អានតួអត្ថបទ
អ៊ីរ៉ង់

ទស្សនកិច្ច​​​តំណាង​ការទូត​អឺរ៉ុប​ ​កាថឺរីន​ អាស្ហតុន​ នៅ​​អ៊ីរ៉ង់​​

នៅថ្ងៃ​អាទិត្យ​នេះ ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ ​តំណាង​ការទូត​អឺរ៉ុប លោកស្រី កាថឺរីន អាស្ហតុន Catherine Ashton បាន​លើកឡើង​​ថា កិច្ចចរចា​សំណុំរឿង​នុយក្លេអ៊ែរ​ជាមួយអ៊ីរ៉ង់​​ មិនអាចនឹង​​​ធានា​ថា​ផ្តល់​ភាព​ជោគជ័យ​​ សម្រាប់​កិច្ចព្រមព្រៀង​ចុងក្រោយ​នោះទេ។ ប៉ុន្តែ​ភាគីចរចា​ត្រូវតែ​កំណត់​ទិសដៅ​ថា នឹង​សម្រេច​អោយ​បាន​នូវ​កិច្ច​ព្រមព្រៀង​​ចុងក្រោយ។

លោកស្រី Catherine Ashton តំណាងការទូត​អឺរ៉ុប និង​លោក​Javad Zarif តំណាង​ផ្នែកចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ (ស្តាំ)
លោកស្រី Catherine Ashton តំណាងការទូត​អឺរ៉ុប និង​លោក​Javad Zarif តំណាង​ផ្នែកចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ (ស្តាំ) Reuters/路透社
ផ្សាយពាណិជ្ជកម្ម

តាំងពី​ថ្ងៃ​សៅរ៍ម្សិលមិញ តំណាង​ការទូត​អឺរ៉ុប លោកស្រី កាថឺរីន អាស្ហតុន Catherine Ashton បាន​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ ​ពី​ទំនាក់ទំនង​រវាង​សហភាព អឺរ៉ុប និង​ពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ លោកស្រី​អាស្ហតុន បានជួបជាមួយ​លោក ចាវ៉ាដ ហ្សារីហ្វ តំណាង​ផ្នែក​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ តំណាង​ការទូត​អឺរ៉ុប​លើកឡើង​ថា ការ​ចរចា​សំណុំ​រឿង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ រវាង​អ៊ីរ៉ង់ និង​​​​ប្រទេស​មហាអំណាច​៥+១​ មាន​បារាំង​ អាមេរិក អង់គ្លេស រុស្ស៊ី ចិន និង​អាល្លឺម៉ង់​នោះ មិនអាច​នឹង​ធានា​ថា ផ្តល់ភាព​ជោគជ័យ​សម្រាប់​កិច្ចព្រមព្រៀង​ចុងក្រោយ​នោះទេ។ សម្រាប់​លោកស្រី​អាស្ហតុន ការចរចា​នេះ មាន​ដំណើរការ​​ពិបាក​ណាស់ ប៉ុន្តែ ភាគី​ចរចា​ទាំងអស់​​ បាន​សម្រេច​ថា ត្រូវតែ​សម្រេច​ចេញ​​អោយបាន​នូវកិច្ចព្រមព្រៀង​ចុងក្រោយមួយ។

គួររំលឹកឡើងវិញ​ថា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ អ៊ីរ៉ង់​និង​ប្រទេស​មហាអំណាច​៥+១ បានសម្រេចចេញ​កិច្ចព្រមព្រៀង​បណ្តោះ​អាសន្នមួយ សម្រាប់​រយៈ​ពេល​៦ខែ តំរូវ​អោយ​អ៊ីរ៉ង់​ព្យួរចោល​រាល់​សកម្មភាព​នុយក្លេអ៊ែរ ជាការផ្តោះប្តូរ​ជាមួយ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោក​ខាងលិច។ ប្រទេស​លោក​ខាងលិច​តែ​ងសង្ស័យ​អ៊ីរ៉ង់​ថា ចង់​ប្រើ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល ដើម្បីផលិត​គ្រាប់បែក​បរមាណូ។ បណ្តា​ប្រទេស​លោក​ខាងលិច​បាន​សុំអោយ​អ៊ីរ៉ង់​បិទចោល​នូវ​ទីតាំង​នុយក្លេអ៊ែរ​ពីកន្លែង គឺ​ទីតាំង​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​ ឈ្មោះថា ហ្វ៊រដូ​ និង​មជ្ឈមណ្ឌល​ទឹកធ្ងន់​ អារ៉ាក់។ ប៉ុន្តែ អ៊ីរ៉ង់​បិដសេធ​ និង​ប្រាប់​វិញ​ថា ត្រៀមខ្លួន​ចាត់វិធានការ​​ដើម្បី​ធានាថា អ៊ីរ៉ង់​មិន​បង្វែរ​​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល អោយ​បម្រើ​ប្រយោជន៍​យោធា​នោះទេ។ ​

ក្នុង​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ ចុងសប្តាហ៍​នេះដែរ លោកស្រី​អាស្ហតុន ក៏បាន​ពិភាក្សា​ពី​បញ្ហា​ស៊ីរី និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ផងដែរ។ ទាក់ទង​នឹង​សិទ្ធិមនុស្ស ប្រទេស​លោក​ខាងលិច​ធ្លាប់​​រិះគន់​​អ៊ីរ៉ង់​ដែល​តែង​សម្រេច​អោយ​មាន​ការកាត់ទោស​ប្រហារជីវិត និង​ដាក់​ពន្ធនាគារ​​បណ្តា​សកម្មជន​ប្រឆាំង​នយោបាយ​​ ជាច្រើន​ញយដង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ