អានតួអត្ថបទ
ភូមា

ភូមា​ប្រកាស​រើរុះ​​គណៈរដ្ឋមន្ត្រី ថ្ងៃ​បើក​សម័យ​ប្រជុំ​សភា​ពេញ​អង្គ

ការ​រុះ​រើ​គណៈរដ្ឋមន្ត្រី នឹង​ប្រព្រឹត្ត​ទៅ​​ក្នុង​ពេល​ឆាប់ៗ​នេះ ! នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ផ្លូវការភូមា។ ​រដ្ឋមន្ត្រី​ ​មាន​និន្នាការ​អភិរក្សនិយមជា​ច្រើននាក់​​ នឹង​ត្រូវ​បាត់​បង់​តំណែង ក្នុងជួរ​រដ្ឋាភិបាល។ ការ​​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ ពីភាព​ប្រទាញ​ប្រទង់​​គ្នា​រវាង​ក្រុម​អ្នក​កំណែទម្រង់និយម និង​ក្រុម​​​ស្រឡាញ់​​អំណាច​ផ្តាច់​ការ។ ទន្ទឹម​គ្នា​នេះ​សភា​ភូមា​បាន​ប្រកាស​ពី​ការ​លាលែងតំណែង​របស់​អនុប្រធាន​សភា​ម្នាក់។ សភា​ភូមា​ដែល​នៅ​ថ្ងៃ​នេះ​បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​ ​ជា​លើក​ដំបូង ក្រោយ​ការ​បោះឆ្នោតសភា​​ខែ​មេសា​មក។

រដ្ឋសភា​ភូមា
រដ្ឋសភា​ភូមា reuters
ផ្សាយពាណិជ្ជកម្ម

ទំនង​ជា​មាន​រដ្ឋមន្ត្រី​បី​នាក់ ដែល​ត្រូវ​ខ្ទាត​ចេញ​ពី​តំណែង​ ក្នុង​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រី​នេះ ! ប្រភព​ព័ត៌មាន​ផ្លូវការភូមា​បាន​​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ឥស្សរជន​ទាំង​បី​នាក់​នោះ មាន​និន្នាការ​អភិរក្សនិយម​ មិន​ពេញ​ចិត្ត​នយោបាយ​ធ្វើ​កំណែទម្រង់​របស់​ប្រធានាធិបតី​ភូមា​ឡើយ។

 
ចំណែក​កៅអី​អនុប្រធាន​សភា ក៏​នៅទំនេរ ព្រោះ​អនុប្រធាន​​ម្នាក់ក្នុង​ចំណោម​អនុប្រធាន​ទាំង​ពីរ បាន​លា​លែង​ចេញ​ពី​តំណែង។ អនុប្រធាន​លាលែង​ចេញពី​តំណែង​រូប​នោះ​ក៏​មាន​ជំហរ​ប្រឆាំង​នឹង​ការ​ធ្វើ​កំណែទម្រង់​ដែរ។ ពេល​នេះ​ សមាជិក​សភា​ភូមា​ត្រូវ​​ជ្រើសរើស​អនុប្រធាន​ថ្មី ស្រប​តាម​របៀបវារៈ​របស់​សភា ដែល​បាន​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ជា​លើក​ទី​ដំបូង នៅ​ថ្ងៃ​ពុធ​ទី ៤​ មិថុនា​នេះ។

តាំង​ពី​បាន​ទទួល​តំណែង​ជា​ប្រធានាធិបតី​ស៊ីវិល​ភូមា នៅ​ខែ​មីនា ឆ្នាំ​២០១១​មក លោក​ ថេន សេន អតីត​ឧត្តមសេនីយ៍ បាន​ធ្វើ​ឱ្យ​ពិភពលោក ភ្ញាក់​ផ្អើល​ខ្លាំង​តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​នយោបាយ សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់ និង​បាន​អនុញ្ញាត​ឱ្យ​លោក​ស្រី​ អ៊ុងសានស៊ូជី ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ និង​ជា​ប្រមុខ​បក្ស​ប្រឆាំង​ បាន​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​វិញ រហូត​បាន​ឈ្នះ​ឆ្នោត​សភា​ កាលពី​ខែ​មេសា​ យ៉ាង​ត្រចះ​ត្រចង់។

នៅ​ថ្ងៃ​ពុធ​នេះ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ថ្មី​របស់​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​បោះ​ជំហាន​ ជា​លើក​ទី​មួយ ចូល​រង្វង់​សភា មាន​វត្តមាន​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ក្នុង​នាម​ជា​បក្ស​ប្រឆាំង។ ក៏​ប៉ុន្តែ​លោកស្រី​ អ៊ុងសានស៊ូជី ជា​តំណាងរាស្ត្រ​ម្នាក់ដែរ​នោះ បាន​ទទួល​សិទ្ធិ​ពិសេស​ អវត្តមាន​នៅ​ថ្ងៃ​នេះ ដើម្បី​សម្រាក​កម្លាំងមួយ​អាទិត្យ ​បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ចមួយ​ជុំ​នៅ​អឺរ៉ុប អស់​ពីរ​សប្តាហ៍។ របៀបវារៈ​​ថ្ងៃ​នេះ គឺ​ការ​ពិភាក្សា​លើ​ច្បាប់​វិនិយោគ ដែល​ក្រុម​ហ៊ុន​បរទេស​ធំៗ​រង់​ចាំ​បំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ