អានតួអត្ថបទ
រុស្ស៊ី

ឆ្នាំ​២០១២​ ជា ​“ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​រុស្ស៊ី“​

គឺ​ល្ងាច​ថ្ងៃ​៩​មករា​ម្សិលមិញ ​ដែល​លោក​ប្រធានាធិបតី​មេដវេដេវ​ បាន​ចេញ​ក្រឹត្យ​ ប្រកាស​ ឆ្នាំ​២០១២​ ជា “ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​រុស្ស៊ី”។​ តាម​ដែល​វិមាន​ក្រេមឡាំង​ជូន​ជា​ដំណឹង​ ខ្លឹមសារ​នៃ​ក្រឹត្យ​នេះ ​គឺដើម្បី​​ទាក់ទាញ ​ស្មារតី​សាធារណជន​ មក​នឹង​ប្រវត្តិសាស្ត្រ​រុស្ស៊ី​និង​មក​លើ តួនាទី​ដែល​រុស្ស៊ី​​ បាន​ដើរ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក។​

Dmitri Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី
Dmitri Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រឹត្យលោកប្រធានាធិបតីមេដវេដេវ ផ្ទុកផ្តាក់រដ្ឋាភិបាលរុស្ស៊ី ឲ្យបង្កើតឡើងជា
“ គណៈកម្មាធិការ​​ ខាងចាត់ចែងប្រារព្ធ ឆ្នាំនៃប្រវត្តិសាស្ត្ររុស្ស៊ី” ព្រមទាំងឲ្យ ផ្សំឡើងជា “សមាសភាពនៃ គណៈកម្មាធិការនេះ”។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏មានភារៈ តាក់តែងឡើង ជា” ផែនការនៃពិធីធំៗជាគោល ខាងប្រារព្ធឆ្នាំ២០១២ ក្នុងឋានៈជា “ឆ្នាំនៃប្រវត្តិសាស្ត្ររុស្ស៊ី”។

អំពី បំណងលោកប្រធានាធិបតីមេដវេដេវ ប្រកាសឆ្នាំនេះ ជា“ឆ្នាំនៃប្រវត្តិសាស្ត្ររុស្ស៊ី“ គេចាប់ យល់ដឹងតាំងពីក្នុងឆ្នាំ ២០១១កន្លងទៅម៉្លេះ។ មូលហេតុមកពីឆ្នាំ២០១២ ធ្លាក់ចំ កាលបរិច្ឆេទ​ខួប​ ដ៏សំខាន់ៗមួយចំនួន ក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ឧទាហរណ៍ ខួបគម្រប់២០០ឆ្នាំ នៃជ័យជំនះ កងទ័ព និង ប្រជាជនរុស្ស៊ី ក្នុងសង្គ្រាមការពារមាតុភូម៌ ឆ្នាំ១៨១២ ទល់នឹងអំពើឈ្លានពាន នៃ​កងទ័ព​ អធិរាជបារាំង Napoléon។

ជាការរម្លឹក គឺថ្ងៃ១២មិថុនាឆ្នាំ១៨១២នោះ ដែលកងទ័ព Napoléon មានគ្នា៦សែននាក់ បាន លុកចូលទឹកដីរុស្ស៊ី នៅត្រង់ក្រុង Neman ប៉ែកខាងលិចបង្អស់នៃប្រទេសរុស្ស៊ី ដោយ កាលណោះ មានទាហានរុស្ស៊ី តែ២សែន៤ម៉ឺននាក់ប៉ុណ្ណោះ ខំតទល់។ ពេលដែលទ័ពបារាំង បានយាត្រា មកដល់រដ្ឋធានីម៉ូស្គូ មេទ័ពរុស្ស៊ី សេនាប្រមុខ Koutouzov បានអនុវត្តយុទ្ធសាស្ត្រ បំបរបង់ក្រុងម៉ូស្គូចោលតែម្តង ហើយដុតវាឲ្យឆេះទ្រលោមទៅ ពីថ្ងៃ ២ដល់៦កញ្ញា ហេតុដែល បង្ខំ Napoléon ឲ្យដកកងទ័ពខ្លួនចេញពីម៉ូស្គូ ដែលប្រែទៅជា ទីរហោស្ថានទៅហើយ។ គឺ​ក្រោម​​សម្ពាធទ័ពរុស្ស៊ី ដែល Napoléon បានដកកងទ័ពខ្លួន ចេញអស់រលីងពីទឹកដីរុស្ស៊ី នៅថ្ងៃ១៤ធ្នូ ឆ្នាំ១៨១២នោះ។

ជាការកត់សម្គាល់ប្រទេសរុស្ស៊ីសម័យថ្មីរមែងចងចាំពីកាលបរិច្ឆេទបុរាណៗ ក្នុង ប្រវត្តិសាស្ត្រ​ ខ្លួន បែបយ៉ាង ថ្ងៃទី៤វិច្ឆិកាឆ្នាំ ១៦១២ គឺតាំងពី ៤០០ឆ្នាំមុនម៉្លេះ កាលដែលប្រជាជនរុស្ស៊ី បាន​បណ្តេញពួកលុកលុយប៉ូឡូញ ចេញអស់ពីទឹកដីរុស្ស៊ី ហើយប្រកាសទិវាបុណ្យ៤វិច្ឆិកា ជា ”ទិវាឯកភាពជាតិ “ ជំនួស “ទិវាបដិវត្តន៍សង្គមនិយមថ្ងៃ៧វិច្ឆិកា” ដែលធ្លាប់ជាបុណ្យធំបំផុត នៅ​រុស្ស៊ី​សម័យអំណាចសូវៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ