អានតួអត្ថបទ
ចិន

អៃ វៃវៃ៖ រដ្ឋអំណាច​​​ចិន​​​ប្រតិកម្ម​តបដោយ ​​"ប្រមាថ​មាក់ងាយ​​​សីលធម៌​​​ និង​​​យុត្តិធម៌សង្គម"​​

បន្ទាប់​ពី​​រដ្ឋអំណាច​​ចិន​ដាក់​​កំហិត​ឲ្យ​​បង់​ប្រាក់​​ចំនួន ​១៥​​លាន​​យ័ន​នៅ​​ថ្ងៃ​​អង្គារ​​១​​វិច្ឆិកា​​ម្សិល​មិញ​​​​មក​ វិចិត្រករ​​ដ៏​​ល្បី​​ឈ្មោះ ​អៃវៃវៃ​ នៅ​​ថ្ងៃ​​ពុធ​​ទី​​២​​វិច្ឆិកា​​នេះ​បាន​​ចោទ​​រដ្ឋអំណាច​​ថា​​បាន​​តបត​​​​​​មួយ​ជាការ​​​មាក់​ងាយ​​​​​ដល់​​សីលធម៌​និង​​យុត្តិធម៌​​នៅ​​ក្នុង​​សង្គម។​ ​ការ​រិះ​​គន់​​របស់​​លោក​​អៃវៃវៃ​​នេះ​​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​តាម​​រយៈ​​សារ​​មួយ​​នៅ​​លើ​​បណ្តាញ​​សង្គម​ Twitter​ ដែល​​អាជ្ញាធរ​​​ចិន​​ធ្វើការ​ត្រួត​ពិនិត្យ​​យ៉ាង​មធ្យ័ត។​

វិចិត្រករ​ អៃវៃវៃឈរនៅមុខបន្ទប់ផ្ទះគាត់​បន្ទាប់​ពីត្រូវបានអាជ្ញាធរដោះលែងពីពន្ធនាគារ​នៅប៉េកាំងថ្ងៃទី២៣មិថុនា២០១១។
វិចិត្រករ​ អៃវៃវៃឈរនៅមុខបន្ទប់ផ្ទះគាត់​បន្ទាប់​ពីត្រូវបានអាជ្ញាធរដោះលែងពីពន្ធនាគារ​នៅប៉េកាំងថ្ងៃទី២៣មិថុនា២០១១។ REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារ​របស់​ខ្លួន​នោះ លោក​អៃវៃវៃ បាន រិះគន់​ថា « មន្ត្រីរដ្ឋការ បុរស,ស្រ្តី ទំាងអស់ ដែល​បំរើ​ការងារ​នៅ​ក្នុង​ជួរគណបក្ស​កុម្មុយនិស្ត គ្មាន​​ការ​ខ្មាស​អៀន​អ្វី​បន្តិច​សោះដែល​សុខចិត្ត​​ធ្វើ​ជា​​​​ឧបករណ៍​បំរើ​ដាច់​ថ្លៃរបស់ ​គណបក្ស​នយោបាយ​មួយ​ដែល​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​"។
ថ្មីៗ ​កន្លង​មក​នេះ ​វិចិត្រករ​អៃវៃវៃ ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់​ខ្លួន​​ដាក់​ក្នុង​ពន្ធនាគារ​យ៉ាង​សម្ងាត់​បំផុត​អស់​រយៈពេល​​៣​ខែ ​ដែល​តាម​ផ្លូវការ លោកជាប់​គុក​​ពី​បទ​លួច​ពន្ធរដ្ឋ។

បន្ទាប់ពី​អាជ្ញាធរ​ចិន បាន​គំរាម​ឲ្យ​បង់​ពន្ធ​ជូន​រដ្ឋ ចំនួន​ទឹក​ប្រាក់​ ១៥​លាន​យ័ន​ឬ​ស្មើ​នឹង១ លាន​៧​​សែន អឺរ៉ូ​មក វិចិត្រករ អៃវៃវៃ បាន​​ចោទ​ថា" នេះ ជា​វិធានការ​មួយ​ដែល​រដ្ឋអំណាច​ចង់​វាយ​បំបាក់​​ស្មារតី​​គាត់​ឲ្យ​បាក់​ស្បាត​ទាំង​ស្រុងនិង​លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់ »។

យ៉ាងណាមិញ ការ​ចាប់​ខ្លួន​វិចិត្រករ អៃវៃវៃ ដាក់​ពន្ធនាគារ​យ៉ាង​សម្ងាត់​នៅ​ដើម​ខែ​មេសា​រហូត​ដល់​ចុង​ខែ​មិថុនា​កន្លង​ផុត​ទៅ​នេះ បាន​ជំរុញ​ឲ្យ​ពិភពលោក មាន​ការ​ខឹង​សម្បា​នឹង​រដ្ឋ​អំណាច​ចិន​យ៉ាង​ខ្លាំង។  តាំងពី​ពេល​នោះ​ដែរ អៃវៃវៃត្រូវ​រស់​នៅ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​មធ្យ័ត​ពី​សំណាក់​​​​​អាជ្ញាធរ​​និង ក៏​មិន​អាច​ចាក​ចេញ​ពី​ទីក្រុង​ប៉េកាំង​ដែរ។

ប្រទេស​អាល្លឺម៉ង់​ បាន​ចោទ​ប្រកាន់ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញថា «ទីក្រុង​ប៉េកាំង​បានធ្វើ​ទុក្ខ​បុក​ម្នេញ​​ទៅ​លើ​វិចិត្រករ​អៃវៃវៃ ដែល​ការ​តាំង​ពិព័រណ៍​រូបថត​មួយ​របស់គាត់​​​ត្រួស​ត្រាយពី​ទីក្រុង New York ​ ជំនាន់ ១៩៨៣ -១៩៩៣ កំពុងតែ​ប្រព្រឹត្ត​ទៅ​នៅសារមន្ទី​រ​ ទីក្រុង​ប៊ែរឡាំង Martin-Gropius-Bau រហូតដល់ខែមីនា​ឆ្នាំ​២០១២។

នីតិវិធី​ប្រឆាំង​នឹង​លោក​អៃវៃវៃ​នេះ ជា​ថ្មី​ម្តង​ទៀត ធ្វើ​ឲ្យ​គេ​យល់​ឃើញ​ថា​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មួយ​ដោយ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ប្រឆាំង​នឹង​រដ្ឋអំណាច​ចិន។ នេះ​ជា​ការ​ពន្យល់​របស់​លោក Markus Löning នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​របស់​មន្ត្រី​ក្រសួង​ការបរទេស​​អាល្លឺម៉ង់​ទទួល​បន្ទុក​សិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ