អានតួអត្ថបទ
អ៊ុយក្រែន

អណ្តូងរ៉ែ​មួយ​បាន​ផ្ទុះ​បណ្តាល​ឲ្យ​ស្លាប់​កម្មករ​រ៉ែ ១៦នាក់

ការផ្ទុះ​នេះ បានប្រព្រឹត្តទៅ​យប់មិញ នៅវេលា​ម៉ោង ១និង៥៧នាទី រំលង​អធ្រាត្រចូល​ថ្ងៃ​ទី ២៩​កក្កដា​នេះទៅ​ហើយ គឺ ក្នុង​អណ្តូង​រ៉ែ​មួយ នៃ​ខេត្ត Lugansk ប៉ែក​ខាងកើត​បង្អស់ប្រទេស​អ៊ុយក្រែន ជាប់នឹង​ព្រំប្រទល់​រុស្ស៊ី​ផ្ទាល់។ ផ្ទុះគ្ឌាំង​នេះ តាម​មតិ​ក្រុម​អង្កេត គឺ​បណ្តាល​មកពី​ការឆេះ​យ៉ាង​គំហុក នៃឧស្ម័ន Methane ដែល​ភាយ​ចេញ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់តែម្តង ពី​ធ្យូងថ្ម ក្នុង​អណ្តូង​នោះ។

ទីតាំង​ដែល​អណ្តូង​រ៉ែ​មួយ​បានផ្ទុះ​នៅ​ប្រទេស​អ៊ុយក្រែន
ទីតាំង​ដែល​អណ្តូង​រ៉ែ​មួយ​បានផ្ទុះ​នៅ​ប្រទេស​អ៊ុយក្រែន
ផ្សាយពាណិជ្ជកម្ម

ពេល​ផ្ទុះ​នោះ មាន​កម្មករ​ចំនួន​២៨នាក់បាន​ជាប់ដៃ​ជីក​យក​ធ្យូងថ្ម នៅក្នុង​ជម្រៅ ៩១៥​ម៉ែត្រ។ ពី​ក្នុង​នោះ មាន​១៦នាក់បានធ្លាក់​ខ្លួន​ស្លាប់​ភ្លាម។ ៣​នាក់​ដែល​រលាក ស្បែក ក្នុង​កម្រិត​យ៉ាងធ្ងន់បាន​ត្រូវដឹក​ទៅមន្ទីរពេទ្យ​ជាបន្ទាន់។ ចំណែក​៩នាក់​ទៀត ស្រាប់​តែ បាត់ខ្លួនរក​មិនទាន់​ឃើញ​ទេ។

ក្រុម​អង្កេត ដែល​បាន​បង្កើត​ឡើង​ទៅ​តាម​ការណែនាំ របស់​លោក​ប្រធានាធិបតីYanukovitch សម្រាប់​វែកញែក អំពីមូលហេតុ​នៃ​ការផ្ទុះ​នោះ បាន​សន្និដ្ឋាន​ត្រួសៗ ថា គឺ ប្រហែល​មកពី ឧស្ម័ន Methane គ្មានពណ៌ ដែល​មិនអាច​ត្រូវ​គេ​មើលឃើញ វា​ភាយ​ចេញ យ៉ាងច្រើន​គំហុក ពី​ធ្យូងថ្ម ហើយពេល​វា​ទង្គិច នឹង​ធាតុ​Oxygene ក៏​ឆេះ​វឹប បង្ក​ឲ្យ​ផ្ទុះ​គ្ឌាំង​តែម្តង។

គួរ​បញ្ជាក់ថា ៩៦% នៃ​អណ្តូងរ៉ែ​នៅ​អ៊ុយក្រែន គិត​តាំងពី​ដំណាច់​ទសវត្ស​ទី​៨០មក ឥតបានទទួល​ការ​ជួសជុល​ទេ។ ម៉្លោះហើយ បាន​ជា​វា​ឧស្សាហ៏​កើត​មាន​គ្រោះថ្នាក់​។ ព្រឹកថ្ងៃនេះតែម្តង ក្នុង​អណ្តូង​រ៉ែ​នៃខេត្ត Donetsk នៅ​ជិត​ខាង ស្រាប់តែ​មាន​ឧប្បត្តិហេតុ​កើតឡើង បណ្តាល​ឲ្យ​ស្លាប់​កម្មករ​ម្នាក់ដែរ និង​របួស​៨​នាក់។

ក្នុង​ខេត្ត Donetsk​នោះ​ឯង ដែល​ល្បី​ជា​ជង្រុក​ធ្យូងថ្ម កាល​ពី​៤ឆ្នាំ​មុន ដោយ​មកពីការផ្ទុះ​នៃ​ធាតុ Methane មាន​កម្មករ​ស្លាប់​ដល់​ទៅជាង​១០០នាក់។ ហើយ​ក្នុង​ចន្លោះ​ពី​ឆ្នាំ១៩៩៩ ដល់​២០០៧ មាន​ស្លាប់​ដល់​ទៅ​ជាង១៨០នាក់ ហេតុ​ដែល​ប្រែ​អណ្តូងរ៉ែ​នៅ​អ៊ុយក្រែនទៅ​ស្ថិត​ក្នុងចំណោម អណ្តូងរ៉ែ ដែល​គ្រោះថ្នាក់​ជាងគេ​លើ​ពិភព​លោក។

ដោយ​មក​ពី​គ្រោះថ្នាក់​នេះ ក្នុងអំឡុង​ទសវត្ស​ទី​៩០ អាជ្ញាធរ​អ៊ុយក្រែន​បាន​បិទ​ឲ្យ​ឈប់ដំណើរការ អស់១/៣ គឺ​អណ្តូង​រ៉ែ​ណា​ដែល អាយុ​សុទ្ធ​តែ​ជាង ១០០ឆ្នាំ​ហើយ។

អ៊ុយក្រែន ទោះបី​ក្នុង​១ឆ្នាំ​ៗ ផ្តល់​ជា​មធ្យម បាន​ធ្យូង​ថ្ម​ប្រមាណ​៨០​លាន​តោន​ក្តីក៏​ប្រទេស​នេះ ឥត​ជាប់​ឈ្មោះ​ទេ ក្នុងបញ្ជី​១០​ប្រទេស​ដែល​នាំមុខ​គេ​វិស័យ​នេះ ៖ ចិន​ជាប់​លេខ១ដោយ​ផលិត បាន​ធ្យូង​ថ្ម​ក្នុង​១ឆ្នាំ​ដល់​ជាង ៣.០០០​លាន​តោន។ ស.រ.អា.ជាប់​លេខ​២ ដោយ​តួលេខ១.០០០​លាន​តោន។ ឥណ្ឌា​ជាប់​លេខ​៣ ដោយ​ផលិត​បាន៥៦០​លាន​តោន។ រុស្ស៊ី​ជាប់​លេខ៥ ដោយ​ផ្តល់​បាន ៣០០លានតោន។ កាហ្សាក​ស្ថាន ជាប់លេខ​១០ត្រឹម​តួលេខ​១០០​លាន​តោន។

ចំណែក​អណ្តូង​រ៉ែ ដែល​មាន​ជម្រៅ ជ្រៅ​ជាងគេ ដល់​ទៅ ៤.៥០០ម៉ែត្រ​ក្រោម​ដី គឺ​ស្ថិត​នៅសាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ