អានតួអត្ថបទ
កម្ពុជា

ក្រុមយុវជន​ស្ម័គ្រចិត្ត​វាស់ដី​បាន ៤៤ម៉ឺន​ហិកតា

រយៈពេល ៥ ខែ ចាប់ពី​ចុង​ខែ​មិថុនា រហូត​ដល់​ចុង​ខែ​វិច្ឆិកា​នេះ ក្រុមយុវជន​ស្ម័គ្រចិត្ត បាន​ចុះ​វាស់វែង​ដី ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ បាន​ចំនួន ២៧៥.០០០ ក្បាលដី ត្រូវ​នឹង ៤៤ ម៉ឺន​ហិកតា​។ តាម​ផែនការ រដ្ឋាភិបាល កំណត់ឲ្យ​ក្រុមយុវជន​វាស់វែង​ដីធ្លី ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ ចំនួន ១,៨ លាន​ហិកតា​។ ដើម្បី​សំរេច​ផែនការ​នេះ រដ្ឋាភិបាល បាន​បន្ថែម​ក្រុមយុវជន ចំនួន ២១ ក្រុមទៀត ដែល​នាំឲ្យ​ក្រុមយុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី កើន​ដល់ ១៦៨ ក្រុម​។ ក្នុង​មួយ​ក្រុម មាន​ចំនួន ១២ នាក់​។ រីឯ​មន្ត្រី​ជំនាញ​ខាង​សុរិយោដី ក៏​មាន​ចំនួន ស្មើ​​នឹង​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដើម្បី​ចុះ​វាស់វែង​ដីធ្លី នៅ ២១ ខេត្ត​។​

ឡាន​ទាហាន​​ដឹក​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់វែង​ដីធ្លី
ឡាន​ទាហាន​​ដឹក​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់វែង​ដីធ្លី RFI/Menhour Ly
ផ្សាយពាណិជ្ជកម្ម

​បន្ទាប់​ពី​ឈប់សម្រាក ចាប់តាំងពី​ថ្ងៃ​ទី​២៣​វិច្ឆិកា គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​វិច្ឆិកា​នេះ ក្រុមយុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី ក្នុង​សម្លៀកបំពាក់​យោធា​ប៉ា​រ៉ា មានស្លាកសញ្ញា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឡើង​ឡាន​ទាហាន ចេញពី​កោះ​ពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​បន្ត​បំពេញ​បេសកកម្ម តាម​បណ្តា​ខេត្ត​នានា​វិញ​។​

​តាម​មន្ត្រី​ជំនាញ មកដល់ពេលនេះ រដ្ឋាភិបាល​បាន​បន្ថែម​ក្រុម​យុវជន​ចំនួន ២១ ក្រុម​បន្ថែមទៀត ដែល​នាំ​ឲ្យ​ក្រុម​យុវជន ​កើន​ដល់ ១៦៨ ក្រុម ស្មើនឹង ២០១៦ នាក់​។ ក្នុង​មួយ​ក្រុម មាន​ចំនួន ១២ នាក់​។ រីឯ​មន្ត្រី​ជំនាញ​សុរិយោដី ដែល​ចុះ​ទៅ​បំពេញ​ការងារ​វាស់វែង​ដីធ្លី ជាមួយនឹង​ក្រុម​យុវជន ក៏​មាន​ចំនួន​ដូចគ្នា​ដែរ​។​

​ក្នុងពេល​ជូន​ដំណើរ​ក្រុមយុវជន​ស្ម័គ្រចិត្ត ឡើង​ឡាន នៅ​ព្រឹក​មិញ អគ្គនាយក​សុរិយោដី និង​ភូមិសាស្ត្រ នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ស សុវណ្ណ បាន​ថ្លែងថា ចាប់ពី​ដំណើរ​​ការវាស់វែងដីធ្លី​ ក្នុង​រយៈពេល ៥ ខែ  គិតមកដល់​ថ្ងៃ​ទី​២៣​វិច្ឆិកា ក្រុមយុវជន​ស្ម័គ្រចិត្ត បាន​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ២៧៥.០០០ ក្បាលដី ដែល​ស្មើនឹង ៤៤ ម៉ឺន​ហិកតា​។​ មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ក៏​បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ បាន​ប្រមាណ ១៣ ម៉ឺន​ប័ណ្ណកម្មសិទ្ធិ​។

​តាម​ផែនការ ក្រុមយុវជន​ស្ម័គ្រចិត្ត ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានិត កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចុះវាស់វែងដីធ្លី នៅ ២១ ខេត្ត ដែល​មាន​ផ្ទៃ​សរុប ១,៨ លាន​ហិកតា ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ចែក​ជូន​ប្រជាជន ៤០ ម៉ឺន​គ្រួសារ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ