អានតួអត្ថបទ
ភូមា

អំពើហិង្សា​សហគមន៍​ផ្ទុះជាថ្មី​សម្លាប់​ស្ត្រី​កាន់សាសនា​អ៊ីស្លាម​ម្នាក់​

ប៉ូលិស​ភូមា​បាន​​ផ្តល់ព័ត៌មាន​មកថា អំពើហិង្សា​សហគមន៍​រវាង​ពុទ្ធសាសនិក និង​អ្នកកាន់សាសនា​អ៊ីស្លាម​ បាន​​ផ្ទុះ​ឡើង​សារជាថ្មី នៅថ្ងៃ​អង្គារ​នេះ នៅភាគខាងលិច​ភូមា បណ្តាល​​អោយ​​ស្ត្រី​ចំណាស់​កាន់សាសនា​អ៊ីស្លាម​ម្នាក់ ​ស្លាប់​បាត់បង់ជីវិត​ និង​មាន​ផ្ទះសំបែង​ជាច្រើនខ្នង​ ត្រូវ​បាន​ដុត​​បំផ្លាញ​។ អំពើហិង្សា​នេះ បានកើតឡើង ខណៈ​ដែល​ប្រធានាធិបតី​ ថេន សេន​ មានគំរោង​ចុះទៅទស្សនកិច្ច​នៅក្នុង​តំបន់ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ហាជម្លោះ​រវាងសហគមន៍​​អ្នកកាន់សាសនា​ទាំងអស់នេះ។

វិហារសាសនាអ៊ីស្លាម​​មួយកន្លែង​នៅ​ក្រុង Meikhtilaប្រទេសភូមា បាន​​រង​អគ្គិភ័យ កាលពីខែមិនាដើមឆ្នាំ។
វិហារសាសនាអ៊ីស្លាម​​មួយកន្លែង​នៅ​ក្រុង Meikhtilaប្រទេសភូមា បាន​​រង​អគ្គិភ័យ កាលពីខែមិនាដើមឆ្នាំ។ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​នេះ ស្ត្រីចំណាស់​ជាអ្នកកាន់សាសនា​អ៊ីស្លាម​មួយរូប បាន​ស្លាប់បាត់បង់ជីវិត នៅក្នុង​អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់​ពុទ្ធសាសនា និង​អ្នកកាន់សាសនា​អ៊ីស្លាម​​។ អំពើហិង្សា​បាន​​កើតឡើង នៅ​ភាគខាងលិច​ភូមា ផ្ទះសំបែង​ជាច្រើនខ្នង​ត្រូវបាន​​ដុតបំផ្លាញ។

ការដុតបំផ្លាញ​ផ្ទះសំបែង​ទាំងនេះ ប្រហែល​ជាបានកើតឡើង កាលពី​ចុងសប្តាហ៍​កន្លងទៅ ដោយសារ​តែ​​អ្នកជិះយានយន្ត​​កាន់ពុទ្ធ​សាសនាម្នាក់ បាន​​​ប៉ះទង្គិចគ្នា​ជាមួយ​នឹង​អ្នកកាន់សាសនា​អ៊ីស្លាម នៃ​សហគមន៍​ជនជាតិភាគតិច​កាម៉ាន់​ ជាសហគមន៍​ដែល​រដ្ឋភូមា​ទទួលស្គាល់​ជាផ្លូវការ។​ អំពើហិង្សា​ថ្មីនេះ កើតឡើង​ចំពេល​ដែល​ប្រធានាធិបតី​ភូមា ថេន សេន​ គ្រោង​ចុះ​ទៅទស្សនកិច្ច​ជាលើកដំបូង​បំផុត​ នៅរដ្ឋ​រ៉ាក់ឃីន ក្នុង​ក្រុង​​​ថាន់វេ នៅថ្ងៃពុធ២តុលានេះ។ ក្រុងថាន់វេ ​មានចំងាយ​ជាង​២០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​ភូមិ​ដែល​ស្ត្រី​អ្នកកាន់សាសនា​អ៊ីស្លាម​បានស្លាប់​បាត់បង់ជីវិត។ លោក ថេន សេន​ មានបំណង​​ជួប​ជាមួយ​អាជ្ញាធរ​ក្នុងស្រុក និង​តំណាង​សហគមន៍​នីមួយៗ ដើម្បី​រកដំណោះស្រាយ​បញ្ហា​ជម្លោះ​នេះ។

ក្នុង​ប្រទេស​ភូមា ដែល​ប្រណិបត្តិ​សាសនា​ព្រះពុទ្ធ ប្រជាជន​​កាន់សាសនា​អ៊ីស្លាម​ មាន​ត្រឹមតែ​៤ភាគរយប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង​៥៥លាននាក់។ អំពើហិង្សា​ថ្មីនេះ បាន​បង្ហាញ​ច្បាស់​ពី​ការ​រើសអើង​​ប្រឆាំង​ទៅនឹង​អ្នកកាន់សាសនា​អ៊ីស្លាម ក្នុង​ប្រទេស។

ក្នុង​ឆ្នាំ​២០១២ កន្លងមក អំពើ​​ហិង្សា​​​​រវាង​ពុទ្ធសាសនិកជន​ និង​អ្នកកាន់សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ាស ក្នុង​រដ្ឋរ៉ាក់ឃីន បាន​សំលាប់​​​មនុស្ស​​ជាង​២០០នាក់ និងបណ្តាលអោយ​មនុស្ស​១៤ម៉ឺន​នាក់​​​ទៀត​​ភៀសខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ