អានតួអត្ថបទ
កូរ៉េខាងជើង

ទស្សនកិច្ច​ដ៏​កម្រ​របស់​ប្រធាន​កាកបាទ​ក្រហម​អន្តរជាតិ​នៅ​កូរ៉េ​ខាងជើង

ប្រធានគណៈកម្មការ​​កាកបាទ​ក្រហម​អន្តរជាតិ ហៅ​កាត់​ថា CICR លោក Peter Maurer បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​កូរ៉េខាង​ជើង​ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​បំពេញ​ទស្សនកិច្ច​ ផ្លូវការ​ ដ៏​កម្រ​មួយ​នៅ ឧបទ្វីបកូរ៉េ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មនុស្សធម៌​ដែល​មាន​ទីស្នាក់ការ​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

ទីស្នាក់ការ​អង្គការ​កាកបាទ​ក្រហម CICR, នៅ​ទីក្រុង​ Genève.
ទីស្នាក់ការ​អង្គការ​កាកបាទ​ក្រហម CICR, នៅ​ទីក្រុង​ Genève. Getty Images/UIG/BSIP
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធាន​កាកបាទ​ក្រហម​នៅ​ព្យុងយ៉ាង​ ប្រព្រឹត្ត​ទៅ​ជា​លើក​ចុង​ក្រោយ​ កាលពី​២១​មុន​ឆ្នាំមុន។

លោក​ Peter Maurer ត្រូវ​ជួប​សន្ទនា​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​របស់រ​ដ្ឋាភិបាល និង​តំណាង​កាកបាទក្រហម​កូរ៉េខាង​ជើង និង​ខាង​ត្បូង ស្តីអំពី​សំណុំ​រឿង​​មនុស្សធម៌​ផ្សេងៗ។ ការ​បង្រួបបង្រួម​គ្រួសារ​ដែល​បែកបាក់​​តាំង​ពី​សម័យ​សង្គ្រាម​ ១៩៥០-៥៣ ក៏​ជា​ប្រធានបទ​​សំខាន់​មួយ​ ដែល​ប្រធាន​គណៈកម្មការ​កាកបាទក្រហម​អន្តរជាតិ លោក​ Peter Maurer ត្រូវ​លើក​យក​មក​ជជែក​ជាមួយ​នឹង​ភាគី​បក្ខដិបក្ខ​ទាំង​ពីរ​ដែរ។ អង្គការ​CICR បាន​រំលឹក​ជា​ថ្មី​អំពី​តួនាទី​ជា​​អ្នក​​ពិគ្រោះ​យោបល់​ ដើម្បី​ឈាន​ដល់​ការ​រៀបចំ​ជំនួប​គ្រួសារ។ កាលពី​ថ្ងៃអាទិត្យ​ទី​១៨​សីហា កូរ៉េ​ខាង​ជើង​​​ទើប​ព្រមព្រៀង​តាម​សំណើ​របស់​កូរ៉េខាង​ត្បូង បើក​​កិច្ច​ចរចា​ស្តី​ពី​ការ​បង្រួប​បង្រួម​គ្រួសារ​ដែល​ព្រាត់​ប្រាស់​គ្នា​ក្រោយ​សង្គ្រាម។

ម្យ៉ាង​វិញ​ទៀត សម្រាប់ លោក​ Peter Maurer ការជ្រើសរើស​ពេល​វេលា​ទស្សនកិច្ច​ ចំពេល​​ខួប​៦០​ឆ្នាំ​នៃការ​ព្រមព្រៀង​ឈប់​បាញ់​រវាង​កូរ៉េទាំង​ពីរ​ដូច្នេះ ក៏​ព្រោះ​តែអង្គការ​ចង់​បង្ហាញ​​ចេតនា​ ចង់​ជួយ​ដោះស្រាយ​បញ្ហា​មនុស្សធម៌​ឱ្យ​បង​ប្អូន​គូ​សត្រូវ​ទាំង​ពីរផង និង​បំណង​ប្រាថ្នា​បង្កើន​​កិច្ច​សហប្រតិបត្តិការ និង​ការ​ផ្តោះ​ប្តូរ​ជាមួយ​ប្រទេស​ទាំង​ពីរ​នេះ​ផង។

សូម​បញ្ជាក់​ថា អង្កការ​កាកបាទ​ក្រហម​មាន​វត្តមាន​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​ តាំងពី​ជាង​១០​ឆ្នាំ​មក​ហើយ។ ដោយ​មាន​សហការ​ជាមួយ​នឹង​កាកបាទ​ក្រហម​ក្នុង​ស្រុក​ CICR ជួយ​ឧបត្ថម្ភ គាំទ្រ​មជ្ឈមណ្ឌល​អប់រំ​កាយ​និង​និតិសម្បទារ​នៅទីក្រុង​ព្យុងយ៉ាង និង​មន្ទីរពេទ្យ​ចំនួន​បួន​នៅ​តាម​ខេត្ត។

លោក​ Peter Maurer ​នឹង​ស្នាក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ រហូត​ដល់​ថ្ងៃទី ២៣​ សីហា មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ជិតខាង​ចិន និង​កូរ៉េខាង​ត្បូង។ ទស្សនកិច្ច​នៅកូរ៉េ​ខាង​ត្បូង ប្រព្រឹត្តទៅជួន​ចំពេល​ដែល​អង្គការ​CICR គ្រោង​នឹង​បង្កើត​ការិយាល័យ​អចិន្ត្រៃយ៍​មួយ​ក្នុង​ប្រទេស​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ