អានតួអត្ថបទ
អូតង់-រុស្ស៊ី

អូតង់ និង​រុស្ស៊ី​ផ្តើម​កិច្ចសន្ទនា​រវាង​គ្នា​ជា​ថ្មី

នៅ​ថ្ងៃ​ពុធ ទី២០ មេសា​នេះ រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​សមាជិក​អង្គការ​អូតង់ និង​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​បើក​កិច្ចប្រជុំ​ជា​ថ្មី​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ នេះ​ជា​កិច្ចប្រជុំ​លើក​ទី១ បន្ទាប់​ពី​បាន​អវត្តមាន​អស់​រយៈពេល ២ឆ្នាំ​ដោយសារ​តែ​សំណុំរឿង​តានតឹង​មួយ​ចំនួន ពិសេស​វិបត្តិ​អ៊ុយក្រែន។

លោក​អគ្គលេខាធិការ​អង្គការ​អូតង់ Jens Stoltenberg
លោក​អគ្គលេខាធិការ​អង្គការ​អូតង់ Jens Stoltenberg REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

គឺ​កាល​ពី ២ឆ្នាំ​មុន ពោល​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៤ ដែល​ប្រមុខ​ការទូត​ទាំង ២៨រូប​នៃ​ក្រុម​ប្រទេស​សមាជិក​របស់​អង្គការ​អូតង់ និង​ប្រមុខ​ការទូត​រុស្ស៊ី​បាន​បើក​កិច្ចប្រជុំ​ចុង​ក្រោយ​របស់​ខ្លួន។ ហើយ​តាំង​ពី​ពេល​នោះ​មក ពោល​តាំង​ពី​រុស្ស៊ី​បាន​ក្រសោប​យក​ទឹកដី​គ្រីមេ​របស់​ប្រទេស​អ៊ុយក្រែន​មក អូតង់​ក៏​បាន​ឈប់​ជ្រលក់​មាត់​រក​រុស្ស៊ី ព្រម​ទាំង​ព្យួរ​រាល់​កិច្ចសហប្រតិបត្តិការ​ទាំង​អស់​ជាមួយ​ក្រុង​មូស្គូ។ ទង្វើ​របស់​អូតង់​កាល​ណោះ គឺ​ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី​ដែល​បាន​លេបត្របាក់​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន និង​ក៏​ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី​ដែល​បាន​ចេញ​មុខ​គាំទ្រ​ទាំង​ផ្លូវអាវុធ និង​កម្លាំងទ័ព​ដល់​ពួក​បះបោរ​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​នៅ​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

ក្នុង​រយៈពេល ២ឆ្នាំ​កន្លង​ទៅ សង្រ្គាម​ពាក្យ​សម្តី​រវាង​អូតង់ និង​រុស្ស៊ី​បាន​កើត​មាន​ជា​ហូរហែ នោះ​បើ​ទោះ​បី​ជា​ទ្វារ​នៃ​កិច្ចសន្ទនា​នយោបាយ​រវាង​ភាគី​ទាំង​ពីរ​នៅ​បើក​ចំហ​ជានិច្ច​ក៏​ដោយ។ ថ្ងៃ​នេះ និង ២ឆ្នាំ​ក្រោយ​មក អូតង់ និង​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​វិល​មក​កាន់​តុចរចា​ជា​ថ្មី​ដោយ​សង្ឃឹម​នឹង​អាច​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា។ យ៉ាង​ណា​ក៏​ដោយ ជំនួប​ជា​ថ្មី​រវាង​អូតង់ និង​រុស្ស៊ី​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជំនួបនិមិត្តរូប​ដែល​នឹង​គ្មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ។

តែ​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ពិត​មែន​ជា​ជំនួបនិមិត្តរូប​ក៏​ដោយ ក៏​មាន​សំណុំរឿង​ធំៗ និង​សំខាន់ៗ​ជា​​ច្រើន​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​លើក​យក​ទៅ​ជជែក។ សំណុំរឿង​ធំៗ និង​សំខាន់ៗ​ទាំង​នោះ​រួម​មាន បញ្ហា​ប្រទេស​អាហ្វហ្កានីស្ថាន ឬ​មួយ​ក៏​វិបត្តិ​អ៊ុយក្រែន​ដោយ​តម្រូវ​ឲ្យ​មាន​ការ​អនុវត្តន៍​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍។ ប្រធានរឿង​បច្ចុប្បន្នភាព​ក្តៅ​គគុក​មួយ​ទៀត គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុស្ស៊ី និង​អូតង់​នៅ​សមុទ្រ​បាល់ទិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ