អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​​បាញ់​បង្ហោះ​យាន​អវកាស​ទៅប៉ូល​ខាង​ត្បូង​នៃ​​ឋាន​ព្រះ​ចន្ទ ដើម្បី​ស្រាវ​ជ្រាវ​ទិន្នន័យ

បន្ទាប់​ពី​លើក​ពេល​អស់​មួយ​សប្ដាហ៍ នៅ​ទី​បំផុត​ទៅ ឥណ្ឌា​បាន​បាញ់​បង្ហោះយាន​អវកាស​របស់​ខ្លួន​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ហើយ នៅ​ថ្ងៃ​ចន្ទ ទី​២២​កក្កដា​នេះ​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ប្រព្រឹត្ត​ធ្វើ​ក្រោម​ក្រសែ​ភ្នែក​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​​​ពិភពលោក​។ តាម​គម្រោង យាន​អវកាស «ចន្ទ្រយានទី​២» របស់​ឥណ្ឌា នឹង​ចុះ​ចត​នៅ​ក្បែរ​ប៉ូល​ខាង​ត្បូង​នៃ​​ព្រះ​ចន្ទ ដើម្បី​ស្រាវ​ជ្រាវ​ប្រមូល​ទិន្នន័យ​បញ្ជូន​ត្រឡប់​មក​ផែនដី​វិញ​។

ការ​បង្ហោះ​យាន​អវកាស «ចន្ទ្រយាន​ទី​២» ទៅ​កាន់​ឋាន​ព្រះ​ចន្ទ នា​ថ្ងៃ​ចន្ទ ទី​២២ កក្កដា ២០១៩
ការ​បង្ហោះ​យាន​អវកាស «ចន្ទ្រយាន​ទី​២» ទៅ​កាន់​ឋាន​ព្រះ​ចន្ទ នា​ថ្ងៃ​ចន្ទ ទី​២២ កក្កដា ២០១៩ REUTERS
ផ្សាយពាណិជ្ជកម្ម

ម៉ោង​២​និង​២៣​នាទី ម៉ោង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា យាន​អវកាស «ចន្ទ្រយានទី​២» ត្រូវ​បាន​បង្ហោះ​ចេញ​ពី​ស្ថានីយ៍អវកាស Sriharikota ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​​។ ប្រជាជន​ឥណ្ឌា​រាប់​រយ​ពាន់​នាក់ ដែល​ខក​ចិត្ត​នៅ​ពេល​ការ​បាញ់​បង្ហោះ​កាល​ពីថ្ងៃ​១៥​កក្កដា​​ត្រូវ​គេ​​លើក​ពេល បាន​ប្រមូល​ផ្ដុំ​គ្នាម្ដង​ទៀត ដើម្បី​​​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៃ​ព្រឹត្តិការណ៍​នេះ​ ក្នុង​ទឹក​ចិត្ត​រំភើប​រីករាយ​បំផុត​។

សូម​ជម្រាប​ជូន​ថា ពី​ដំបូង​ឡើយ ឥណ្ឌា​ចង់​បង្ហោះ​​យាន​អវកាស «ចន្ទ្រយាន​ទី​២» ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​តាំង​ពី​ថ្ងៃ​ទី​១៥​កក្កដា​មក​ម្ល៉េះ​។ ប៉ុន្តែ​នៅ​ប្រមាណ​៥៦​នាទី​មុន​ម៉ោង​កំណត់ ទី​ភ្នាក់ងារ​អវកាស​ឥណ្ឌា​បាន​សម្រេច​លើក​ពេល​ការ​បាញ់​បង្ហោះ​នោះ​វិញ ដោយ​ពន្យល់​ថា ប្រព័ន្ធ​បាញ់​បង្ហោះ​​​ជួប​ប្រទះ​នឹង​បញ្ហា​បច្ចេកទេស​មួយ។ ទីភ្នាក់ងារ​អវកាស​ឥណ្ឌា​បាន​ចំណាយ​ពេល​មួយ​សប្ដាហ៍ ដើម្បី​​​​ដោះ​ស្រាយ​បញ្ហាបច្ចេកទេស​​នោះ មុន​នឹង​​បាញ់​បង្ហោះ​យាន​អវកាស ទៅកាន់​ឋាន​ព្រះ​ចន្ទ​ នៅ​ថ្ងៃ​ចន្ទ ទី​២២​កក្កដា​នេះ​។

នៅ​ក្នុងបេសកកម្ម​ទៅ​ឋាន​ព្រះ​ចន្ទ «ចន្ទ្រយាន​ទី​២» ដែល​មាន​ទម្ងន់​២​,៤​តោន បាន​នាំ​យក​ទៅ​ជាមួយ​នូវ​ម៉ាស៊ីន​យន្ត​រ៉ូបូ​មួយ​គ្រឿង​។ ជា​រ៉ូបូ​ដែល​គេ​អាច​បញ្ជា​បាន​ពី​ចម្ងាយ​ និង​​ដែល​​ត្រូវ​ចុះ​ចត​នៅ​ប៉ូល​ខាង​ត្បូង​នៃ​ព្រះ​ចន្ទ​ក្នុង​អំឡុង​ខែ​កញ្ញា​ ដើម្បី​ស្រាវ​ជ្រាវ​ប្រមូល​ទិន្នន័យ​បញ្ជូន​មក​កាន់​ភព​ផែនដី​វិញ​។ តាម​គម្រោង សកម្មភាព​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​​លើ​ផ្ទៃ​ដី​ព្រះ​ចន្ទ​របស់​យាន​អវកាស​ឥណ្ឌា មាន​រយៈ​ពេល​អូស​បន្លាយ​​ពី​ថ្ងៃ​រះ​ដល់​ថ្ងៃ​លិច​លើ​ឋាន​ព្រះ​ចន្ទ ស្មើ​នឹង​ប្រមាណ​១៤​ថ្ងៃ​លើ​ភព​ផែន​ដី​។

សម្រាប់​ឥណ្ឌា ការ​បាញ់​បង្ហោះ​យាន​អវកាស​ទៅ​ឋាន​ព្រះ​ចន្ទ​នា​ពេល​នេះ គឺ​ជា​មោទនភាព​ថ្មី​របស់​ជាតិ​។ ឥណ្ឌា​មាន​បំណង​ក្លាយ​ខ្លួន​ជា​មហា​អំណាច​អវកាស​ទី​៤ បន្ទាប់​ពី​អាមេរិក ចិន និង​រុស្ស៊ី ដែល​បញ្ជូន​យាន​និង​ម៉ាស៊ីន​រ៉ូបូ ទៅ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​។ នៅ​ឆ្នាំ​២០២២​ខាង​មុខ ភ្នាក់ងារ​អវកាស​ឥណ្ឌា មាន​គម្រោង​បញ្ជូន​អវកាសយានិក​របស់​ខ្លួន ​ឲ្យ​ហោះ​ទៅ​ក្នុង​ទីអវកាស​ជា​លើក​​ដំបូង​នៅ​ឆ្នាំ​២០២២។ តាម​រយៈ​បេសកកម្ម​នោះ ឥណ្ឌា​​រំពឹង​ថា នឹង​អាច​ចុះ​កិច្ច​សន្យា​ពាណិជ្ជកម្ម ដើម្បី​បាញ់​បង្ហោះ​ផ្កាយ​រណប​​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ