អានតួអត្ថបទ
កម្ពុជា

ស្ថានភាព​ទឹកជំនន់​​ធ្ងន់ធ្ងរ ប្រហាក់​ប្រហែល​នឹង​ជំនន់​សហវត្សរ៍ កាលពី​ឆ្នាំ​២០០០

រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ប្រកាស​នៅ​ថ្ងៃ​២២​កញ្ញា​នេះ​ថា ស្ថានភាព​ទឹកជំនន់​នៅ​ឆ្នាំ​២០១១ ពេលនេះ មាន​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​ទឹកជំនន់​សហវត្សរ៍ កាលពី​ឆ្នាំ​២០០០។ ក្នុងនោះ ទឹកជំនន់ ដែល​នឹង​បន្ត​ឡើង​រហូត​ដល់​ថ្ងៃ​៣០​កញ្ញា បាន​លិចលង់​ផ្ទៃដី​បង្កបង្កើន​ផល​នៅ​ទូទាំង​ប្រទេស ប្រមាណ ៥៦.០០០ ហិកតា។ នៅ​ខេត្ត​កំពង់ធំ រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ។

លោក​រដ្ឋមន្ត្រី លឹម គានហោ បង្ហាញ​ពី​ក្រាហ្វិក​ទឹក​ជំនន់​នៅ​កម្ពុជា
លោក​រដ្ឋមន្ត្រី លឹម គានហោ បង្ហាញ​ពី​ក្រាហ្វិក​ទឹក​ជំនន់​នៅ​កម្ពុជា ©rfi-ម៉េងហូរ
ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​មិញ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កម្ពុជា​បាន​ទទួល​ឥទ្ធិពល​សម្ពាធ​ទាប បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​គ្រប់​ទីកន្លែង។ ទឹកភ្លៀង ក៏​នឹង​បន្ត​ធ្លាក់​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​ទៅ​មុខ​ទៀត ដែល​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​តាម​ដង​ទន្លេ​មេគង្គ ទន្លេ​បាសាក់ និង​នៅ​ទន្លេសាប។​

តារាង​ក្រាហ្វិក និង​ផែនទី​ទឹក​លិច ព្រមទាំង​ខ្យល់ព្យុះ ដែល​បាន​ជះ​ឥទ្ធិពល​លើ​កម្ពុជា ត្រូវបាន​លោក​រដ្ឋមន្ត្រី លឹម គានហោ លើក​បង្ហាញ​ដល់​អ្នកកាសែត។ នោះ​គឺ​នៅ​ស្ថានីយ៍​​ឧតុនិយម​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ចំណុច​ចតុមុខ​-​បាសាក់ អ្នកលឿង ព្រែកក្តាម និង​នៅ​ស្ថានីយ៍​កោះខែល​ក្នុង​ខេត្ត​កណ្តាល ទឹកទន្លេ​បន្ត​កើន​ឡើង​លើស​ពី​កម្រិត​ប្រកាស​អាសន្ន រហូត​ដល់​ថ្ងៃ​ទី​៣០​កញ្ញា ឆ្នាំ​២០១១។ ពោល​គឺ​ទឹក​ទន្លេ​មេគង្គ ទន្លេ​បាសាក់ និង​ទន្លេ​សាប មាន​កម្រិត​ខ្ពស់ ប្រហាក់ប្រហែល​នឹង​ទឹកជំនន់​សហវត្សរ៍ កាលពី​ឆ្នាំ​២០០០។​

តាម​លោក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២២​កញ្ញា​នេះ មន្ត្រី​ជំនាញ​របស់​លោក ត្រូវ​ចុះ​គ្រប់​មុខ​ព្រួញ​​ទាំងអស់ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ពី​ផល​ប៉ះពាល់ ដោយសារ​ទឹកជំនន់។ ជា​របាយការណ៍​បឋម ដី​បង្កបង្កើនផល ៥៦.០០០ ហិកតា ត្រូវ​ទឹក​ជន់​ជោរ លិចលង់។ ក្នុងនោះ នៅ​ខេត្ត​កំពង់ធំ ត្រូវ​ទឹក​លិច ត្រាំ​ត្រែង និង​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​តែ​ទឹកភ្លៀង​ហូរ​ពី​ខេត្ត​ព្រះវិហារ តាម​ស្ទឹង​សែន និង​ទឹក​បឹង​ទន្លេសាប។

​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី លឹម គានហោ មិន​ទាន់​បង្ហាញ​ពី​តួលេខ​នៃ​ការខូចខាត​ផលដំណាំ ពិសេស​ដំណាំ​ស្រូវ ដោយសារ​តែ​ទឹកជំនន់​នាពេលនេះ នៅឡើយ​ទេ។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹកជំនន់​នៅ​កម្ពុជា​ពេលនេះ មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ប្រទេស​ថៃ។ ក្នុងនោះ កម្ពុជា មាន​ផលប៉ះពាល់​ទាប​នៅឡើយ។

ដោយឡែក​នៅ​តាម​បណ្តា​ស្រុក​ជាប់​មាត់​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ជាពិសេស​នៅ​ខេត្តសៀមរាប ទឹកភ្លៀង​បាន​ឡើង​លិចលង់​ផ្ទះសម្បែង និង​ច្បារ​ដំណាំ។ អាជ្ញាធរ និង​កងទ័ព បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ ដោយ​ទូក អូប័រ និង​ឧទ្ធម្ភាគចក្រ ជម្លៀស​ប្រជាជន​រងគ្រោះ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។ នៅ​ខេត្ត​សៀមរាប អ្នកទេសចរ​មួយក្រុម ក៏​ត្រូវបាន​ជម្លៀស ចេញ​ពី​ប្រាសាទ​បន្ទាយស្រី ដោយសារ​តែ​ទឹកភ្លៀង​ជន់​លិច កាត់​ផ្លូវ​ជាតិ​លេខ​៦៧ ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ