អានតួអត្ថបទ
កម្ពុជា

កម្ពុជា​អំពាវនាវ​រក​ថវិកា​អភិវឌ្ឍន៍​ដំណាំ​សូត្រ

កម្ពុជា​កំពុង​ស្វែងរក​ជំនួយ​ថវិកា​ ដើម្បី​ដាំមន​លើផ្ទៃដី ​៤០០០ហិចតា​ ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​​​ចំនួន ២ម៉ឺននាក់ ​ចេញ​ពី​ភាពក្រីក្រ។ ប្រសិន​បើ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ វា​នឹង​អាច​ឆ្លើយតប​តម្រូវការ​របស់​កម្ពុជា​ដែល​តែង​នាំចូល​សរសៃ​សូត្រ​ឆៅ​ចំនួន​​​ ៤០០តោន ​ក្នុង​មួយ​ឆ្នាំ​ពី​បរទេស​នោះ។

តម្បាញសូត្រ នៅកម្ពុជា
តម្បាញសូត្រ នៅកម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

 

តម្រូវការ​លើ​ផលិតផល​ដែល​ធ្វើ​អំពី​​សូត្រ ​មាន​កម្រិត​ខ្ពស់​នៅ​កម្ពុជា។ ប៉ុន្តែ​បញ្ហា​នៅត្រង់​ថា ការ​ផលិត​​សូត្រ​​មាន​កម្រិតទាប​នៅ​ឡើយ។ ដោយ​មាន​សហប្រតិបត្តិការ​ជាមួយ​អង្គការ​FAO កម្ពុជា​បាន​បង្កើត​គម្រោង​មួយ​ដើម្បី​អភិវឌ្ឍ​ដំណាំ​​សូត្រ ហើយ​ដែល​អាច​ជួយ​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​ភាព​ក្រីក្រ​បាន។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កក្កដា​ស្អែក​នេះ សិក្ខាសាលា​មួយ​នឹង​ត្រូវ​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​គម្រោង​នេះ។ លោក​ម៉ី កល្យាណ​ទីប្រឹក្សា​រដ្ឋាភិបាល​ទទួលបន្ទុក​គម្រោង​ស្តារ​ឡើង​វិញ​នៃ​ដំណាំ​​សូត្រ​ជាតិ​បាន​អះអាង​អោយ​ដឹង​ថា ការ​ដាំ​មន​លើ​ផ្ទៃដី​៤០០០​ហិចតា​ថែម​ទៀត​នោះ វានឹង​អាច​ឆ្លើយតប​តម្រូវការ​របស់​កម្ពុជា​ដែល​សព្វថ្ងៃ​នាំចូល​សរសៃសូត្រ​​ឆៅ​ចំនួន​៤០០ តោន​​ក្នុង​មួយ​ឆ្នាំៗពី​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន។ អ្នកជំនាញ​រូប​នេះ​បន្ត​ថា ការ​ពង្រីក​​គម្រោង​ដាំ​មន​នេះ​ ក៏​នឹង​ជួយ​ចិញ្ចឹម​ពលរដ្ឋ​កម្ពុជា​នៅ​ជនបទ​ជាង​ ២ម៉ឺន នាក់​ផង​ដែរ។

បច្ចុប្បន្ន​នេះ​ កម្ពុជា​ប្រើប្រាស់​សរសៃសូត្រ​ចំនួន​ ៤០០​តោន ​ដែល​នាំចូល​ពី​បរទេស​ដើម្បី​ផលិត​ផលិតផល​ដែល​ធ្វើ​អំពី​សូត្រ​នេះ។ កម្ពុជា​ខ្លួនឯង​វិញ ​ផលិត​សរសៃ​សូត្រ​មិនបាន​ ៥​តោន​ ផង​ក្នុងមួយ​ឆ្នាំ។ ដូច្នេះ​ នៅ​ពេលណា​ដែល​ការ​នាំចូល​មាន​តម្លៃ​ខ្ពស់​នោះ ផល​ប៉ះពាល់​​បាន​ធ្លាក់​មក​លើ​អ្នក​ផលិត​ផលិតផល​សូត្រ។

អ្នកសេដ្ឋកិច្ច​ប្រចាំ​អង្គការ ​FAO​ លោក Livio Valenti បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការ​អភិវឌ្ឍន៍​ដំណាំ​សូត្រ​គឺ ជា​មធ្យោបាយ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​មួយ តាម​រយៈ​ការបង្កើន​ចំណូល​ដល់​ពលរដ្ឋ​ជនបទ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ