អានតួអត្ថបទ
កម្ពុជា

ប្រជាពលរដ្ឋ​៨​នាក់​ដែល​​សរសេរ​អក្សរលើ​ដំបូល​ផ្ទះ ស្វែង​រក​អន្តរាគមន៍​ពី​លោក អូបាម៉ា ត្រូវអាជ្ញាធរដោះលែង

អាជ្ញាធរក្រុងភ្នំពេញ បាន​ដោះលែង​ប្រជាពលរដ្ឋ ៨ នាក់ ដែល​ក្នុងនោះ មាន​ស្ត្រី ៦ នាក់ ឲ្យ​វិល​​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ កាលពី​ម៉ោង​ជាង ៧ យប់ ថ្ងៃទី​១៥​វិច្ឆិកាម្សិលមិញ។ ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន យក​ទៅ​ឃុំឃាំង និង​សួរនាំ កាលពី​ព្រឹក​ព្រលឹមថ្ងៃទី​១៥​វិច្ឆិកា បន្ទាប់ពី​ពួកគេ បាន​សរសេរ​អក្សរ "SOS" និង​បិត​រូបថត​លោក អូ​បា​ម៉ា លើ​​ដំបូលផ្ទះ ដើម្បី​ស្វែងរក​អន្តរាគមន៍​ក្នុង​រឿង​ដីធ្លី ពី​ប្រធានាធិបតី​អាមេរិក ដែល​នឹង​មក​ចូល​រួម​កិច្ចប្រជុំ​នៅ​កម្ពុជា នៅថ្ងៃ​ទី​១៩ ខែវិច្ឆិកាខាងមុខ។

ពលរដ្ឋ​ខ្មែរ​​កំពុង​បិទ​រូប​ថត​លោក​អូបាម៉ា​លើ​ដំបូល​ផ្ទះ
ពលរដ្ឋ​ខ្មែរ​​កំពុង​បិទ​រូប​ថត​លោក​អូបាម៉ា​លើ​ដំបូល​ផ្ទះ © Reuters
ផ្សាយពាណិជ្ជកម្ម

​អ្នកស្រី ភួង សុភាព អាយុ ៣៨ ឆ្នាំ ជា​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ៨ នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន បានឲ្យដឹងថា ​អាជ្ញាធរ ​បាន​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ ផ្តិតមេដៃ​លើ​កិច្ចសន្យា​ថា បញ្ឈប់​​សកម្មភាព​តវ៉ា សរសេរ​អក្សរ ឬ​ក៏​លើក​បដា នៅពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

 
​អ្នកស្រី ភួង សុភាព ដែល​ប្រឈម​នឹង​បាត់បង់​ផ្ទះ នៅជាប់​នឹង​របង​ព្រលានយន្តហោះ​ភ្នំពេញ ក៏​បាន​បន្ថែមថា អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ឡើង​លើ​ដំបូលផ្ទះ លុប​អក្សរ សុំ​ជំនួយ​បន្ទាន់​ពី​លោក​​អូ​បា​ម៉ា  និង​បក​រូបថត​របស់​លោក អូ​បា​ម៉ា ចេញពី​ដំបូល​ផ្ទះ​ របស់​ប្រជាពលរដ្ឋ​ ដែល​ស្ថិត​នៅជាប់នឹងរបងព្រលានយន្តហោះភ្នំពេញផង​ដែរ​។​

​សូម​រម្លឹកថា ​ក្រុម​ប្រជាពលរដ្ឋ​ជាង ១៨០ គ្រួសារ នៅជាប់​នឹង​របង​ព្រលានយន្តហោះ ប្រឈម​នឹង​ការ​បណ្ថេញចេញ​ពី​លំនៅដ្ឋាន ដោយ​អាជ្ញាធរ តម្រូវ​ឲ្យ​រុះរើ​ផ្ទះ​ចេញ ត្រូវ​ពង្រីក​ព្រលាន​យន្តហោះ ដែលឃ្លាត​ពី​របង សព្វថ្ងៃ ចំនួន ១០ ម៉ែត្រ​។

​ប្រជាពលរដ្ឋ​អះអាងថា ការតម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះសម្បែង​ចេញ​នោះ គឺ​អាជ្ញាធរ មិន​បាន​ផ្តល់​​សំណង​អ្វី​ឡើយ ទោះបីជា​ទីតាំង​ដី​ថ្មី សម្រាប់​ដោះដូរ ក៏​គ្មាន​ដែរ ខណៈ​ដែល​ប្រជាពលរដ្ឋ​មាន​​ប្លង់​សម្គាល់​កម្មសិទ្ធិ​ដី និង​ផ្ទះ ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋានយ៉ាងត្រឹមត្រូវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ