អានតួអត្ថបទ
កម្ពុជា

កម្ពុជា និង​វៀតណាម​ព្រមព្រៀង​គ្នា​ចុះហត្ថលេខា​លើ​ឯកសារ​ព្រំដែន​គោក

ខណៈ​ដែល​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​កំពុង​តែ​ឡើង​កំដៅ ​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ស្តីពី​ការ​បោះ​បង្គោល និង​ខណ្ឌសីមា​ព្រំដែន​គោក​ជាមួយ​គ្នា នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​ទីក្រុង​ភ្នំពេញ។ កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​គណៈកម្មការ​ព្រំដែន​ចម្រុះ​នៃ​ប្រទេស​ទាំងពីរ​បាន​ជួប​ប្រជុំ​ គ្នា រយៈ​ពេល​៣​ថ្ងៃ​រួច​មក។ ​កិច្ចព្រមព្រៀង​នេះ​មាន​គោលដៅ​បង្កើន​ល្បឿននៃ​ការបោះ​បង្គោល​ព្រំដែន និង​ខណ្ឌសីមា​ព្រំដែន​ដី​គោក​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ចប់ ក្នុង​ឆ្នាំ​២០១២​ខាងមុខ​នេះ។

វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា វៀតណាម (ស្តាំ)​ចុះ​ហត្ថលេខា​ជាមួយ​លោក ហូ ស្វឹនសឺន ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​វៀតណាម
វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា វៀតណាម (ស្តាំ)​ចុះ​ហត្ថលេខា​ជាមួយ​លោក ហូ ស្វឹនសឺន ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​វៀតណាម ©រក្សាសិទ្ធិ​
ផ្សាយពាណិជ្ជកម្ម

02:36

សេចក្តី​រាយការណ៍​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

ជម្លោះ​ព្រំដែន​ប៉ែក​ខាង​លិច​មិន​បាន​បង្ក​ការរាំងស្ទះ​ដល់​ការ​បោះ​បង្គោល​ព្រំដែន​ប៉ែក​ខាងកើត​ឡើយ។ ​បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​គ្នា រយៈពេល​បី​ថ្ងៃ​មក ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី២៥​កុម្ភៈ នៅ​ទីក្រុង​ភ្នំពេញ។

ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​នេះ​បាន​ផ្តោត​លើ​ការឯកភាព​គ្នា​អំពី​លទ្ធផល​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ២០១០ និង​ផែនការ​សម្រាប់​ធ្វើ​បន្ត​ក្នុង​ឆ្នាំ២០១១។ ​កាលពី​ឆ្នាំ២០១០​កន្លង​ទៅ ​ភាគី​កម្ពុជា​និង​វៀតណាម​បាន​បោះ​បង្គោល​ចំនួន ​៧២​ ទីតាំង​ស្មើនឹង ​៨២​ បង្គោល​លើ​ដី​ជាក់ស្តែង។ សាងសង់​បង្គោល​ព្រំដែន​រួចរាល់​ចំនួន​ ៧៣ ​ទីតាំង​ស្មើ​នឹង​ ៨៨ បង្គោល​លើដី​ជាក់ស្តែង។ ​ខណ្ឌសីមា​ព្រំដែន​បាន​ប្រវែង​១៥៥ ​គីឡូម៉ែត្រ​ស្មើនឹង​ ៣១​ ភាគរយ​នៃ​ផែនការ​ និង​ឯកភាព​កំណត់​ទីតាំង​បង្គោល​ខណ្ឌសីមា​ចំនួន ​៩០ ​បង្គោល​តម្រុយ។

គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​វៀតណាម​ក៏បាន​គូស​ចម្លង​ខ្សែ​ព្រំដែន​គោក​បាន​ ៥០គីឡូម៉ែត្រ និង​ដៅ​បង្គោល​លើ​ផែនទី​បាន​ចំនួន​ ២៧ ​ទីតាំង​ស្មើនឹង ​២៨ ​បង្គោល​លើ​ផែនទី។ រីឯ​លទ្ធផល​ដែល​សម្រេច​បាន​ពី​ខែ​មិថុនា​ឆ្នាំ២០០៦​រហូត​ដល់​ដំណាច់​ឆ្នាំ២០១០​រួមមាន៖ ការ​បោះ​បង្គោល​បាន ​២០៧ ​ទីតាំង​ស្មើនឹង ​២៥១ ​បង្គោល​លើ​ទីតាំង​ជាក់ស្តែង ​ឬ​ស្មើនឹង​ ៦៦ ​ភាគរយ​នៃ​ខ្សែ​ព្រំដែន​ទាំងមូល។ សាងសង់​បង្គោល​ព្រំដែន​ចំនួន​១៧១​ ទីតាំង​ស្មើនឹង ​២១១​បង្គោល។ កម្ពុជា​និង​វៀតណាម​ក៏​បាន​ខណ្ឌសីមា​ព្រំដែន​គោក​បានប្រវែង​១៥៥ ​គីឡូម៉ែត្រ ​ស្មើនឹង ​១២,៤ ​ភាគរយ​នៃ​ខ្សែ​ព្រំដែន​សរុប​ប្រវែង​ ១២៧០ គីឡូម៉ែត្រ។

សម្រាប់​ផែនការ​ដែល​នឹង​ត្រូវ​បន្ត​ធ្វើ​ក្នុង​ឆ្នាំ ២០១១​នេះ ​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​នឹង បោះ​បង្គោល​ព្រំដែន​គោក​ឱ្យ​បាន​ ១០០​ បង្គោល​នៅ​លើ​ដី​ជាក់ស្តែង និង​ខណ្ឌសីមា​ព្រំដែន​គោក​ឱ្យ​បាន ​៥០០​ គីឡូម៉ែត្រ។ ​កម្ពុជា ង​វៀតណាម​ក៏​គ្រោង​នឹង​បញ្ចប់​ការដៅ​ចំណុច​បង្គោល​ខណ្ឌសីមា​លើផែនទី​ឱ្យ​ហើយ​រួច​រាល់ ​ក្នុង​ខែ​មិថុនា​ខាង​មុខ។

សូម​បញ្ជាក់​ថា ​ការ​ចុះ​ហត្ថលេខា​នេះ ​ខាង​កម្ពុជា​មាន​វត្តមាន​លោក ​ឡុង វិសាលោ ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ និង​លោក​ វ៉ា គឹមហុង ​ទេសរដ្ឋមន្ត្រី ​និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា ​និង​ការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​វៀតណាម។ ​រីឯ​ភាគី​វៀតណាម​វិញ​ មាន​លោក ​ហូ ស្វឹនសឺន​ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ