អានតួអត្ថបទ
រុស្ស៊ី

ខួប​៧១​ឆ្នាំ​នៃ​សោកនាដកម្ម​ជាតិ​រុស្ស៊ី​

គឺ​ថ្ងៃ​២២​មិថុនា​ឆ្នាំ​១៩៤១​វេលាម៉ោង​៤​ភ្លឺ​ ដែល​កងទ័ព​អាល្លឺម៉ង់​ហ្វាស៊ីស​ បាន​វាយលុក​​ដោយ​ឥត​​ប្រកាស​ជា​មុន​មកលើ​សហភាព​សូវៀត ​ទាំង​រំលោភ​យ៉ាង​គំ​ហុក​លើ​ កតិកាសញ្ញា​ហាម​អំពើ​ឈ្លានពាន​ចុះ​ថ្ងៃ​២៣​សីហា​ឆ្នាំ​១៩៣៩ ​រវាង​រដ្ឋាភិបាល​ហ្វាស៊ីស​អាល្លឺម៉ង់​របស់​ Hitler​និង​ រដ្ឋាភិបាល​កុម្មុយនិស្ត​សូវៀត​របស់​ Staline។​ សង្គ្រាម​នេះ ​ដែល​បាន​ពន្យារ​ទៅអស់​១៤១៨​​ថ្ងៃ​ បាន​ផ្តាច់​ជីវិត​ប្រជាជន​សូវៀត​អស់​ដល់​ទៅ​ ២៦លាន៥​សែន​នាក់​ជា​ សោកនាដ​កម្ម​ទួទាំង​ប្រទេស​ជាតិ​ដ្បិត​គ្រួសារ​ណា​ក៏​បាន​បាត់បង់​សាច់​ញាតិ​ខ្លួន​ដែរ។​

ខួប​៧១​ឆ្នាំ​នៃ​សោកនាដកម្ម​ជាតិរុស្ស៊ី​
ខួប​៧១​ឆ្នាំ​នៃ​សោកនាដកម្ម​ជាតិរុស្ស៊ី​ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

មុននឹងផ្តើមការវាយលុកនេះមកលើសហភាពសូវៀត ប្រទេសអាល្លឺម៉ង់ហ៊ីត្លែរនិយម បាន ផ្តុំ​កង​ទ័ព​ខ្លួន​នៅតាមព្រំដែនសូវៀតគឺពលទាហានចំនួន៥លាន៥សែននាក់, រថក្រោះ ៤.៣០០​គ្រឿង​​ កាំភ្លើង​ធំ​ចំនួន​ ៤ម៉ឺន៧.០០០គ្រឿង,យន្តហោះចម្បាំងប្រមាណ៥.០០០​គ្រឿង​នាវា​​ចម្បាំង​ជាង​១៩០គ្រឿង។

ចំណែកសហភាពសូវៀត កាលណោះបានពង្រាយ ឲ្យប្រចាំការសម្រាប់ការពារព្រំដែនខ្លួន គឺ ពលទាហានតែ ២លាន៧សែននាក់, រថក្រោះ​តែ​១.៤៧៥​គ្រឿង,កាំភ្លើង​ធំ ៣​ម៉ឺន​៨​ពាន់​គ្រឿង​,​យន្តហោះ​ចម្បាំង ១.៥៤០គ្រឿង, នាវាចម្បាំង ១៨២គ្រឿង។

គឺបន្ទាយទាហានក្រុងBrest លើដែនដី​ Belarus ប៉ែកខាងលិចបង្អស់ របស់សហភាពសូវៀត ដែលបាន​រងការ​វាយប្រហារ​យ៉ាង​ធ្ងន់​ដំណំ​ជាង​គេ​ពី​ខាង​កងកម្លាំង​អាល្លឺម៉ង់ នៅ​នាទី​ដំបូង​នៃ​អំពើ​ឈ្លានពាន​នោះ។

តាមគម្រោង Hitler ដែលបានដាក់ឈ្មោះដល់យុទ្ធនាការឈ្លានពាននោះ ថា”ផ្លេកបន្ទោរ” គឺ​ត្រូវ​ ចាប់យកសហភាពសូវៀត ឲ្យបាន​ទៅ​ទល់​ដំណាច់​ឆ្នាំ១៩៤១នោះទៅហើយ ដ្បិត ទឹកដី​សូវៀត​សម្បូណ៌ដោយ វត្ថុធាតុដើម បែបយ៉ាង ធ្យូងថ្ម សម្រាប់ផលិតជាដែកនៃ គ្រឿង​ចម្បាំង​របស់​ខ្លួន​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត​នៅ​តំបន់​ភ្នំ​កូកាស ត្រង់​សមុទ្រ​Caspienne និង​ឧស្ម័ន​តំបន់ Siberie ព្រមទាំង ស្រូវ​ជា​ស្បៀង​ មាន​ជង្រុក​ស្រូវ​នេះ នៅ​Ukraine ជាដើម​សម្រាប់​ដើរ​តួ​ជា ​រណសិរ្សជួរក្រោយ  បម្រើដល់ សមរភូមិមុខ របស់កងទ័ពអាល្លឺម៉ង់ហ្វាស៊ីស ឆ្ពោះទៅ ក្តាប់​យក​​ពិភពលោកទាំងមូល ឲ្យចំណុះ អាណាចក្រអាល្លឺម៉ង់របស់ Hitler។

ប៉ុន្តែ ផែនការដ៏យង់ឃ្នងនេះរបស់ Hitlerបានធ្លាក់ក្នុងបរាជ័យយ៉ាងអាម៉ាស់ដោយថ្ងៃ៨ឧ​សភា​ ឆ្នាំ១៩៤៥ វេលាម៉ោង២២និង៤៣នាទី ម៉ោងក្រុង Berlin គឺត្រូវនឹងម៉ោងសូន្យ៤៣នាទី រំលង អធ្រាត្រ​ឆ្លងចូល ថ្ងៃ៩ឧសភាទៅហើយម៉ោងម៉ូស្គូ មេទ័ពអាល្លឺម៉ង់បានចុះហត្ថលេខាសុំ ចុះ​ចាញ់ ៖ម៉្លោះហើយបានជារុស្ស៊ីក្នុងឋានៈជាប្រទេសបន្តកេរពីសហភាពសូវៀតតែងប្រារព្ធ ទិវា​ជ័យ​ជំនះ​គឺ​ថ្ងៃ៩ឧសភា​ចំណែកបស្ចិមប្រទេស ប្រារព្ធវាគឺថ្ងៃ៨ឧសភា។
 

រុស្ស៊ីបានដាក់ឈ្មោះដល់សង្គ្រាម ឆាបឆេះមកលើទឹដីខ្លួនកាលពី៧១ឆ្នាំមុនហើយដែលបាន ពន្យារ​ទៅ​អស់១៤១៨ថ្ងៃថាជាមហាសង្គ្រាម​ការពារ​មាតុភូមិ គឺ​ខុស​ពី​សង្គ្រាម​លោក​លើក​ទី២​ ដែលបានផ្ទុះឡើងថ្ងៃ ១កញ្ញាឆ្នាំ១៩៣៩ ដោយការឈ្លានពាននៃទ័ពអាល្លឺម៉ង់ លើទឹកដី​ប៉ូឡូញ​ហើយដែលចប់ទៅ​នៅទ្វីបអឺរ៉ុប ដោយការចុះហត្ថលេខាសុំចុះចាញ់នៃមេទ័ពអាល្លឺម៉ង់ ថ្ងៃ​ ៨ឧសភា១៩៤៥ និងនៅទ្វីបអាស៊ីដោយការចុះហត្ថលេខាសុំចុះចាញ់នៃមេទ័ពជប៉ុនថ្ងៃទី ២​កញ្ញា ឆ្នាំនោះដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ