អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​វៀតណាម​​ឯកភាព​​អនុវត្ត​​សន្ធិសញ្ញា​​ព្រំដែន​​និង​​ការពារ​​អាណិកជន​

បន្ទាប់​ពី​​បញ្ចប់​​ទស្សនកិច្ច​​រយៈពេល​​ពីរ​​ថ្ងៃ​​នៅ​​កម្ពុជា​​របស់​​ប្រធានាធិបតី​​វៀតណាម ​លោក ​ជ្រឿ​ង តឹង​សាង ​(Truong Tan Sang ) ​ទីក្រុង​ភ្នំពេញ​​និង​​ហាណូយ​​បាន​បញ្ជាក់​​ជាថ្មី​​អំពី​​ការ​ឯកភាព​​ជាមួយគ្នា​​ក្នុង​ការ​​អនុវត្ត​​ឲ្យ​​មាន​​ប្រសិទ្ធភាព​​នូវ​​សន្ធិសញ្ញា​​និង​​កិច្ចព្រមព្រៀង​​ទាំង​ឡាយ​​ស្តី​ពី​​បញ្ហា​​ព្រំដែន​។ ​ភាគី​​ទាំងពីរ​​ក៏​បាន​​ឯកភាព​​ការពារ​​អាណិក​ជន​​រៀង​ខ្លួន​​ដែល​​រស់នៅ​​ក្នុង​ប្រទេស​នីមួយៗ​ផង​ដែរ​។​

​លោក​​ជ្រឿ​ង តឹង​សាង ​ប្រធានាធិបតី​វៀតណាម​(ឆ្វេង)​ និង​លោកទៀ បាញ់ ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​
​លោក​​ជ្រឿ​ង តឹង​សាង ​ប្រធានាធិបតី​វៀតណាម​(ឆ្វេង)​ និង​លោកទៀ បាញ់ ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ដែលមាន១១ចំណុច កម្ពុជា​និង​វៀតណាម​បាន​ឯកភាព​និង​បញ្ជាក់​សាជាថ្មី​អំពី​បញ្ហា​ជាច្រើន​ក្នុងនោះ ភាគី​ទាំងពីរ​អះអាងថា​នឹង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​បណ្តា​សន្ធិសញ្ញា​និង​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

កម្ពុជា​និង​វៀតណាម​ក៏បាន​ប្តេជ្ញា​បញ្ចប់​ការងារ​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់​ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ។ ទីក្រុង​ភ្នំពេញ​និង​ហាណូយ​ក៏បាន​ឯកភាព​បង្កលក្ខណៈ​ងាយស្រួល​ប្រកបដោយ​យុត្តិធម៌​ដល់​អាណិកជន​វៀតណាម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​និង​អាណិកជន​កម្ពុជា​ដែល​កំពុង​រស់នៅ​លើទឹក​ដី​វៀតណាម។ ក្រៅពីនោះ ភាគី​ទាង​ពីរ​ក៏បាន​ឯកភាព​ជំរុញ​ពាណិជ្ជកម្ម​រវាង​គ្នា​ឲ្យ​បាន​ដល់ ៥០០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៥ ។

គួរ​កត់សម្គាល់ថា សន្ធិសញ្ញា​និង​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​ព្រំដែន​និង​បញ្ហា​អាណិកជន​វៀតណាម​ដែល​រស់​នៅលើ​ទឹកដី​កម្ពុជា​គឺជា​បញ្ហា​ដែល​មេដឹកនាំ​វៀតណាម​តែង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ហើយ​តែង​បាន​រម្លឹក​ជានិច្ច​នៅ​រាល់ពេល​មាន​ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម​មក​កម្ពុជា​ឬក៏​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម។ ប្រធានបទ​ដដែល​នេះ​ក៏ត្រូវ​បាន​លោក ជ្រឿ​ង តឹង​សាន ប្រធានាធិបតី​វៀតណាម​បានលើកឡើង​ជាថ្មីទៀត​នៅក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​ខ្មែរ ។

លោក ជ្រឿ​ង តឹង​សាង បានមក​ដល់​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី២៣ធ្នូ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ ទស្សនកិច្ច​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី។ ក្នុងអំឡុង​ទស្សនកិច្ច​នេះ ប្រមុខរដ្ឋ​ក្រុង​ហាណូយ​បាន​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ និង​បាន​ជួប​ជាមួយ​លោក​ជា ស៊ីម ប្រធាន​ព្រ​ទ្រឹ​ទ្ធ​សភា លោក ហេង សំរិន ប្រធាន​រដ្ឋ​ភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​សម្តេចព្រះសង្ឃរាជ​ខ្មែរ​ទាំង​ង​ពីរ​គណៈ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ