អានតួអត្ថបទ
កូរ៉េ-អាមេរិក

ព្យុងយ៉ាង​បាញ់​មីស៊ីលបាលីស្ទិក​អ៊ីពែរសូនិក​ស្វាគមន៍​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ

នៅ​ថ្ងៃ​ចន្ទទី ១៨ មីនា​នេះ កូរ៉េខាង​ជើង​បាន​បាញ់​មីស៊ីល​បាលីស្ទិករយៈ​ខ្លី​​ជា​ច្រើន​គ្រាប់​ ទៅ​ក្នុង​សមុទ្ទ​ខាង​កើត ឬ​សមុទ្ទ​ជប៉ុន។ ជាការ​បាញ់​ស្វាគមន៍​ដំណើរ​មក​ដល់​ប្រទេស​កូរ៉េខាង​ត្បូង​របស់​លោក​ប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីងកិន​ផង និង​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​លើក​ទីបី​ផង។

ព្យុងយ៉ាង​បាញ់​មីស៊ីល​ស្វាគមន៍​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ
ព្យុងយ៉ាង​បាញ់​មីស៊ីល​ស្វាគមន៍​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ AP - Evelyn Hockstein
ផ្សាយពាណិជ្ជកម្ម

បើ​តាម​យោធា​កូរ៉េខាង​ត្បូង ព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​បាលីស្ទិក​ ជា​ច្រើន​គ្រាប់​នៅ​វេលាម៉ោង​៧​និង​៤៤​នាទី​ព្រឹក​ម៉ោង​នៅក្នុង​ស្រុក ដែល​អាច​ហោះ​បាន​ចម្ងាយ​ប្រមាណ​៣០០គីឡូម៉ែត្រ មុន​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​សមុទ្ទ​ជប៉ុន។ មីស៊ីល​រយៈ​ខ្លី​បីគ្រាប់​ដែល​ព្យុងយ៉ាង​បាន​បាញ់​មួយ​ខ្សែនៅ​ថ្ងៃ​នេះ ជា​ទង្វើ​គំរាមកំហែង​សន្តិសុខ​និង​សន្តិភាព​ជប៉ុន​ តំបន់​ ព្រមទាំង​សហគមន៍​អន្តរជាតិទាំងមូល។​​​ ព័ត៌មាន​របស់​សេអ៊ូលធ្វើ​ឡើង​ទន្ទឹម​នឹង​សេចក្តី​ប្រកាស​ថ្កោលទោស​របស់នាយករដ្ឋមន្ត្រីជប៉ុន តាម​រយៈ​សំឡេង​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ចំពោះ​ការ​បាញ់​សាកល្បង​កាន់​តែ​ញយ​និង​ញាប់របស់​កូរ៉េខាង​ជើង។

នេះ​ជា​លើក​ទីពីរ​ហើយ​ តាំងពី​ចូល​ឆ្នាំ​២០២៤​មក ដែល​ព្យុងយ៉ាង​បាន​សាកល្បង​មីស៊ីល​បាលីស្ទិក​ មាន​បំពាក់​ក្បាល​គ្រាប់​ លឿន​ជាង​សំលេង​អ៊ីពែរសូនិក។ ការ​បាញ់លើក​ទីមួយ​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៤​មករា ឯការ​បាញ់​លើក​​នេះ​ធ្វើ​ឡើងតែ​ពីរបី​ក្រោយ​ការ​បិទ​បញ្ចប់​​លំហាត់​សឹក​អាមេរិក​-កូរ៉េ​​ខាង​ត្បូង និង​ជួន​ចំពេល​ដែល​លោក​អង់តូនី​ប្លីងកិន រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទើប​អញ្ជើញ​មក​ដល់​ប្រទេសកូរ៉េខាង​ត្បូង កាលពី​ក្បាល​ល្ងាច។ លោកប្រមុខ​ការទូត​ត្រូវ​មាន​ជំនួប​ជាមួយប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក យូន សុកយោល​ និង​ចូល​រួម​​ក្នុង​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​នៅថ្ងៃ​ចន្ទ​នេះ។

ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ប្រធានាធិបតីអាមេរិក​ចូបៃដិន​​ ត្រូវ​រៀប​ចំ​ធ្វើជា​លើក​ទីបី ​នៅ​ក្រុង​សេអ៊ូល​ពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃពុធ​ទី ២០មីនា ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​​​រដ្ឋាភិបាល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមទាំង​សង្គម​ស៊ីវិល​ ជា​ច្រើន​នាក់។

ក្រោយ​ជំនួប​ជាមួយ​លោកប្រធានាធិបតី​យូន​សុកយោល​ លោកអង់តូនី​ប្លីងកិន បាន​ថ្កោលទោស​កូរ៉េខាង​ជើង​និង​បាន​ប្តេជ្ញា​ជា​ថ្មី​ការពារ​ជា​និច្ច​សន្តិសុខ​ឱ្យ​សាធារណរដ្ឋ​កូរ៉េខាង​ត្បូង។ ប្រមុខការទូតអាមេរិក​ក៏​បាន​ជួប​ជាមួយ​សមភាគី​កូរ៉េខាង​ត្បូង និង​ជជែក​អំពី​ការ​ពង្រឹង​សម្ព័ន្ធភាពរវាង​វ៉ាស៊ីនតោន​និង​សេអ៊ូល ក្នុង​ក្របខ័ណ្ឌ​នៃ​នយោបាយ​​ដាច់ខាតរារាំង​ ​មហិច្ឆតា​របស់​​កូរ៉េខាង​ជើង​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាមេរិក​និង​កូរ៉េខាងត្បូង​បាន​បិទ​បញ្ចប់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ទ្រង់ទ្រាយ​ធំ​ដែល​មាន​​ទាហាន​ចូល​រួម​ក្នុង​ចំនួន​ដ៏​ច្រើន​ទ្វេ​ដង​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០២៣ និង​ដោយ​មាន​កង​វាយលុក​ផ្លូវអាកាស​និង​ការ​ចាប់​មីស៊ីល​ផង។

ជា​ចម្លើយ​តប​នឹង​សមយុទ្ធ​ កូរ៉េខាងជើង​តែ​បាញ់​មីស៊ីល​តប​ត​វិញ ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​ ការ​បាញ់​មីស៊ីល​របស់​ព្យុងយ៉ាងលើក​នេះ​​ ជា​សារ​បង្កប់​អត្ថន័យ​ដ៏​ច្បាស់លាស់​មួយថា​កូរ៉េខាង​ជើង​ពិត​ជា​មាន​សមត្ថភាព​ធ្វើ​សកម្មភាព​គ្រប់ពេល ទោះ​​ប្រមុខ​ការ​ទូត​អាមេរិក​កំពុង​ស្ថិត​នឹង​កន្លែងក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ