អានតួអត្ថបទ
កម្ពុជា

កម្ពុជាទំនង​ជា​រួច​ផុត​ពីគ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ហើយ

ទោះបីជា​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ស្ទើរតែ​គ្រប់ទិសទី​ទូទាំងប្រទេស ប៉ុន្តែ កម្ពុជា​ទំនងជា​បាន​រួច​ផុតពី​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ហើយ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​ផ្តល់ជូន​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ។ មន្ត្រី​ទទួលបន្ទុក​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ញ៉ឹម វណ្ណដា បាន​ប្រាប់​ឲ្យ​ដឹងថា ទីបំផុតទៅ​ស្ថានភាព​អាកាសធាតុ​ហាក់ដូច​ជាមាន​អំណោយផល​ល្អ​ទៅវិញ​ទេ​សម្រាប់​ប្រទេស​កម្ពុជា។ យ៉ាងណាក៏ដោយ មាន​មនុស្ស៣នាក់​ស្លាប់ និង ជាង ៥០០០ គ្រួ​សារបាន​លិចលង់។

ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ឆ្នាំ​២០១១
ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ឆ្នាំ​២០១១ RFI/Chheang Bopha
ផ្សាយពាណិជ្ជកម្ម

ទឹកភ្លៀង និង​មេឃ​អួរ​អាប់​នៅតែ​បន្ត​គ្របដណ្តប់​ពាសពេញ​ផ្ទៃ​ប្រទេស​នៅឡើយ​រហូត​មក​ដល់​​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ កម្ពុជា​នឹងមិន​ជួបប្រទះ​គ្រោះទឹកជំនន់​ខ្លាំងក្លា​ទេ។ នេះ​បើ​យោងតាម​ការ​សន្និដ្ឋានរ​ប​ស់លោក ញ៉ឹម វណ្ណដា ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ។

លោក​ញ៉ឹម វណ្ណដា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរា​ជាតិ​នៅថ្ងៃនេះ​ថា ស្ថានភាព​ទឹកជំនន់​ជាទូទៅ​នៅតាម​បណ្តា​ខេត្ត​ភាគ​ខាងជើង និង​ពាយព្យ័​ប្រទេស​គឺ​ខេត្តព្រះវិហារ និង​បន្ទាយមានជ័យ​បាន​ស្រក​ចុះ​វិញ​ហើយ។ លោក​អះអាងថា បើទោះបីជា​នៅពេល​ខាងមុខនេះ​មានការ​ប្រែប្រួល​អាកាសធាតុ​ខ្លះទៀត​ក្តី ក៏​ទឹកជំនន់​ទន្លេមេគង្គ និង​ទឹកជំនន់​ទឹកភ្លៀង​នឹងមិន​កើតមាន​ធំដុំ​ដូច​ការព្រួយបារម្ភ​កន្លងទៅនេះ​ទេ។ ផ្ទុយទៅវិញ អាកាសធាតុ​បែរជា​អំណោយផល​ល្អ​ដល់​ដំណាំ​កសិកម្ម​ទៅវិញ ដោយសារតែ​ទឹកជំនន់​ពេល​នេះ​បាន​នាំមក​នូវ​ដីល្បាប់​មាន​ជីជាតិ​សម្រាប់​កសិករ។

យ៉ាងណាក៏ដោយ បើ​យោងតាម​របាយការណ៍រ​ប​ស់លោក ញ៉ឹម វណ្ណដា គិត​ត្រឹម​ថ្ងៃអាទិត្យ​នេះ មាន​ពលរដ្ឋ៣នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់ និង​មាន​ពលរដ្ឋ​ប្រមាណ​ជាជាង ៥០០០ គ្រួសារ​ទទួលរង​គ្រោះ ប៉ុន្តែ ពួកគេ​បាន​វិលត្រឡប់​ទៅ​ភូមិដ្ឋាន​វិញ​ជាបណ្តើៗហើយ បន្ទាប់ពី​ទទួលបាន​ប​អំណោយ​សង្គ្រោះ។ លោក​ញ៉ឹម វណ្ណដា ដែល​កំពុង​បន្ត​តាមដាន​ស្ថានការណ៍​ទឹកជំនន់​ក្នុង​ខេត្តព្រៃវែង​បន្តថា គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហម ក៏ដូចជា​អាជ្ញាធរ​នានា​ដែរ​កំពុងតែបន្ត​ចែក​អំណោយ​ដល់​អ្នក​ដែល​មិនទាន់​បានទទួល​ដើម្បី​ឲ្យ​បានគ្រប់ៗគ្នា​ដោយ​មិន​លើកលែង​ឡើយ។

មានការ​រំពឹងទុក​ថា ឆ្នាំនេះ​នឹងមាន​ជំនន់​ធំ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​យោងតាម​ការប្រែប្រួល​អាកាសធាតុ និង​តាម​ចំណាំ។ ការរំពឹងទុក​បែបនេះ​បានធ្វើ​ឲ្យ​អាជ្ញាធរ​បង្កើន​ការប្រុងប្រយ័ត្ន និង​បាន​ត្រៀមលក្ខណៈ​ជាស្រេច។ ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​ប្រកាស​ជូនដំណឹង​ជា​បន្តបន្ទាប់​អំពី​ស្ថានភាព​អាកាសធាតុ រីឯ​កងកម្លាំងប្រដាប់អាវុធ​ក៏បាន​ធ្វើ​សមយុទ្ធ​ជាស្រេច​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​ពេល​មាន​ទឹកជំនន់​ធំ។ ប៉ុន្តែ ទីបំផុត កម្ពុជា​ទំនងជា​បាន​រួច​ផុតពី​គ្រោះមហន្តរាយ​នេះហើយ។

យ៉ាងណាក៏ដោយ លោក ញ៉ឹម វណ្ណដា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ និង​ក្រសួង​ជំនាញ​ឲ្យ​ចាត់វិធានការ​ទប់ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ដោយ​មិនត្រូវ​បណ្តោយ​ឲ្យ​ទឹក​ហូរ​ទៅវិញ​អស់​នោះទេ​ពីព្រោះ​រដូវវស្សា​ជិត​កន្លងផុត​ទៅហើយ។ លោក​ព្រមាន​ថា បើ​គេ​មិន​នាំគ្នា​ទប់ទឹក​ទុក​ទេ កសិករ​នឹងខ្វះ​ទឹក​នៅ​រដូវប្រាំង​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ