អានតួអត្ថបទ
កម្ពុជា

សមត្ថកិច្ច​មិន​ប្រាប់​ពី​កន្លែង​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ និង​កម្មករ ២៣​នាក់​ ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​​

រហូតមកទល់​ថ្ងៃនេះ គ្មាន​អ្នកណា​ដឹង​ពិត​ប្រាកដថា សកម្មជន​សិទ្ធិមនុស្ស​និង​កម្មករ​សរុប ២៣នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ត្រូវបាន​គេ​ឃុំខ្លួន​នៅ​ទីកន្លែង​ណា ឬ​មាន​សុខទុក្ខ​យ៉ាងណា​នោះទេ។ អ្នកការពារ​សិទ្ធិមនុស្ស​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា ជន​ត្រូវ​ចោទ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ផ្លាស់ប្តូរ​ទៅ​ពន្ធនាគារ​នៅក្រៅ​រាជធានី​ហើយ តែ​អាជ្ញាធរ​មិនទាន់បាន​អនុញ្ញាតអោយ​ចូល​សួរសុខទុក្ខ​ពួកគេ​នៅឡើយ​ទេ។

ការប៉ះទង្គិចរវាងកម្មករនិងកងកម្លាំង នៅថ្ងៃព្រហ ទី 02 មករា 2014
ការប៉ះទង្គិចរវាងកម្មករនិងកងកម្លាំង នៅថ្ងៃព្រហ ទី 02 មករា 2014 RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​សរុប ២៣នាក់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាលពី​សប្តាហ៍​មុន មិនទាន់​ត្រូវបាន​សមត្ថកិច្ច​បង្ហើប​អោយដឹងពី​កន្លែង​ដែល​ត្រូវ​ឃុំខ្លួន​ឡើយ។ នេះ​បើតាម លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី៧ មករា​នេះ។ 

អ្នកការពារ​សិទ្ធិ​អង្គការ​លីកាដូ បាន​បញ្ជាក់ថា សូម្បីតែ​ជន​ត្រូវ​ចោទ​បាន​រងរបួស​ក៏​សមត្ថកិច្ច​មិនបាន​អនុញ្ញាតអោយ​អង្គការសិទ្ធិមនុស្ស​ជួយ​ពិនិត្យ​របួស​ដែរ។ តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន​ពី​សកម្មជន​សិទ្ធិមនុស្ស ជន​ត្រូវ​ចោទ​ទាំង ២៣នាក់ ទំនង​ជាប់ឃុំ​ខ្លួន​នៅ ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្តកំពង់ចាម។

ប្រតិកម្ម​តប​នឹង​ការចោទប្រកាន់​នេះ លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បកស្រាយ​ថា វា​ជា​សិទ្ធ​របស់​តុលាការ​ក្នុង​ការឃុំ ឬ​បញ្ជូនទៅ​កន្លែង​ណាមួយ តែ​លោក​បដិសេធ​មិន​ពន្យល់​ពី​ការព្យាយាម​លាក់បាំង​ជន​ត្រូវ​ចោទ​ទាំង​នោះទេ​ដោយ​គ្រាន់តែ​អះអាងថា អាចមាន​មូលហេតុ​ជាក់លាក់​អ្វីមួយ។ លោក​ជឿជាក់ថា ជន​ត្រូវ​ចោទ​ដែល​រងរបួស​នឹងត្រូវ​បាន​ព្យាបាល​ដោយ​ពេទ្យ​ក្នុង​ពន្ធនាគារ ដែលជា​ក្រមសីលធម៌​ទូទៅ ដោយ​គ្មាន​ការរើសអើង​ឡើយ។

សម្រាប់​លោក អំ សំអាត ការព្យាយាម​លាក់បាំង​ពី​សុខទុក្ខ​ជន​ត្រូវ​ចោទ​ទាំងនេះ​ទំនងជា​ខ្លាច​បែក​រឿង​ធ្លាយ​អាថ​កំបាំង​ទាក់ទង​នឹង​ការចោទប្រកាន់​ទៅលើ​សកម្មជន​ទាំងនោះ។ លោក​បាន​ជឿជាក់ថា ទាំង​តុលាការ និង​សមត្ថកិច្ច​បាន​ព្យាយាម​លាក់បាំង​ពី​កន្លែង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដែល​ត្រូវបាន​គេ​ស្គាល់​អត្ត​សញ្ញា មានដូចជា លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេ​ង សាវឿន អ្នកសំរបសំរួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ចាន់ ពុទ្ធិ​ស័​ក្កិ សហគមន៍​បឹងកក់ កម្មករ តំណាង​សហជីព ប្រជាពលរដ្ឋ។ ការព្យាយាម​លាក់​បំបាំង​ពី​សុខទុក្ខ​ជន​ត្រូវ​ចោទ​ទាំងនោះ ត្រូវបាន​អ្នកការពារ​សិទ្ធិមនុស្ស​រូបនេះ​យល់ថា មិនគួរ​មាន​ឡើយ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ