អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​រៀបចំ​មហាជន​​១០​ម៉ឺន​នាក់​​ទទួល​ដង្ហែ​ព្រះបរមសព​សម្តេច​ឪ​នៅ​ថ្ងៃ​១៧​តុលា​

លោក ជា គាន អនុ ប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការជាតិ​រៀបចំ​បុណ្យជាតិនិង​អន្តរជាតិ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា យ៉ាងហោច​ណាស់ នឹង​មាន​​មហាជន​ប្រមាណ​១០​ម៉ឺន​នាក់ ចូល​រួម​ទទួល​និង​ដង្ហែ​ព្រះបរមសព​សម្តេច​ឪ ព្រះករុណា​សម្តេច​ព្រះនរោត្តមសីហនុ ចាប់ពី​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង រហូត​ដល់​ព្រះបរម​រាជវាំង។ ​តាម​គម្រោង ព្រះបរមសព​របស់​សម្តេច​ឪ​នឹង​ត្រូវ​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង មក​ដល់​​ព្រលាន​យន្តហោះ​ភ្នំពេញ​នៅ​រសៀល​ម៉ោង​៣​ថ្ងៃ​ពុធ​ទី​១៧​ខែ​តុលា​ស្អែក​នេះ។

ប្រជាជនខ្មែរនាំគ្នាគោរពចំពោះវិញ្ញាណខន្ធរបស់អតីតមហាក្សត្រខ្មែរនរោត្តមសីហនុនៅមុខព្រះបរមរាជវាំងនៅភ្នំពេញថ្ងៃអង្គារទី១៦តុលា២០១២
ប្រជាជនខ្មែរនាំគ្នាគោរពចំពោះវិញ្ញាណខន្ធរបស់អតីតមហាក្សត្រខ្មែរនរោត្តមសីហនុនៅមុខព្រះបរមរាជវាំងនៅភ្នំពេញថ្ងៃអង្គារទី១៦តុលា២០១២ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

  ​រដ្ឋាភិបាល បាន​រៀបចំ​កម្លាំង​មហាជន​ប្រហែល​ជា ១០ ម៉ឺន​នាក់ ដើម្បី​ទទួល​ព្រះបរមសព​សម្តេច​ព្រះនរោត្តមសីហនុ ដោយ​ត្រូវ​ចាត់​ចែង​ឈរដង្ហែ​ចាប់​ពី​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង​រហូត​ដល់​មុខ​ព្រះបរម​រាជវាំង។ ក្នុង​នោះ​​ក៏​មាន​និមន្ត​ព្រះសង្ឃ ៩០ អង្គ​តំណាង​ឲ្យ​ព្រះជន្មាយុ ៩០​ព្រះវស្សា​របស់​សម្តេចឪ សម្រាប់​បង្សុកូល​នៅ​ក្នុង​ព្រលាន​ផង ហើយ​ពេល​ដង្ហែ​ព្រះបរម​សព​​​សម្តេចឪ មក​ដល់​វិមាន​ឯករាជ្យ ក៏​នឹង​មាន​ការ​ឈប់​បង្សុកូល​ម្តង​ទៀត​។ នេះ​បើ​តាម​​ប្រសាសន៍​របស់លោក ជា គាន អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិ រៀបចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ។​

 
លោក ជា គាន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្ត​ថា មហាជន ១០ ម៉ឺន​នាក់​នោះ ជា​កម្លាំង​មន្ត្រី​រាជការ ប៉ូលិស​ទាហាន សិស្ស​និស្សិត ពុទ្ធបរិស័ទ និង​ប្រជារាស្ត្រ​គ្រប់​ស្រទាប់​វណ្ណៈ។
មក​ដល់​រសៀល​ថ្ងៃ​ទី​១៦​ខែ​តុលា​ឆ្នាំ​២០១២ គេ​ឃើញ​នៅ​តាម​ផ្ទះ​និង​តាម​ដងផ្លូវ​នានា ពិសេស​នៅ​ភ្នំពេញ ទង់​ជាតិ ត្រូវ​បាន​តាំង ដោយ​បង្ហូត​នៅ​ត្រឹម​ពាក់​កណ្តាល​ដង ដើម្បី​ចូល​រួម​កាន់​ព្រះរាជ​មរណៈទុក្ខ​របស់​សម្តេច​ឪ​។ ព្រះឆាយាលក្ខណ៍​របស់​ព្រះករុណា សម្តេច​ព្រះនរោត្តម សីហនុ​ក៏​ត្រូវ​បាន​ដាក់​តាំង​នៅ​មុខ​សណ្ឋាគារ​និង​តាម​ទី​សាធារណៈ។

លោក ជា គានបាន​បន្ថែម​ថា នៅ​តាម​ក្រសួង​ស្ថាប័ន​នានា កំពុង​រៀបចំ​តាំង​ព្រះ​ឆាយា​លក្ខណ៍​​ព្រះករុណា សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​រូបភាព​ជា​របៀប​កាន់​ទុក្ខ ដោយ​ដាក់​បូ​ខ្មៅ​មួយ​និង​​គ្រឿង​សក្ការៈបូជា​ថ្វាយ​ព្រះអង្គ។ នៅ​ខេត្ត​ខ្លះ ក៏​មាន​ធ្វើ​ពិធី​ធំ ដោយ​ជ្រើស​យក​ទីតាំង​ណា​មួយ ហើយ​ជួបជុំ​គោរព​វិញ្ញាណក្ខ័ន្ធ​ព្រះ​បរមសព​ព្រះអង្គ។ តាម​វត្ត​អារាម ក៏​មាន​រៀបចំ​ពិធី​បុណ្យ​​តាម​ប្រពៃណី ឧទ្ទិស​ថ្វាយ​ព្រះករុណា​ផង​ដែរ ពិសេស​នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ ថ្ងៃ​ទី​១៥​តុលា​ម្សិលមិញ អាជ្ញាធរ​បាន​សំណូមពរ​ឲ្យ​វត្ត​និមួយៗ ឧទ្ទិស​ព្រះរាជពរ​ថ្វាយ​ដល់​ព្រះ​បរមសព​របស់​ព្រះអង្គ​ផង​ដែរ។​

ជាមួយគ្នា​នោះ លោក ជា គាន​ក៏​បាន​បន្ថែម​ថា រដ្ឋាភិបាល បាន​ចេញ​សារាចរ​ណែនាំ​ឲ្យ​ចូល​រួម​កាន់​ព្រះរាជ​មរណៈទុក្ខ​សម្តេច​ឪ​រយៈ​ពេល ៧ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​២៣​ខែ​តុលា​ឆ្នាំ​២០១២។ តែ​រយៈពេល​កាន់​ទុក្ខ​នេះ​ មិន​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់​សម្រាក​ទេ។
តាម​គម្រោង ព្រះបរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ​នឹង​ត្រូវ​ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​ព្រះរាជ​វង្សា​នុវង្ស ដង្ហែ​តាម​យន្តហោះ​មក​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​រសៀល​ម៉ោង​៣​ថ្ងៃ​ទី​១៧​ខែ​តុលា​ឆ្នាំ​២០១២។​

សូម​រម្លឹក​ថា សម្តេចឪ ព្រះករុណា សម្តេច​ព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​យប់​ម៉ោង ១ និង ២០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

ទូរទស្សន៍​ក្នុង​ស្រុក នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ដង្ហែ​ព្រះ​បរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ នៅ​ពេល​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ