អានតួអត្ថបទ
ភូមា

អ៊ុងសាន់ស៊ូជី​អំពាវនាវ​ការ​ផ្សះផ្សាជាតិ​​នៅ​ទីក្រុង​អូស្លូ​

ប្រមុខ​​​​បក្ស​​​ប្រឆាំង​​​ភូមា​​លោកស្រី​​ ​​​អ៊ុងសាន់ស៊ូជី​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​១៦​​​មិថុនា​​​ម្សិលមិញ ​​បាន​​​សន្យា​​​ថា​​​នឹង​​​បន្ត​​​ការ​​​ប្រយុទ្ធ​​​តស៊ូ​​​របស់​​​ខ្លួន​​​ជា​​បន្ត​​ទៀត​​​ដើម្បី​ជំរុញ​​​ឲ្យ​​​ភូមា​​​​មាន​​​លទ្ធិ​​ប្រជា​ធិបតេយ្យ​​​ពេញ​លេញ​​​-នេះ​​​ជា​​​សេចក្តី​ថ្លែង​​​របស់​​​លោក​ស្រី​​ស៊ូជី​​នៅ​​ឱ​កាស​​​ទទួល​​​រង្វាន់​​ណូបែល​​សន្តិភាព​នៅទីក្រុង​ Oslo។ រង្វាន់​ណូបែល​​ដែល​​គេបានប្រកាសផ្តល់​​​​​ជូន​​លោកស្រី​​តាំងពី​​ឆ្នាំ​​១៩៩១​។​ ​ប៉ុន្តែ​​លោកស្រី​​មិន​​អាច​​​ចេញ​​មក​​ក្រៅ​​ប្រទេស​​បាន ​​​ដោយ​​ភូមា​​ជំនាន់​នោះ​​ស្ថិត​​នៅ​​ក្រោម​​ការ​​ក្តោប​ក្តាប់​​នៃ​​របប​​សឹក។​ ក្រោម​ស្នូរ​ទះដៃ​​យ៉ាង​​កង​​រំពង​​ពី​​សំណាក់​​អ្នក​​ចូល​រួម​​ក្នុង​​ពិធី​​ប្រគល់​​រង្វាន់​​ណូបែល​​នេះ ​លោកស្រី​​ស៊ូជី​បាន​​ថ្លែង​​ទៀត​​ថា ​“លោកស្រី​​នឹង​​ខិតខំ​​ប្រឹងប្រែង​អស់​ពី​​សមត្ថភាព​​​ដើម្បី​​ការផ្សះផ្សាជាតិនៅក្នុងប្រទេស​របស់​លោកស្រី។

ប្រធានបក្ស​ប្រឆាំង​ភូមា Aung San Suu Kyi​ ឡើងថ្លែងសុន្ទរកថា​នៅឱកាស​ទទួលរង្វាន់ណូបែលសន្តិភាព​នៅ​ Oslo​ថ្ងៃ​១៦មិថុនា​២០១២
ប្រធានបក្ស​ប្រឆាំង​ភូមា Aung San Suu Kyi​ ឡើងថ្លែងសុន្ទរកថា​នៅឱកាស​ទទួលរង្វាន់ណូបែលសន្តិភាព​នៅ​ Oslo​ថ្ងៃ​១៦មិថុនា​២០១២ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរ៏​១៦​មិថុនា​ម្សិលមិញ នាឱកាសទទួលរង្វាន់ណូបែល​សន្តិភាព​នៅ​ទីក្រុង​​ Oslo​​​ប្រទេស​ Norvège  លោកស្រីអ៊ុងសាន់ស៊ូជី​ប្រកបដោយទឹកចិត្តដ៏​​រំភើបខ្លាំងបាន​ថ្លែងថា​ “បក្ស​របស់​លោកស្រី គឺសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនិង​រូបគាត់ផ្ទាល់ បាន​​ត្រៀម​ខ្លួន​​​​ជា ស្រេច​ប្រកបដោយឆន្ទៈ​​មោះមុត ដើម្បី​ដើរតួនាទីគ្រប់យ៉ាង​នៅ​ក្នុង​​ដំណើរ​​​​ការ​ផ្សះផ្សា​ជាតិ”។ 

លម្អដោយផ្កាសៀតនៅលើភ្នួង​សក់និង​​មានសម្លៀក​បំពាក់​ជា​ប្រពៃណីរបស់​ភូមា​ជាមួយ​នឹង​​​​​ក្រមាបង់ក​​​ពណ៌ផ្កាត្របែកព្រៃ​លោកស្រីស៊ូជីដែលគេប្រសិទ្ធិនាមឲ្យថា “វីរនារី​ នៃ​ទីក្រុង​រ៉ង់ហ្គូន” បាន​​​ទទួល​ការទះដៃ​អបអរសាទរយ៉ាងខ្លាំងក្លាពី​សំណាក់​បណ្តា​ឥស្សរជន​និង​ប្រជា​ជន​​​ភូមាមួយចំនួន​ដែលជាអ្នកភៀសខ្លួន​មករស់នៅក្រៅប្រទេស​បានមកជួបជុំគ្នា​នៅ​​​ទី​មហា​សាល​​ដ៏ធំមួយនៃទីក្រុងអូស្លូនេះ។ នៅឱកាសនោះ លោកស្រីស៊ូជី បានរំលឹកជាថ្មី​​ថា​”​គាត់​មាន​​​ជំហរ​សុទិដ្ឋិនិយមតែប្រកប​ដោយភាពប្រុងប្រយ័ត្ន” ក្នុងខណៈដែល​​ប្រទេស​ភូមា​​កំពុង​​បោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យ​។ ភូមា ​​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​​​ថេនសេន​​ អតីតមេយោធាដែលបាន​បង្កើត​រដ្ឋាភិបាលមួយ​ដែល​លោកស្រី​ស៊ូជី​ វាយតម្លៃថា ​នៅ​​​ពុំទាន់​មាន​លក្ខណៈ​​ជា​ស៊ីវិលពេញលេញនៅឡើយទេ​។

លោកស្រីប្រធានបក្សប្រឆាំង​ភូមាAung San Suu Kyi (ស្តាំ)និងរដ្ឋមន្ត្រីក្រសួងការបរទេសNorvège Jonas Gahr Store (ឆ្វេង)នៅOslo​១៦មិថុនា២០១២
លោកស្រីប្រធានបក្សប្រឆាំង​ភូមាAung San Suu Kyi (ស្តាំ)និងរដ្ឋមន្ត្រីក្រសួងការបរទេសNorvège Jonas Gahr Store (ឆ្វេង)នៅOslo​១៦មិថុនា២០១២ REUTERS/Cathal McNaughton

 
ម្យ៉ាងទៀត លោកស្រីស៊ូជី បានសង្កត់​ធ្ងន់ដែរទៅ​លើអំពើហិង្សាដែល​នៅ​តែ​កើត​មាន​ជាបន្ត​នៅ​ភូមាថ្វីដ្បិតតែ​រដ្ឋាភិបាលថ្មី បានចុះហត្ថលេខា​លើបទឈប់បាញ់គ្នា ជា​មួយ​​ក្រុមឧទ្ទាម​ជនជាតិភាគតិចមួយចំនួនធំក៏ដោយក្តី។ ត្រង់នេះ លោកស្រីប្រធានបក្ស​ប្រឆាំង ​​ចង់​និយាយ​សំដៅ​ទៅលើ បញ្ហាជម្លោះ​រវាង​សហគមន៍​អ្នកកាន់​ព្រះពុទ្ធ​សាសនា​និង​​សហគមន៍​​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែលមានចំនួន​ភាគតិចនៅក្នុងប្រទេស។ ជម្លោះដ៏កាច​សាហាវ​រវាង​សហគមន៍​សាសនាទាំងពីរនេះដែលស្ថិតនៅ​ប៉ែក​ខាង​លិច​ប្រទេស បាន​សម្លាប់មនុស្ស​យ៉ាង​តិច​​៥០នាក់​ចាប់តាំងពីថ្ងៃ២៨ឧសភាមក-នេះ​ជាការ​រំលឹក​រ​បស់​លោក​ស្រី​ស៊ូជី។
 ​
ទន្ទឹមនេះ លោកស្រីជ័យលាភីរង្វាន់ណូបែលសន្តិភាពក៏មិនភ្លេចដែរ អំពីបញ្ហាអ្នក​ទោស​​នយោបាយ​​ភូមាដោយបាន​អំពាវនាវ​សហគមន៍អន្តរជាតិសុំឲ្យជួយធ្វើអន្តរាគមន៍ដើម្បី ​ឲ្យ​របប​ភូមា​ធ្វើ ការដោះលែង​ពួកអ្នកទោសនយោបាយ​ដោយគ្មាន​លក្ខខណ្ឌ​។

បន្ទាប់ពីពិធីនេះ លោកស្រីស៊ូជី ​បាន​អញ្ជើញទៅទស្សនា ការតាំងពិព័រណ៌​នៅ​សារមន្ទីរ​មួយ​ដែល​​​​​គេ​​ឧទ្ទិសចំពោះលោកស្រី ស៊ូជី​ក្រោមឈ្មោះថា” មាតាប្រជាធិបតេយ្យ”។ ចំពោះ​លោក John Peder Egenaes អ្នកតំណាងរបស់​អង្គការការពារសិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International​នៅប្រទេសណ័រវែរ លោកស្រីស៊ូជី គឺជាបុគ្គល​គំរូ​មួយ​រូបសំរាប់មនុស្សទូទៅ​នៅ​ក្នុងការងារដើម្បី ជួយ​ទ្រទ្រង់​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពិភពលោក។

សូមបញ្ជាក់ថានៅក្នុង​ដំណើរទស្សនកិច្ចនៅអឺរ៉ុបជាលើកដំបូង​ក្នុង​រយៈ​ពេល​២៤​ឆ្នាំ​ចុង​ក្រោយ​នេះ លោកស្រីស៊ូជី នឹងត្រូវអញ្ជើញទៅកាន់​ប្រទស​អង់គ្លេស​ អៀរឡង់​និង​បារាំង​ទៀត​ បន្ទាប់​ពី​ប្រទេសស្វីស​និង​ប្រទេសណ័រវែររួចមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ