អានតួអត្ថបទ
កម្ពុជា

ខួប​៤​ឆ្នាំ​នៃ​ការចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​លើក​ពេល

ថ្ងៃទី៧កក្កដា​នេះ​ជា​ខួប​គម្រប់៤ឆ្នាំ​នៃ​ការចុះឈ្មោះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧កក្កដា ២០០៨- ៧ កក្កដា ២០១២ )។ ប៉ុន្តែ ថ្ងៃនេះ កម្ពុជា​មិនបាន​ប្រារព្ធ​ពិធី​រម្លឹក​ខួប​ដូច​រាល់​ឆ្នាំ​នោះ​ទេ ដោយសារតែ​គណៈកម្មាធិកា​រ​ជាតិ​បេតិកភណ្ឌ​ពិភពលោក​ជាប់រវល់។ ពិធី​នេះ​នឹងត្រូវ​លើក​ទៅធ្វើ​នៅ​ថ្ងៃទី១៨កក្កដា​ខាងមុខ។ ស្របពេល​ជាមួយគ្នានេះដែរ សន្និសីទ និង​ពិព័រណ៍​ដែលមាន​ឈ្មោះ​ថា «មិត្ត​របស់​ប្រាសាទព្រះវិហារ» ក៏​ត្រូវគេ​គ្រោង​បើក​ធ្វើ​នៅ​ពាក់កណ្តាល​ខែកក្កដា​នេះ​ផងដែរ​នៅ​ទីក្រុង​ភ្នំពេញ។

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ ©បូណា
ផ្សាយពាណិជ្ជកម្ម

 

គ្មាន​ពិធី​គគ្រឹកគគ្រេង​ដូចឆ្នាំមុនៗទេ​នៅ​ថ្ងៃទី៧កក្កដា​នេះ​ ដែលជា​ថ្ងៃ​គម្រប់​ខួប​ទី៤ឆ្នាំ​នៃ​ការចុះ​ប្រាសាទព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ កម្មវិធី​នេះ​នឹងត្រូវ​គេ​លើក​ពេល​ទៅធ្វើ​នៅ​ថ្ងៃទី១៨កក្កដា​ខាងមុខនេះ​វិញ។ លោក ហង់ សុទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា ការខកខាន​មិនបាន​ប្រារព្ធ​ពិធី​នៅថ្ងៃនេះ ​គឺ​បណ្តាលមកពី​ថ្នាក់ដឹកនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​បេតិកភណ្ឌ​ពិភពលោក​ជាប់រវល់​ការងារ។ យ៉ាងណាក៏ដោយ ពិធី​នេះ​នឹងមិន​ត្រូវបាន​លុបចោល​ទេ​ដោយ​គ្រាន់តែ​លើក​ពេល​ប៉ុណ្ណោះ។

ស្របពេល​ជាមួយគ្នានេះដែរ សន្និសីទ និង​ពិព័រណ៍​ឈ្មោះថា​ «មិត្ត​របស់​ប្រាសាទព្រះវិហារ​» ក៏ត្រូវ​គេ​គ្រោង​នឹង​បើក​ធ្វើ​រយៈពេល៣ថ្ងៃ​ពីថ្ងៃ​ទី១៤ដល់១៦កក្កដា​ខាងមុខ​នេះដែរ​នៅ​ទីក្រុង​ភ្នំពេញ។ លោក​ ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ពិព័រណ៍​នេះ​គឺជា​វេទិកា​របស់​មហាជន​ទូទៅ​ដែលមាន​បំណង​ចង់​ដាក់តាំង​រូបថត ​ឬ​ឯកសារ​ពាក់​ព​ន្ធ័​នឹង​ប្រាសាទព្រះវិហារ។

ប្រាសាទព្រះវិហារ​ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី៧កក្កដា​ឆ្នាំ២០០៨​ដោយ​អង្គការ​យូណេស្កូ។ ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ដែលមាន​ប្រទេស​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ខឹងសម្បារ។ មួយ​សប្តាហ៍​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី ១៥ កក្កដា​ឆ្នាំ ២០០៨ កងទ័ព​ថៃ​បាន​បង្កហេតុ​រហូតដល់​ផ្ទុះ​សង្គ្រាម​នៅតាម​ជាយដែន។
ជម្លោះ​តានតឹង​ ស្តីពី​ប្រាសាទព្រះវិហារ​បាន​បង្ខំ​ឲ្យ​កម្ពុជា​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ ដោយ​សុំ​ឲ្យ​តុលាការ​នេះ​ចាត់វិធានការ​បន្ទាន់ ​ដើម្បី​ការពារ​ប្រាសាទ​ចេញពី​គ្រោះថ្នាក់។ កម្ពុជា​ក៏​សុំ​ឲ្យ​តុលាការ​ក្រុងឡាអេ​បកស្រាយ​ឡើងវិញ​នូវ​សាលក្រម​ឆ្នាំ១៩៦២ ដែល​តុលាការ​នេះ​បាន​កាត់ក្តី​ឲ្យ​កម្ពុជា​ឈ្នះ​ភាគី​ថៃ​ផងដែរ។ ឆ្លើយតប​នឹង​បណ្តឹង​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក៏បាន​ចេញ​សាលដីកា​កាលពី​ថ្ងៃទី១៨កក្កដា​ឆ្នាំ២០១១ ដោយ​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ដកទ័ព​ចេញពី​តំបន់​មាន​ជម្លោះ។ ប៉ុន្តែ រហូតមកទល់​ពេលនេះ ថៃ​នៅតែ​មិន​ព្រម​ដកទ័ព​ដដែល បើទោះបីជា​ថៃ​ប្តូរ​រដ្ឋាភិបាល​ថ្មី ក៏ដោយ។ យ៉ាងណាក៏ដោយ ប្រាសាទព្រះវិហារ​បានក្លាយ​ជា​មោទនភាព​ជាតិខ្មែរ​កាន់តែខ្លាំង​ឡើង​បន្ទាប់ពី​ប្រាសាទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រយៈពេល៤ឆ្នាំ​កន្លងទៅនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ