អានតួអត្ថបទ
Francophonie

ជំនួប​កំពូល​ប្រទេស​និយាយ​ភាសា​បារាំង ប្រព្រឹត្ត​ទៅ​អាហ្វ្រិក​កណ្តាល​ជា​លើក​ទីមួយ

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្កោ ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​កំពូលប្រទេស​និយាយ​ភាសា​បារាំង​​​លើក​ទី ១៤ នៅថ្ងៃ​សៅរ៍​ទី ១៣ តុលា​ឆ្នាំ ២០១២​នេះ ដោយ​មាន​ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​ជាង​១០​ប្រទេស​​ចូល​រួម​ និង​ក្រោម​អធិបតីភាព​​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ (François Hollande)។ ក្រៅ​ពី​សំណុំ​រឿង​បរិស្ថាន សេដ្ឋកិច្ច​ និង​វិបត្តិ​នៅ​ប្រទេស​ម៉ាលី ជា​កម្មវត្ថុ​ចំបង​នៃ​​ជំនួប​ប្រចាំ​ឆ្នាំ​លើក​នេះ ក៏​នឹង​ត្រូវ​ផ្តោត​ទៅ​លើ​ស្ថានភាព​នយោបាយ​​របស់​ប្រទេស​កុងហ្កោ​ ជា​ម្ចាស់ផ្ទះ​តែ​ម្តង។

វិមាន​ប្រជាជន​ ត្រៀម​ខ្លួន​ជាស្រេច​នឹង​ទទួល​ជំនួប​កំពូល​ប្រទេស​និយាយ​ភាសា​បារាំង Francophonie លើក​ទី​១៤ នៅ​ប្រទេស​កុងហ្កោ
វិមាន​ប្រជាជន​ ត្រៀម​ខ្លួន​ជាស្រេច​នឹង​ទទួល​ជំនួប​កំពូល​ប្រទេស​និយាយ​ភាសា​បារាំង Francophonie លើក​ទី​១៤ នៅ​ប្រទេស​កុងហ្កោ REUTERS/Noor Khamis
ផ្សាយពាណិជ្ជកម្ម

មាន​ប្រមុខ​រដ្ឋ​​និង​រដ្ឋាភិបាល​ តែ​១៥​ប្រទេស​ប៉ុណ្ណោះ ភាគ​ច្រើន​ជា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ ដែលបង្ហាញ​វត្តមាន​ក្នុង​ឱកាស​ជំនួប​លើក​ទី​១៤​នេះ ផ្ទុយ​ពី​​​ជំនួប​កំពូល​លើក​ទី​ ១៣ នៅប្រទេស​ស្វីស ដែល​មាន​សមាជិក​ចូល​រួម​ដល់​ទៅ​ជាង​៤០ប្រទេស។

​​​ប៉ុន្តែ​សម្រាប់​កុងហ្កោ អាជ្ញាធរ​​បានប្រើ​មធ្យោបាយ​ធំ ​ដាក់​ពង្រាយ​កង​កម្លាំង​រក្សាស​ន្តិសុខ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ នៅ​ពេញ​ទីក្រុង មាន​ទាំង​ប៉ូលិស និង​យោធា​នៃឆ្មាំ​សាធារណរដ្ឋ​ផង។ ជាមួយ​នឹង​ចំនួន​ប្រជាជន ៧០​លាននាក់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្កោ ជាប្រទេស​និយាយ​ភាសា​បារាំង​លេខ​មួយ។ ​​ដំបូង​ឡើយ​ ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ​ ហូឡង់ បាន​បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​មិន​ចង់​មាន​វត្តមាន​ក្នុង​ជំនួប​កំពូល​នេះ​ទេ តែ​ទីបំផុត លោក​ ហូឡង់​ បាន​អញ្ជើញ​មក​ដល់​តាំង​ពី​ព្រលឹម​អុល​ព្រឹក​ថ្ងៃ​សៅរ៍​ និង​ត្រូវ​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​កុងហ្កោ និង​បក្ស​ប្រឆាំង​ បន្ទាប់​មក​នឹង​ឡើង​ថ្លៃង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សភា​ប្រជាជន​កុងហ្កោ​ថែមទៀត ដើម្បី​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ។

ក្នុង​ពេល​រសៀល ថ្នាក់ដឹកនាំ​រដ្ឋ​នៃ​ប្រទេស​ជា​សមាជិក​Francophonies ត្រូវ​ពិភាក្សា​ដោយ​បិទ​ទ្វារ​ អំពី​ស្ថានភាព​នយោបាយរបស់​​ប្រទេស​កុងហ្កោ​ផ្ទាល់​តែ​ម្តង ដែល​កំពុង​មាន​ជម្លោះ​ខ្លាំង​ នៅ​ភាគ​ខាងកើត​ប្រទេស។

ជា​ផ្លូវការ​ ជំនួប​កំពូល​ប្រទេស​និយាយ​ភាសា​បារាំង​លើក​ទី ១៤​នេះ មាន​ប្រធានបទ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ “បញ្ហា​បរិស្ថាន និង​សេដ្ឋកិច្ច​នៅ​ចំពោះ​អភិបាល​កិច្ច​ពិភពលោក”។ ប៉ុន្តែ​ថ្នាក់ដឹក​នាំ​ប្រទេស​ជា​សមាជិក ក៏​ត្រូវ​ជជែក និង​ពិភាក្សា​សំណុំ​រឿង​ក្តៅៗ​នៅ​ក្នុង​តំបន់​ អាហ្វ្រិក​មួយ​ទៀត គឺ​ វិបត្តិ​នៅ​ប្រទេស​ម៉ាលី។ ម៉ាលី ប្រទេស​និយាយ​ភាសា​បារាំង​ដែរ តែ​ភាគ​ខាង​ជើង​កំពុង​តែ​ត្រូវ​កាន់​កាប់​ដោយ​ពួក​អ៊ីស្លាម​ជ្រុលនិយមស្និទ្ធ​នឹង​ពួក​ភេរវនិយម​អាល់កៃដា។ បារាំង​ចង់​ឱ្យ​អាហ្វ្រិក​ព្រមព្រៀង​គ្នា​ស្នើ​សុំ​អន្តរាគមន៍​យោធា​​អន្តរជាតិ ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ដើម្បី​ជួយ​អាជ្ញាធរ​ម៉ាលី​ដណ្តើម​យក​ភាគ​ខាង​ជើង​ពី​កណ្តាប់​ដៃ​ពួក​ភេរវនិយម​មក​វិញ។

ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ ដែល​ទើប​អនុម័ត ជា​ឯកច្ឆ័ន្ទ​នៅ​យប់​មិញ លើ​សេចក្តី​សម្រេច​ចិត្ត​​ស្នើ​ឡើង​ដោយ​បារាំង​ ព្រម​ព្រៀង​អនុញ្ញាត​ឱ្យ​អន្តរាគមន៍​យោធា​អន្តរជាតិ​លើ​ទឹកដី​ម៉ាលី​ភាគ​ខាង​ជើង ប្រសិន​បើ​អាជ្ញាធរ​ក្រុង​បាម៉ាកូ​ស្នើ​សុំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ