន់​​ដែល​​គ្មាន​​កងទ័ព​​បណ្តោះ​​អាសន្ន។​​ រហូត​​ដល់​​ពេល​​នេះ​ ថៃ​​នៅ​​មិន​​ទាន់​​បង្ហើប​​អំពី​​កាល​​បរិច្ឆេទ​​កិច្ច​​ប្រជុំ​​នេះ​​នៅ​​ឡើយ​ទេ។​ ប៉ុន្តែ​​មន្ត្រី​​យោធា​​ឥណ្ឌូណេស៊ី​​បាន​​​និយាយ​​ថា ​ឥណ្ឌូណេ​ស៊ី​​នឹង​​ត្រូវ​​ពង្រាយ​​បុគ្គលិក​​សង្កេតការណ៍​​របស់​​ខ្លូន​​នៅ​​ថ្ងៃ​​ដើម​​ខែ​​ឧសភា​​ខាង​មុ​ខ។​ ជា​​កាល​បរិច្ឆេទ​​ដែល​​កម្ពុជា​​មិន​​ទាន់​​អះអាង​​នៅ​​ឡើយ។​

កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ​(GBC)​ លើក​ទី​៨ (រូបឯកសារ)
កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ​(GBC)​ លើក​ទី​៨ (រូបឯកសារ) RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​អះអាង​ថា​ខ្លួន​កំពុង​រង់ចាំ​ការ​អញ្ជើញ​ពី​ភាគី​ថៃ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ថ្លែង​បញ្ជាក់​ផងដែរ​ថា​ខ្លួន​មិន​បាន​ដឹង​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​សង្កេតការណ៍​ឥណ្ឌូនេស៊ី​នៅ​ដើម​ខែ​ឧសភា​ដែល​មន្ត្រី​យោធា​ឥណ្ឌូនេស៊ី​បាន​និយាយ​ប្រាប់​សារព័ត៌មាន​នោះ​ឡើយ។

 
នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​លើក​ទី​៨​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២១​ធ្នូ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទាំង​ពីរ​កម្ពុជា​ថៃ បាន​ព្រមព្រៀង​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ​ដែល​នឹង​សម្រេច​អំពី​កាលបរិច្ឆេទ​និង​ត្រួត​ពិនិត្យ​លើ​ការងារ​ដក​កងទ័ព​តាម​ដីកា​បង្គាប់​របស់​តុលាការ​​ឡាអេ។

យោងតាម​ការ​ព្រមព្រៀង កិច្ច​ប្រជុំ​លើក​ទី​មួយ​នៃ​ក្រុម​ការងារ​ចម្រុះ​Joint working Groupនឹង​ត្រូវ​រៀបចំ​ដោយ​ប្រទេស​ថៃ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ខ្មែរ លោក​ឧត្តមសេនីយ​ឯក​ឈុំ សុជាតិ​បាន​អត្ថាធិប្បាយ​ថា លោក​មិន​បាន​យល់​ថា​ហេតុអ្វី​បាន​ជា​មាន​ព័ត៌មាន​ស្តី​ពី​ពេល​វេលា​​នៃ​ការ​ពង្រាយ​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​នៅ​ដើម​ខែ​ឧសភា​នោះ​ឡើយ។

មន្ត្រីយោធាជាន់ខ្ពស់​របស់​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា គឺ​ក្រុម​ការងារ​ចម្រុះ​ដែល​ត្រូវ​ប្រជុំ​នៅ​ប្រទេស​​​ថៃ​នៅ​ក្នុង​ខែ​មករា​នេះ​ហើយ​ដែល​ត្រូវ​កំណត់​អំពី​ការងារ​អនុវត្ត​ការ​ដក​កងទ័ព​នោះ។
ទាក់ទងនឹង​ក្រុម​ការងារ​ភាគី​កម្ពុជា​វិញ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លោក​ទៀ បាញ់​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កម្ពុជា​បាន​បង្កើត​ក្រុមការងារ​នេះ​រួចហើយ ដែល​មាន​សមាជិក​ជិត​២០នាក់ហើយ​ដឹកនាំ​ដោយ​លោក​នាយ​ឧត្តមសេនីយ​ នាង ផាត​រដ្ឋលេខាធិការ​​​​​ក្រសួង​​ការពារ​ជាតិ។

សម្រាប់​លោក​កុយ គួង​ដែល​ជា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វិញ មិន​ថា​ការ​ដក​កងទ័ព​ត្រូវ​ធ្វើ​នៅ​ពេលណា​នោះ​ឡើយ តែ​ការ​ដកកងទ័ព​ត្រូវ​ធ្វើ​នៅ​ក្នុង​វត្តមាន​របស់​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី។ គួរ​បញ្ជាក់​ថា ក្រុម​អ្នកសង្កេតការណ៍​ត្រូវ​បាន​ផ្លាស់ប្តូរ​ពី​ឥណ្ឌូនេស៊ី​តែ​ឯង មក​ជា​ក្រុម​ចម្រុះ​ដែល​ត្រូវ​មាន​កម្ពុជា​និង​ថៃ​រួមគ្នា​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ