អានតួអត្ថបទ
កម្ពុជា-អន្តោប្រវេសន៍

២០១៦ ​អាជ្ញាធរ​រក​ឃើញ​ជន​អន្តោ​ប្រវេសន៍​១៦​ម៉ឺននា​ក់ ​មាន​វៀត​ណាម​៩៩​ភាគរយ​

នៅ​ព្រឹក​នេះ​​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​​បាន​ឲ្យ​ដឹង​ថា​ការ​ធ្វើ​ស្ថិតិ​ជន​បរទេស​​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា​រយៈពេល​១ឆ្នាំ​កន្លះ ​រក​ឃើញ​ជន​បរទេស​អន្តោ​ប្រវេសន៍​ចំនួន​១៦​ម៉ឺន​នាក់ ​ក្នុង​នោះ​មាន​ជន​ជាតិ​វៀត​ណាម​៩៩ភាគ​រយ​។ គណបក្ស​ប្រឆាំង​មិន​អធិប្បាយ​លើ​តួលេខ​នេះ​ទេ ប៉ុន្តែ​គណបក្ស​នេះ​គាំទ្រ​វិធាន​ការ​ស្រាវ​ជ្រាវ​រកជន​បរទេស​អន្តោ​ប្រវេសន៍​របស់​​ក្រសួង​មហាផ្ទៃ។​ 

ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​ក្នុង​​ការ​អនុវត្ត​ផែន​ការ​របស់​ក្រសួង​មហាផ្ទៃស្តី​ពី​ការងារ​គ្រប់​គ្រង​ជន​បរទេស​អន្តោ​ប្រវេសន៍​ ក្រសួងបាន​ស្រង់​ស្ថិតិ​ជន​បរទេស​អន្តោប្រ​វេសន៍​នៅទូទាំង​ប្រទេស​កម្ពុជា​ ហើយរកឃើញជន​អន្តោប្រ​វេសន៍​ចំនួន​ជាង​១៦​ម៉ឺន​នាក់ ​ក្នុង​នោះ​មាន​ជន​ជាតិ​វៀត​ណាម​ប្រមាណ​៩៩.៤៩​ភាគ​រយ។​ នេះ​បើ​តាម​សុន្ទរកថា​​លោក​សុខ ​ផល ​អគ្គ​នា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៅ​ព្រឹក​ថ្ងៃទី១៩ ​ខែសី​ហា។

 
ជន​អន្តោប្រវេសន៍​ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​វៀត​ណាម​នោះ ​ត្រូវ​បាន​អាជ្ញាធរ​បែង​ចែក​ជា​៣ប្រភេទ​រួម​មាន ជន​អន្តោ​ប្រវេសន៍ ​ដែល​បាន​ចុះ​បញ្ជី​ជំរឿន​ឆ្នាំ២០០២ ​ជន​បរទេស​អន្តោ​ប្រវេសន៍​កាន់​កាប់​ឯក​សា​រដ្ឋបាលកម្ពុជា​មិន​ប្រក្រតី​ និង​ជន​បរទេស​ស្នាក់​នៅ​យូរ​គ្មាន​ឯកសារ។​ នេះ​បើ​តាម​លោក​សុខ ផ​ល។​​

ក្នុង​សន្ទរ​កថា​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ចំនួន​ជន​បរទេស​អន្តោ​ប្រវេសន៍ ​តាម​តួលេខ​ជំរឿន​ជន​បរទេស​អន្តោប្រវេសន៍​ចាប់​ពីឆ្នាំ២០០២ ​មក​ដល់​ឆ្នាំ២​០១៦ មា​នកា​រកើន​ឡើង​ជា​លំដាប់ ​ក្នុង​នោះ​ឆ្នាំ​២០០២ ​មាន​ប្រមាណ៧ម៉ឺន​នាក់ ​ឆ្នាំ​២០១០ ​មាន​ប្រមាណ​១០​ម៉ឺន​នាក់ ​និង​ឆ្នាំ​២០១៦​នេះ ក្រ​សួងម​ហាផ្ទៃរក​ឃើញ​ប្រមាណ​១៦ម៉ឺននាក់។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ចាប់​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៤ ​ដល់​ខែ​មិថុនា ​ឆ្នាំ​២០១៦​ ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​បណ្តេញ​ចេញ និ​ង​ឃាត់​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលាការ​ ចំនួន​ប្រមាណ​១ម៉ឺន​នាក់​មាន​៦៨សញ្ជាតិ និ​ង​មាន​ជន​ជាតិ​វៀត​ណាម​៩ពាន់នា​ក់។

ជុំវិញ​តួលេខ​ជន​បរទេស​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ​នេះ ​គណបក្ស​ប្រឆាំង​តាម​រយៈលោក​អេង ឆៃអ៊ាង​ បាន​បដិសេធ​​ក្នុង​ការ​​អធិប្បាយ​លើ​តួលេខ​នេះ​ ប៉ុន្តែ​គណបក្ស​នេះ​គាំទ្រ​វិធាន​ការ​ស្រាវ​ជ្រាវ​រក​ជនបរទេស​អន្តោ​ប្រវេសន៍ ​របស់​ក្រសួង​មហា​ផ្ទៃ។

លោក​អេង ​ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បន្ថែម​ថា ​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​របស់កម្ពុជា​កន្លង​មក​គឺ​នៅ​មាន​ចន្លោះ​ប្រហោង​​​នៅ​ឡើយ ​ព្រោះ​ថា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ត្រូវ​ឆ្លង​កាត់​ការ​នីតិវិធីរបស់តុលាការជាមុន​សិន​ ទើប​បញ្ជូន​ទៅ​ប្រទេស​​កំណើត​វិញ។ លោក​អេង ​ឆៃអ៊ាង​ ក៏​បាន​អំពាវ​នាវ​ឲ្យក្រសួង​មហាផ្ទៃ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ឲ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត​។

សូម​បញ្ជាក់​ថា​ព្រឹក​ថ្ងៃទី១៩ ​ខែ​សីហានេះ ​ក្រសួង​មហា​បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​បូក​សរុបជំហាន​ដំបូង ​ស្តីពី​ការ​អនុវត្ត​វគ្គ​បន្ត​ការ​ងារ​គ្រប់​គ្រង​ជន​អន្តោប្រវេសន៍​ក្នុង​ប្រទេស​កម្ពុជា។​ លោក សុ​ខ ​ផល ក៏​បាន​កំណត់​ទិស​ដៅ ​និង​សំណូម​ពរ​មួយ​ចំនួន​ទៅ​ក្រសួង​មហាផ្ទៃ​ផង​ដែរ​ ក្នុង​គោល​បំណង​គ្រប់​គ្រង​ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ