អានតួអត្ថបទ
កម្ពុជា

ភ្នំពេញ​ជូន​ដំណើរ​យុវជន​ស្ម័គ្រចិត្ត ៨០០​នាក់​ចូល​បម្រើ​កងទ័ព

ពិធី​ជូន​ដំណើរ​យុវជន​ស្ម័គ្រចិត្ត​ចំនួន ៨០០ នាក់ ដើម្បី​ចូល​បម្រើ​កងទ័ព ត្រូវបាន​ធ្វើឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨​សីហា​នេះ។ យុវជន​ស្ម័គ្រចិត្ត​ទាំង ៨០០ នាក់ នៅ​ភ្នំពេញ ស្ថិតក្នុង​ចំណោម​យុវជន​សរុប​ចំនួន ៥.០០០ នាក់ ដែល​ត្រូវបាន​ក្រសួង​ការពារជាតិ ជ្រើសរើស ដើម្បី​ចូល​បម្រើ​កងទ័ព នៅ​ឆ្នាំ​២០១១​នេះ។

ឪពុកម្តាយ​បក់​ដៃ​ជូន​កូន​ដែល​ត្រូវ​បម្រើទ័ព នៅថ្ងៃ​ចន្ទ​ទី​៨​សីហា ២០១១
ឪពុកម្តាយ​បក់​ដៃ​ជូន​កូន​ដែល​ត្រូវ​បម្រើទ័ព នៅថ្ងៃ​ចន្ទ​ទី​៨​សីហា ២០១១ ©RFI/ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

យុវជន​ស្ម័គ្រចិត្ត​ទាំង ៨០០ នាក់ នៅភ្នំពេញ ​ត្រូវ​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​សាលា​កងទ័ពជើងគោក នៅ​ពេជ្រនិល និង​ទៅ​កងពល​ផ្ទាល់ នៅ​ជិត​សមរភូមិ​ព្រះវិហារ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ឯក ព្រំ ឌិន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស។

ក្នុង​ពិធី​ជូន​ដំណើរ​យុវជន​ស្ម័គ្រចិត្ត​ទាំង ៨០០ នាក់ ឡើង​ឡាន​ទៅ​បន្ទាយ នៅ​ព្រឹក​មិញ លោក​ឧត្តមសេនីយ៍ ព្រំ ឌិន បានឱ្យដឹងថា យោធភូមិ​ភាគ​ពិសេស បាន​ជ្រើស​កងទ័ព​គ្រប់​ចំនួន ១.១៥០ នាក់ តាម​ផែនការ។ យុវជន​ទាំង​នោះ មកពី​ខេត្ត​កណ្តាល ចំនួន ២០០ នាក់ ខេត្ត​កំពង់ឆ្នាំង ១៥០ នាក់ និង​ទីក្រុង​ភ្នំពេញ ៨០០ នាក់​។

តាម​លោក​ឧត្តមសេនីយ៍ ទាហាន​ថ្មី​ដែល​ទើប​ជ្រើសរើស​បាន ៨០០ នាក់ សម្រាប់​នៅ​ភ្នំពេញ​ពេល​នេះ មាន​ចំណេះវិជ្ជា​ខ្ពស់ ចាប់ពី​ថ្នាក់ឌីប្លូម និង​បាក់​ឌុប ដែល​អាច​ទៅ​រៀន​នៅ​ក្រៅប្រទេស ដើម្បី​បន្តវេន​ទាហាន​ចាស់ៗ ដូចជា បាញ់កាំភ្លើង​ធំ វេជ្ជបណ្ឌិត បើក​យន្តហោះ បើក​រថក្រោះ និង​រថពាសដែក ជាដើម។

ចំណែក​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់​ក្នុង​ពិធី​ជូន​ដំណើរ​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងទ័ព នៅ​ព្រឹក​មិញ​ថា ការស្ម័គ្រចិត្ត​របស់​យុវជន​បម្រើកងទ័ព ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​ភ្នំពេញ​ពេល​នេះ ជា​លើក​ទី​១​ហើយ ក្រោយ​ពី​ប្រទេស​កម្ពុជា បាន​ទទួល​សន្តិភាព​ទាំង​ស្រុង នៅ​ចុងឆ្នាំ​១៩៩៨។

តាម​លោក​អភិបាលក្រុង បើទោះបីជា​សព្វថ្ងៃ សភាពការណ៍​ព្រំដែន​កម្ពុជា​-​ថៃ បាន​ស្ងប់ស្ងាត់​ក៏ដោយ ក៏​កម្ពុជា​ត្រូវតែ​ពង្រឹង​ខឿន​ការពារជាតិ និង​ពង្រឹង​សមត្ថភាព​កងទ័ព។ នោះ​គឺ​កម្ពុជា​ត្រូវតែ​មាន​កងទ័ព​មួយ​ដែល​ខ្លាំង​ខាង​សឹក​សង្គ្រាម។

ក្នុង​ពិធី​ជូន​ដំណើរ​កងទ័ព នៅ​ព្រឹក​មិញ ក៏​មាន​ព្រះសង្ឃ​ប្រោះ​ព្រំ​ទឹកមន្ត ចែក​អំណោយ និង​ពាក់​កម្រងផ្កា​ជូន​ដល់​យុវជន​បង់ក​ក្រមា ដែល​បាន​ស្ម័គ្រចិត្ត​ធ្វើ​ទាហាន។ ក្នុង​ពិធី​នៅ​ព្រឹក​មិញ ក៏​ដោយ​មាន​វត្តមានរ​បស់​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​នី ចូលរួម​ផង​ដែរ។

នៅ​ឆ្នាំ​២០១១​នេះ ក្រសួងការពារជាតិ​កម្ពុជា ប្រកាស​ជ្រើសរើស​កងទ័ព​ថ្មី​នៅ​ទូទាំង​ប្រទេស សរុប​ចំនួន ៥.០០០ នាក់ ដើម្បី​ជំនួស​កងទ័ព​កម្ពុជា ដែល​បាន​ចូលនិវត្តន៍ ពិការ និង​មរណៈ។

កម្ពុជា​បើក​ ដំណើរការ​ជ្រើសរើស​កងទ័ព​ថ្មី ​ចាប់ផ្តើម​តាំងពី​ខែ​មិថុនា។ មកដល់​ពេលនេះ ចំនួន​កងទ័ព​ដែល​គេបាន​ជ្រើសរើស​ស្ទើរតែ​ទទួល​បាន​​គ្រប់​ចំនួន។ យុវជន​ស្ម័គ្រចិត្ត​បម្រើ​កងទ័ព ត្រូវបាន​បញ្ជូនទៅ​កាន់​បន្ទាយ​ដើម្បី​ហ្វឹកហាត់ តាម​បណ្តា​ខេត្ត​នានា ជា​បន្តបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ