អានតួអត្ថបទ
កម្ពុជា-អាមេរិក

ឯកអគ្គរដ្ឋ​ទូត​អាមេរិក​សម្តែង​ទុក្ខ​ក្រៀម​ក្រំ​ចំពោះ​ការបាត់បង់​សម្តេចឪ

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីលៀម ថូដ បាន​សម្តែង​សមាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ការបាត់បង់​អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចឪ នរោត្តម សីហនុ។ ការសម្តែង​មរណៈទុក្ខ នេះ​បាន​ធ្វើឡើង​តាមរយៈ​ការឆ្លើយ​សំណួរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​បាន​ចោទសួរ​តាម​លិខិត​អំពី​ទស្សនៈ​របស់​ស្ថានទូត​អាមេរិក​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ។ ការចោទសំណួរ និងការសម្តែង​សមាន​ទុក្ខ​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​បានកើត​ឡើង​ខណៈដែល​សហរដ្ឋ​អាមេរិក​ហាក់​នៅ​ស្ងប់ស្ងៀម​ចំពោះ​ព្រះ​បរមសព​សម្តេចឪ។

​​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William E. Todd ​ជាមួយ​កុមារ​កម្ពុជា
​​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William E. Todd ​ជាមួយ​កុមារ​កម្ពុជា ©ស្ថានទូត​អាមេរិក
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ខ្ទង់​ព័ត៌មាន​ប្រចាំ​សប្តាហ៍​របស់ខ្លួន ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីលៀម ថូដ ( William E. Todd) បាន​សម្តែង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​ព្រះ​បរមសព​សម្តេចឪ​នរោត្តម សីហនុ។ នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​តំណាង​ទីក្រុង​វ៉ាស៊ីនតោន​បាន​សម្តែង​សមាន​ទុក្ខ និង​និយាយ​អំពី​វីរភាព​របស់​អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចឪ នរោត្តម សីហនុ។

ប៉ុន្តែ លោក​បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​ខ្ទង់​ព័ត៌មាន​ប្រចាំ​សប្តាហ៍​ថា លោក​បានទទួល​សំណួរ​មួយចំនួន​ដែល​ចង់ដឹង​ពី​ទស្សនៈ​របស់​ស្ថានទូត​អាមេរិក​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ។ គឺ​សំណួរ​ទាំងអស់នោះ​ហើយ​ដែល​បានធ្វើ​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​ឆ្លើយតប​ដោយ​បង្ហាញ​ពីស​មានទុក្ខ​អស់ពីដួងចិត្ត​ចំពោះ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី រាជវង្ស និង​ប្រជាជន​កម្ពុជា​ដែល​បាន​បាត់បង់​ព្រះ​វ​ររាជបិតា ​របស់​ខ្លួន។

លោក វីលៀម ថូដ ក៏បាន​បរិយាយ​យ៉ាង​វែង​អំពី​សារសំខាន់​របស់​អង្គ​សម្តេចឪ​ចំពោះ​ប្រជាជន​កម្ពុជា។ លោក​កត់សម្គាល់ថា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ គឺជា​មហាក្សត្រ​ដែលមាន​ចំណែក​យ៉ាងសកម្ម​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង៧ទសវត្សរ៍ ហើយ​កេរដំណែល​របស់​ព្រះអង្គ​នៅមាន​ឥទ្ធិពល​យូរអង្វែង​សម្រាប់​ប្រទេស​កម្ពុជា។ ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ​ក៏បាន​សង្កេតឃើញ​អំពី​ការស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​អង្គ​សម្តេចឪ​ផងដែរ។

ការសម្តែង​សមាន​ទុក្ខ​ជា​សាធារណៈ​របស់លោក វីលៀម ថូដ ហាក់​បាន​ទម្លាយ​ភាពស្ងប់ស្ងាត់​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​សោយ​ទិវង្គត​របស់​សម្តេចឪ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ហាក់​មិនសូវ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ​ទៅលើ​ព្រឹត្តិការណ៍​នេះ។ ជាក់ស្តែង ក្នុងពេល​មាន​វត្ត​មាននៅ​កម្ពុជា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ២០១២ កន្លងទៅ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក មិនបាន​ចូលទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​សម្តេចឪ​នៅក្នុង​ព្រះបរមរាជវាំង​ដូចជា​មេដឹកនាំ​មកពី​ប្រទេស​ផ្សេង​ទៀតឡើយ។ សហរដ្ឋអាមេរិក​ក៏​មិនបាន​ចាត់​តំណាង​ជាន់ខ្ពស់​មក​ចូលរួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះដែរ។

យ៉ាងណាក៏ដោយ លោក ឯកអគ្គរដ្ឋទូត វីលៀម ថូដ បាន​បញ្ជាក់ថា លោក​មាន​កិត្តិយស​ធ្វើជា​តំណាង​សហរដ្ឋអាមេរិក​ចូលរួម​ក្នុង​ពិធី​តម្កល់ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្តេចឪ នៅ​ថ្ងៃស្អែក។ លោក​អះអាងថា សូម​សម្តែង​សមាន​ទុក្ខ​អស់ពីដួងចិត្ត​ក្នុងនាម​ស្ថានទូត​អាមេរិក និង​ប្រជាជន​អាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ