អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ទាហាន​អាហ្វហ្កានីស្ថាន​៥នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​អូតង់

ទាហាន​អាហ្វហ្កានីស្ថាន​យ៉ាងតិច ៥នាក់​ បាន​ស្លាប់ និង ៨នាក់​ផ្សេងទៀត​រងរបួស កាល​ពីថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​កងកម្លាំង​អូតង់។ ប្រមុខដឹកនាំ​អាហ្វហ្កានីស្ថាន​បាន​ថ្កោលទោស​​ការ​វាយប្រហារ​នេះ ហើយ​បាន​ប្រកាសបើក​​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ ដើម្បី​រក​ឲ្យ​ឃើញ​​នូវ​មូលហេតុ ដែល​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ។

យន្តហោះ​គ្មាន​មនុស្ស​បើក (drone) របស់​អាមេរិក​
យន្តហោះ​គ្មាន​មនុស្ស​បើក (drone) របស់​អាមេរិក​ Effrain Lopez/Handout
ផ្សាយពាណិជ្ជកម្ម

 

ហេតុការណ៍​បាន​កើតឡើង នៅ​ព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ នៅ​ខេត្ត​ប៉ែក​ខាង​កើត​ប្រទេស​អាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាហ្វហ្កានីស្ថាន​បាន​ឲ្យដឹង​ថា មាន​ទាហាន​អាហ្វហ្កានីស្ថាន ៥នាក់​ត្រូវ​ស្លាប់ និង​ ៨នាក់​ផ្សេងទៀត​ត្រូវ​រងរបួស នៅ​ក្នុង​ហេតុការណ៍​នេះ។ អាជ្ញាធរ​អាហ្វហ្កានីស្ថាន​ក៏​បាន​អះអាង​ផងដែរ​ថា ការវាយប្រហារ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) របស់​សហរដ្ឋ​អាមេរិក។

អង្គការ​អូតង់​​បាន​ប្រកាស​ទទួលស្គាល់​ថា​ពិត​ជា​មាន​ហេតុការណ៍​នេះ​កើតឡើង​មែន ដោយ​បាន​លើកឡើង​ថា ការ​វាយប្រហារ​​ទៅលើ​គ្នាឯង​នេះ គឺ​ជា​គ្រោះថ្នាក់​អកុសល​មួយ។ អូតង់​​បាន​ថ្លែង​ចូលរួមរំលែក​ទុក្ខ​ដល់​ជនរងគ្រោះ ហើយ​សន្យា​ថា​ នឹង​ចាត់វិធានការ ដើម្បី​បញ្ចៀស​កុំ​ឲ្យគ្រោះថ្នាក់​បែបនេះ កើតមាន​ឡើង​ជាថ្មី​ទៀត ទៅថ្ងៃ​អនាគត។

អ្នកនាំពាក្យ​លោក​ហាមីដ ការហ្សាយ (Hamid Karzai) ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ ក្រៅពី​បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​នេះ បាន​ប្រកាស​ឲ្យដឹង​ថា រដ្ឋាភិបាល​បាន​បើក​ការស៊ើបអង្កេត​មួយ​ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ដើមហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​មាន​ការ​វាយប្រហារ​ទៅលើ​ទាហាន​អាហ្វហ្កានីស្ថាន​បែបនេះ។

គួរបញ្ជាក់ថា កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់ តែងតែ​ធ្វើការ​វាយប្រហារ​តាម​ផ្លូវ​អាកាស ដោយ​ប្រើ​យន្តហោះ​ចម្បាំង និង​ជា​ពិសេស​យន្តហោះ​គ្មាន​មនុស្ស​បើក (Drones) ​ដើម្បី​ជា​ជំនួយ​ដល់​កងថ្មើរជើង នៅ​ក្នុងប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​តាលីបង់ ​​នៅ​ក្នុង​ទឹកដី​​អាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ​ ការស្លាប់​ជនស៊ីវិល​អាហ្វហ្កានីស្ថាន​នៅ​ក្នុង​ប្រតិបត្តិការ​ទាំងនេះ​តែងតែ​ជា​បញ្ហា​ចម្រូងចម្រាស​មួយ ដែល​បំពុល​ទំនាក់ទំនង រវាង​រដ្ឋាភិបាល​ក្រុង​កាប៊ុល និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន។

អាមេរិក និង​អូតង់​គ្រោង​នឹង​ដកកងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន នៅ​ចុងឆ្នាំ​២០១៤​នេះ ដោយ​ចង់​រក្សា​ទុក​តែ​ទាហាន​ខ្លះ ដើម្បី​ជួយ​ហ្វឹកហ្វឺន និង​ផ្តល់​ប្រឹក្សា​ដល់​កងទ័ព​ជាតិ​អាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ រហូតមកទល់នឹង​ពេលនេះ លោក​ប្រធានាធិបតី​កាហ្សាយ​បាន​បដិសេធ​មិន​ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក​បន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ក្រោយ​ឆ្នាំ​២០១៤ ដោយបាន​លើកឡើង​នូវ​ហេតុផល​ជាច្រើន ក្នុងនោះ​ក៏​មាន​ផងដែរ ការស្លាប់​ជនស៊ីវិល​អាហ្វហ្កានីស្ថាន នៅ​ក្នុង​ប្រតិបត្តិការ​យោធា​អាមេរិក និង​អូតង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ