អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី​-នុយក្លេអ៊ែរ

លោកពូទីនប្រកាសអួតថា​ អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ទំនើបជាង​របស់អាមេរិក

នៅថ្ងៃទី​១៥មីនា ប្រជាជនរុស្ស៊ីនឹងត្រូវ​ទៅបើឆ្នោតជ្រើសរើសប្រធានាធិបតី​​ ដែលគេជឿថាគ្មាននរណា​អាចយកឈ្នះ​បេក្ខភាព របស់​លោកពូទីន បាននោះឡើយ​។ នៅក្នុងបទសម្ភាសន៍​តាមទូរទស្សន៍​ ផ្សាយកាលពីយប់ថ្ងៃ​ពុធ លោក​ពូទីនថ្លែងសារជាថ្មីម្តងទៀត គំរាម​អំពីសង្គ្រាម​នុយក្លេអ៊ែរ។ លោលពូទីន​ប្រកាសថា សព្វាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ទំនើបជាង​អាវុធនុយក្លេអ៊ែររបស់អាមេរិក តែលោកថារុស្ស៊ីគ្មានចេតនាណា ប្រើអាវុធនុយក្លេអ៊ែរទេ ប្រសិនបើអធិបតេយ្យភាពរបស់​រុស្ស៊ី មិនត្រូវបានគេគំរាមទេនោះ​។​

លោកពូទីន ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ ផ្សាយតាម​ទូរទស្សន៍​ ថ្ងៃទី​១៣មីនា២០២៤
លោកពូទីន ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ ផ្សាយតាម​ទូរទស្សន៍​ ថ្ងៃទី​១៣មីនា២០២៤ AP - Gavriil Grigorov
ផ្សាយពាណិជ្ជកម្ម

ក្នុងបទសម្ភាសន៍​វែងអន្លាយតាមទូរទស្សន៍ជាតិរុស្ស៊ី លោក​ពូទីនបាននិយាយគំរាម​ដូចសព្វមួយដង អំពីសង្គ្រាម​ដែលអាចរាលដាលជាសង្គ្រាម​នុយក្លេអ៊ែរ ប្រសិន​បើប្រទេសលោកខាងលិច នៅតែបន្តជួយអ៊ុយក្រែន​។ ក្នុងន័យ​បញ្ចើចបញ្ចើ លោកប្រធានាធិបតីរុស្ស៊ី បាន​លើកឡើងថា​ បើនិយាយពី​ប្រព័ន្ធបាញ់​អាវុធនុយក្លេអ៊ែរធន់ធំ គឺមានតែរុស្ស៊ី និងអាមេរិក​ទេដែលមាន។​ តែលោកពូទីនបានអួត​ថា ត្រង់ចំណុចនេះ ទាំង​បច្ចេកវិទ្យា ទាំង​គ្រឿងផ្សំ​នុយក្លេអ៊ែរ​ គឺ​រុស្ស៊ីទំនើបជាងរបស់អាមេរិក។

លោកពូទីន បានបន្ថែមទៀតថា រុស្ស៊ីបានត្រៀមខ្លួនរួចហើយ ប្រសិនបើមានសង្គ្រាម​នុយក្លេអ៊ែរ ក៏ប៉ុន្តែបើនិយាយថារុស្ស៊ី​ចង់ធ្វើសង្គ្រាម​នេះ គឺមិនទេ រុស្ស៊ីមិនដែលគិតថាចង់​ប្រើអាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែននោះទេ។ លោកពូទីនបានពន្យល់ថា​ រហូតមកទល់ពេលនេះ រុស្ស៊ីគ្មានហេតុផលអ្វី​ ដែលត្រូវទៅប្រើអាវុធមហាប្រល័យនេះទេ។ ប្រធានាធិបតី​រុស្ស៊ីបន្តថា រុស្ស៊ីមានទ្រឹស្តីយោធា  ដែលអនុញ្ញាឲ្យ​ប្រើអាវុធនុយក្លេអ៊ែរបាន ល្គឹកណា ទាល់តែ​ ជីវិត​របស់​ប្រទេសរុស្ស៊ីត្រូវគេគំរាម ឬមួយ​អធិបតេយ្យភាពនិង​ឯករាជ្យភាពរបស់រុស្ស៊ី ត្រូវបានគេវាយប្រហារ។

គួរកត់សំគាល់ថា សំដីខាងលើរបស់​លោក​ពូទីននេះ គឺជាសារគំរាមដោយ​ប្រយោលថា រុស្ស៊ី​អាចប្រើអាវុធនុយក្លេអ៊ែរ ប្រសិន​បើរុស្ស៊ីចាត់ទុក​ត្រូវគេ​គំរាមវាយប្រហារ។ ក្នុងបរិបទដែល​ក្រុមប្រទេសលោកខាងលិច ក៏ដូចជាអូតង់កំពុងប្រឹងប្រែងប្រមូលកម្លាំង ដើម្បីជួយអ៊ុយក្រែន គឺរុស្ស៊ីអាចយក​ចំណុចនេះ​ទៅបកស្រាយ​ថាវាជាការគំរាមមកលើរុស្ស៊ី ក៏ថាបាន​។

ភ្លាមៗក្រោយ​សំដី​អួត​របស់​លោកពូទីននេះ សេតវិមាន​បានប្រកាសថា គឺនឹងមិន​កែប្រែអ្វី ទៅលើ​យុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អាមេរិកឡើយ​។ លោកស្រី Karine Jean Pierre អ្នកនាំពាក្យសេតវិមាន បានប្រាប់អ្នកកាសែតថា យោងតាមព័ត៌មាន និងទិន្នន័យ​ដែលគេប្រមូលបាន គឺ​គ្មានសញ្ញាណណាមួយ បញ្ជាក់ថា រុស្ស៊ីកំពុងត្រៀមប្រើអាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន​​នោះឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ