អានតួអត្ថបទ
អូស្ត្រាលី

ការ​បោះឆ្នោត​សភា​ប្រកប​ដោយ​ភាព​ប្រផុតប្រផើយ

ថ្ងៃ​នេះ​បណ្តា​ជន​អូស្ត្រាលី​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ធ្វើការ​បោះឆ្នោតសភា ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជាពិសេស​តែ​ម្តង។ ការិយាល័យ​បោះ​ឆ្នោត​បាន​បិទ​ទ្វារ​​​ហើយ ​ការ​ស្ទាបស្ទង់​លទ្ធផល​​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា​គណបក្ស​ពលករ​របស់​លោកស្រី ​នាយក​រដ្ឋមន្ត្រី មាន​សំឡេង​នាំមុខ​គណបក្ស​សេរីនិយម​ ដែល​ជា​បក្ស​ប្រឆាំង​យ៉ាង​តិច​តួច​បំផុត​។ នេះ​អាច​ចាត់​ទុក​ថា​លើក​ទី​មួយ​ហើយ ចាប់​តាំង​ពី​៧០​ឆ្នាំ​មក ដែល​គណបក្ស​​ធំ​មួយ​អាច​ឈ្នះ​ឆ្នោត ​ដោយ​ប្រផុត​ប្រផើយ​​យ៉ាង​ដូច្នេះ។

លោកស្រី Julia Gillard (ឆ្វេង) និង​លោក ថូនី អ៊ែបត (ស្តាំ)
លោកស្រី Julia Gillard (ឆ្វេង) និង​លោក ថូនី អ៊ែបត (ស្តាំ) © REUTERS/Andrew Meares/Pool
ផ្សាយពាណិជ្ជកម្ម

 

01:59

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

នៅ​ពេល​ដែល​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​រដ្ឋ​ប៉ែក​ខាង​កើត​ប្រទេស​ បាន​បិទ គណបក្ស​ពលករ​ ​ដឹកនាំ​ដោយ​ នាយក​រដ្ឋមន្ត្រី​ភេទ​ស្រី​ទី​មួយ​អូស្ត្រាលី គឺ​លោកស្រី​ ជូលីយ៉ា ហ្គីឡាដ ទំនង​ជា​នឹង​អាច​ទទួល​បាន​សំឡេង​ឆ្នោត​ប្រមាណ​ ៥១​ ទៅ​៥២% និង ពី​៤៨ ទៅ​៤៩% ​សម្រាប់​​បក្ស​សេរីនិយម​របស់​លោក ​ថូនី អ៊ែបត ដែល​ជា​បក្ស​ប្រឆាំង។ នេះ​បើ​យោង​តាម​ការ​ស្ទាប​ស្ទង់​លទ្ធផល ​របស់​សារព័ត៌មាន​ Sydney Morning Herald និង​The Age ។

លទ្ធផល​នាំ​មុខ​ដ៏​តិច​តួច​បែប​នេះ បាន​ធ្វើ​អ្នក​ស្ទាប​ស្ទង់​មតិ​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ព្រោះ​វា​អាច​ប្តូរ​ផ្លាស់​ជ័យ​ជំនះ​បាន​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ អ្នក​យុទ្ធសាស្ត្រ​ម្នាក់​របស់​បក្ស​ពលករ​ ដែល​កំពុង​កាន់​អំណាច​ លោក គ្រិស បោវេន Chris Bowen បាន​ថែម​ទាំង​បញ្ជាក់​ថា​ លទ្ធផល​ប្រកៀក​ប្រកិត ​មិន​ប្រាកដ​ប្រជា​មែនទែន រហូត​អាច​ប្រែ​ក្រឡាស់​អ្នក​ឈ្នះ​មក​ចាញ់ និង​អ្នក​ចាញ់មក​ឈ្នះ​វិញ​ក៏​ថា​បាន។ សេណារីយ៉ូ​ណា​​អ្វី​ក៏​អាច​ទៅ​រួច​បាន​ដែរ។

បើ​គណបក្ស​ពលករមិន​អាច​រក​សំឡេង​គាំទ្រ​ដាច់​ខាត (៧៦​អាសនៈ)​សម្រាប់​បង្កើត​រដ្ឋាភិបាលបាន​ដោយ​ឯកឯងទេ នោះ​គេ​ត្រូវ​រក​ចង​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​​សមាជិក​សភា​ឯករាជ្យ​ផ្សេង​ទៀត ឬ​ជាមួយ​សមាជិក​សភា​អ្ន​ក​បរិស្ថាន។ ការ​ចង​សម្ព័ន្ធភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​គម្រោង​​កំណែ​ទម្រង់​សន្យា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ខ្លះ​មិន​អាច​ចេញ​រួច មាន​ជា​អាទិ៍​ការ​យក​ពន្ធ​លើ​ធនធាន​រ៉ែ។ សេណារីយ៉ូ​មួយ​ទៀត គឺ​ក្នុង​ករណី​មិន​អាច​បង្កើត​រដ្ឋាភិបាល​ ​បាន​ នោះ​​នឹងជំរុញ​ឲ្យ​​មាន​ការ​រៀបចំ​បោះ​ឆ្នោត​សា​ជាថ្មី​ម្តង​ទៀត។

សម្រាប់​លោកស្រី​ ជូលីយ៉ា ហ្គីឡាដ ​(Julia Gillard)ដែល​ទើប​​បាន​ឡើងកាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ កាលពី​ខែ​មិថុនា​ តាម​រយៈ​ការ​ឡើង​ធ្វើ​ប្រមុខ​បក្ស​ពលករ និង​លោក​ថូនី អ៊ែបត (Tony Abbott) ប្រធាន​គណបក្ស​សេរី​និយម​ នេះ​ជា​លើក​មួយ​ហើយ ដែល​អ្នក​ទាំងពីរ​​ក្លាយ​ជា​អ្នក​ដឹកនាំ​បក្ស​ទៅ​កាន់​ហិបឆ្នោត​ នៅ​ថ្ងៃ​នេះ ដើម្បី​ក្លាយ​ជា​រដ្ឋាភិបាល​មួយ​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ