អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រូវ​ការ​ធនធាន​មនុស្ស​ផ្នែក​ទេសចរ​ និង​បដិ​សណ្ឋាកិច្ច​ ៥០​ម៉ឺន​នាក់​បន្ថែម​ទៀត​

ស្រប​ពេល​ដែល​វិស័យ​ទេសចរណ៍​កំពុង​តែ​រីក​ចម្រើន​នៅ​កម្ពុជា​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ ថោង ខុន​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវ​ការ​ធនធាន​មនុស្ស​ផ្នែក​ទេសចរ​ និង​បដិសណ្ឋាកិច្ច​ចំនួន​៥០​ម៉ឺននាក់​បន្ថែម​ទៀត ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ទីផ្សារ។​ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ដូច្នេះ​ នៅ​ក្នុង​ឱកាស​បើក​ការ​តាំង​ពិព័រណ៍​ម្ហូប​អាហារ​និង​ភេសជ្ជៈ​ និង​ការ​ប្រកួត​ធ្វើ​ម្ហូប​អាហារ​ខ្នាត​អន្តរជាតិ ​នៅ​ក្រុង​សៀមរាម​ កាល​ពី​ថ្ងៃ​ទី​ ៦​តុលា​ ម្សិលមិញ​នេះ។​

ក្រុម​អ្នក​ទេសចរណ៍​​ចិន
ក្រុម​អ្នក​ទេសចរណ៍​​ចិន
ផ្សាយពាណិជ្ជកម្ម

កំណើន​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​​នៅ​កម្ពុជា​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ហើយ​កម្ពុជា​ក៏​ត្រូវ​ការ​ធនធាន​មនុស្ស​ផ្នែក​បម្រើ​សេវាកម្ម​ទេសចរ​នេះ​ជា​ច្រើន​ម៉ឺននាក់​ផង​ដែរ​ ខណៈ​ដែល​បច្ចុប្បន្ន​ធនធាន​ផ្នែក​នេះ ​កំពុង​តែ​ខ្វះខាត​នៅ​ឡើយ។​

លោក​ទិត ចន្ថា អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​ កម្ពុជា​ចាំបាច់​ត្រូវ​តែ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ប្រកប​ដោយ​គុណភាព​លើ​វិស័យទេសចរណ៍​និង​បដិសណ្ឋាកិច្ច។​

លោក​ទិត​ ចន្ថា​ បាន​បន្ត​ទៀត​ថា​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ខាង​ផ្នែក​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​រូបភាព​ជា​ច្រើន​ដែល​មាន​ដូចជា​នៅ​តាម​សណ្ឋាគារ ឬ​ក៏​ភោជនីយដ្ឋាន​ផ្ទាល់​ តាម​រយៈ​អ្នក​គ្រប់គ្រង​ទៅ​កាន់​បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់។ ​ការ​បណ្តុះ​បណ្តាល​ទី​ពីរ​គឺ​ធ្វើ​ឡើង​តាម​រយៈ​សាលារៀន​ឯកជន ​និង​ទីបី​តាម​រយៈ​ក្រសួង​ទេសចរណ៍​ ដែល​ក្រសួង​គ្រោង​នឹង​បើក​សាលាបង្រៀន​ខាង​ផ្នែក​សណ្ឋាគារ ​និង​បដិ​សណ្ឋាកិច្ច​នេះ ​នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ។​

សូម​បញ្ជាក់​ថា​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤ ​មាន​ចំនួន​ ៤លាន​៥សែន​នាក់​ ហើយ​នៅ​ឆ្នាំ​២០១៥​នេះ ​មាន​ចំនួន​ជិត​៥​លាន​នាក់។ ​តាម​រយៈ​តួរ​លេខ​កើន​ឡើង​ជា​លំដាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រសួង​បាន​បង្ហាញ​ថា​នៅឆ្នាំ​២០២០​ខាង​មុខ​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ ៧​លាន​នាក់៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ