អានតួអត្ថបទ
កម្ពុជា

មេធាវី​​គណបក្ស​​ប្រឆាំង​​ឡើងបំភ្លឺ​​នៅតុលាការ​​អំពី​​បណ្តឹង​​ក្លែង​បន្លំ​​ឯកសារ​​សាធារណៈ​​

បន្ទាប់​ពី​ដាក់ពាក្យ​បណ្តឹង​អស់​រយៈ​ពេល​ជា​ច្រើនខែ​កន្លង​មក​ មេធាវី​គណបក្ស​ប្រឆាំង​លោក​ ជូងជូងី​ដែល​ត្រូវ​បាន​គណៈ​មេធាវី​ចោទ​ប្រកាន់ថា​ ​ បាន​រំលោភ​លើ​មាត្រា​១៥ ​នៃ​ក្រម​សីលធម៌​​មេធាវី- ​ត្រូវបាន​សាលា​ដំបូង​ខេត្ត​កណ្តាល​ ​ បង្គាប់​ឲ្យ​ចូល​បំភ្លឺ​ ទាក់​ទង​ទៅ​នឹង​បណ្តឹង​របស់​លោក- ដែល​បាន​ប្តឹង​ប្រឆាំង​ចៅក្រម​​សាលា​ដំបូង​ខេត្ត​កណ្តាល​​ពីបទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ។

មេធាវី​គណបក្ស​ប្រ​ឆាំង​លោក​ ជូង ជូងី​
មេធាវី​គណបក្ស​ប្រ​ឆាំង​លោក​ ជូង ជូងី​ © RFI
ផ្សាយពាណិជ្ជកម្ម

មេធាវី​គណបក្ស​ប្រ​ឆាំង​លោក​ ជូង ជូងី​ ដែល​ត្រូវបាន​គណៈមេធាវី​ចោទ​ប្រកាន់​ថា ​បាន​រំលោភ​លើ​មាត្រា១៥​នៃក្រម​សីលធម៌​មេធាវី ​បាន​ចូលឆ្លើយ​បំភ្លឺ​នៅសាលា​ដំបូង​ខេត្ត​កណ្តាល​ហើយ​នៅ​ថ្ងៃនេះ​ ទាក់ទង​ទៅ​នឹង​បណ្តឹង​របស់​លោក​ដែល​បាន​ប្តឹង​ប្រឆាំង​ចៅក្រម​សាលា​ដំបូង​ខេត្ត​កណ្តាល​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ។

នៅ​ក្នុង​​ពាក្យ​បណ្តឹង​របស់​លោក​ជូង ជូងី​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កម្ភៈ ឆ្នាំ ២០១២​ លោក​បាន​​ប្តឹង​លោក​លឺម​ សុគន្ថា​ ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​កណ្តាល​ពី​បទ​កែ្លង​បន្លំ​ឯកសារ​សាធារណៈ​ ប្រព្រឹត្ត​នៅ​សាលា​ដំបូង​ខេត្ត​កណ្តាល​ កាល​​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ ឆ្នាំ​២០១១ ទាក់​ទង​នៅ​នឹង​កូន​ក្តី​របស់​លោក​គឺ​លោក​មាស ប៉េង ​ជំទប់​ទី​២ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល។

លោក​ជូង ជូងី​ បាន​ថ្លែង​ឲ្យ​ដឹង​​ថា​​ មូល​ហេតុ​ដែល​លោក​ប្តឹង​​ចៅ​ក្រម​រូប​នោះ​ដោយ​សារ​តែ​វា​ទាក់​ទិន​ទៅ នឹង​កូនក្តី​របស់​លោកត្រូវ​បាន​ចៅ​ក្រម​សាក​សួរ​លោក​លឺម​ សុគន្ថា​ បង្គាប់​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​​សាលា​ដំបូង​ខេត្ត​កណ្តាល​ ហើយ​ក្រោយ​ពី​ការ​សាក​សួរ​ហើយ​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ពន្ធ​នារ​គារ​ខេត្ត​កណ្តាល​ដោយ​ពុំ​មាន​ដីការ​សម្រេច​​ឲ្យ​ឃុំ​ខ្លួន។ ហើយ​នៅពេល​ដែល​លោក​បាន​នាំ​កូន​ក្តី​ពី​ពន្ធនាគារ​មក​ផ្ទះ​វិញ​សាលា​ដំបូង​ខេត្ត​កណ្តាល​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​មធ្យោបាយ​ជួយ​កូនក្តី​ឲ្យ​រត់គេច​ខ្លួន​ពី​ពន្ធនាគារ។
 
លោក​មេធាវី​រូប​នោះ​បាន​អះ​អាង​ថា​ សំណុំ​រឿង​ចោទ​ប្រកាន់​កូនក្តី​លោក​ចុះថ្ងៃ​ទី​២០ ខែ​ឧសភា​ ឆ្នាំ ២០១១​ ប៉ុន្តែ​នៅ​ក្នុង​ដីការ​សម្រេច​ឃុំ​ខ្លួន​បណ្ណោះ​អាសន្ន​លោក​លឺម​ សុគន្ថា​បានក្លែង​បន្លំ​ដាក់​ចុះ​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ២០១​០​ ទី​វិញ​។​ លោក​ចៅក្រម​រូប​នោះ​បាន​រៀប​ចំធ្វើ​ដី​កា​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​គឺ​ក្លែង​បន្លំ​ បំភ្លៃ បំភាន់​ការពិត​ដាក់​ចូល​សំណុំ​រឿង។

ទាក់ទិន​ទៅ​នឹង​ពាក្យ​បណ្តឹង​នេះ​លោកចៅ​ក្រម​លឹម សុគន្ថា បាន​ថ្លែងអះអាង​​ថា​ នេះ​គឺ​ជា​សិទ្ធិ​របស់​លោក​មេធាវី​រូប​នោះគាត់​អាច​ធ្វើ​តាម​ចិត្ត​ដែល​គាត់​មិន​ពេញ​ចិត្ត​​ តែ​អ្វី​ដែល​លោក​បាន​ធ្វើ​គឺ​តាម​និតិវិធី​នៃ​ច្បាប់។ លោក​ចៅ​ក្រម​រូប​នោះ​បាន​អះ​អាង​ថា​ ប្រ​សិន​ជា​លោក​មេ​ធាវី​រូប​នោះ​ប្តឹង​គឺ​ត្រូវ​តែ​រក​ភស្តុតាង​យក​មក​បញ្ជាក់​ផង​។​ ​លោក​ជូង ជូងី នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១២​ ក្រុមប្រឹក្សា​គណៈមេធាវី​កម្ពុជា បាន​សម្រេច​ដាក់ការ​ចោទប្រកាន់​​ថា​បាន​​ប្រព្រឹត្ត​ខុស​នឹង​មាត្រា​១៥ នៃ​លក្ខន្តិកៈ​គណៈមេធាវីកម្ពុជា។​ កំហុស​របស់​លោក​​គឺធ្វើ​សន្និសីទ​កាសែត​ នៅ​ទី​ស្នាក់ការ​កណ្តាល​ គណបក្ស​សម រង្ស៊ី ​កាល​ពីថ្ងៃ​ទី៣០ធ្នូ។

កាល​ពីខែ​កម្ភៈ​ ដើម្បី​ទាមទារ​យុត្តិធម៌​លោក ជូង ជូងី បាន​កោរសក់​ស្លៀកពាក់ស​ និង​អង្គុយ​សម្មាធិ ​ពីរសប្តាហ៍​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សម រង្ស៊ី ​តុលាការ​ខេត្ត​កណ្តាល ​ក្រសួងយុតិ្តធម៌​ សាលា​ឧទ្ធរណ៍ ​តុលាការ​កំពូល ​និង​ការិយាល័យ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ