អានតួអត្ថបទ
បារាំង-អ៊ុយក្រែន

ប្រធានាធិបតីបារាំង​មិនទាត់ចោល​ជម្រើស​បញ្ជូនទ័ព​ទៅជួយ​អ៊ុយក្រែន

ជាអ្នកផ្តួចផ្តើម​បើក​ជំនួបកំពូលស្តី​ពីអ៊ុយក្រែននៅទីក្រុង​ប៉ារីស ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុងបាន​បង្ហាញ​ការគាំទ្រ​ដោយ​ឥតងាករេ​សម្រាប់​អ៊ុយក្រែន ដែលកំពុង​ធ្លាក់ថយដៃ​ប្រយុទ្ធ​នៅ​ក្នុងសមរភូមិ។ នៅក្នុងសន្និសីទកាសែត ក្រោយ​ការបិទបញ្ចប់ជំនួបកំពូល​កាលពីយប់​ថ្ងៃ​ចន្ទម្សិលមិញ មេដឹកនាំ​បារាំង​បានអំពាវនាវឲ្យ​សម្ព័ន្ធមិត្ត​របស់អ៊ុយក្រែនបោះពួយមួយទំហឹង​ដើម្បីផ្តល់សព្វាវុធជួយ​អ៊ុយក្រែន។ បន្ថែម​ពីនោះ លោក​ប្រធានាធិបតី​បារាំង​នៅបាន​លើកឡើង​ពីជម្រើស​បញ្ជូនទ័ព​លោកខាងលិច​ទៅ​អ៊ុយក្រែន។

នៅក្នុង​ជំនួបកំពូលស្តីពីអ៊ុយក្រែន នៅថ្ងៃទី ២៦​កុម្ភៈ ប្រធានាធិបតីបារាំង​មិនទាត់ចោល​ជម្រើស​បញ្ជូនទ័ព​ទៅជួយ​អ៊ុយក្រែន
នៅក្នុង​ជំនួបកំពូលស្តីពីអ៊ុយក្រែន នៅថ្ងៃទី ២៦​កុម្ភៈ ប្រធានាធិបតីបារាំង​មិនទាត់ចោល​ជម្រើស​បញ្ជូនទ័ព​ទៅជួយ​អ៊ុយក្រែន AP - Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កាលៈទេសៈ​ដែល​អ៊ុយក្រែន​កំពុង​ជួប​ការលំបាក នៅ​ក្នុងសមរភូមិ​ប្រយុទ្ធតទល់​នឹង​រុស្ស៊ី មេដឹកនាំ​បារាំង​ប្រកាស​វិធានការថ្មី​ដែល​នឹង​ទៅ​ផ្តល់​សន្ទុះ​ការគាំទ្រ​បន្ថែម​សម្រាប់អ៊ុយក្រែន។ លោកប្រធានាធិបតី បារាំង​ប្រកាស​វិធានការ​ផ្តល់ជំនួយ​សព្វាវុធ​បន្ថែម សម្រាប់អ៊ុយក្រែន នៅបន្ទាប់ពី លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី ត្អូញត្អែរ​ប្រាប់​សម្ព័ន្ធមិត្ត​ថា រហូត​មកដល់​ពេលនេះ អ៊ុយក្រែន​បាន​ទទួល​តែ​៣០%​ប៉ុណ្ណោះ នៃ​ចំនួន​គ្រាប់ប្លោង សរុបចំនួន​១លានគ្រាប់​ដែល​អឺរ៉ុប​បានសន្យា​ផ្តល់ជួយ​អ៊ុយក្រែន។ នៅក្នុង​សន្និសីទ​កាសែត ក្រោយ​បិទបញ្ចប់ជំនួបកំពូល​នៅទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ចន្ទ លោកម៉ាក្រុង​ទទួលស្គាល់ថា សហភាព​អឺរ៉ុប​បាន​ធ្វើការសន្យា​ដោយ​មិនបាន​គិតល្អិតល្អន់ជាមុន ព្រោះថា ដោយពិត​ទៅ អឺរ៉ុបខ្លួនឯង​គ្មាន​គ្រាប់ប្លោងចំនួន ១លានគ្រាប់ ដើម្បី​អាច​ផ្តល់ឲ្យអ៊ុយក្រែនទេ។ ប៉ុន្តែ អំណើះ​តទៅ អឺរ៉ុប និងសម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែនផ្សេងទៀត នឹង​ព្យាយាម ផ្តល់សន្ទុះ​ជួយ​អ៊ុយក្រែន ព្រោះគេ​ជឿជាក់ថា បរាជ័យ​របស់​រុស្ស៊ី នៅ​ក្នុង​សមរភូមិអ៊ុយក្រែន សំខាន់ ចាំបាច់​ខ្លាំងណាស់​សម្រាប់​សន្តិសុខ និង​ស្ថិរភាព​នៅអឺរ៉ុប។

នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​របស់​បណ្តាប្រទេសសមាជិក​សហភាពអឺរ៉ុប ដូចជា លោកនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ប្រធានាធិបតីប៉ូឡូញ នាយករដ្ឋមន្រ្តី​ហូឡង់ និង​រដ្ឋមន្រ្តីការបរទេស​អង់គ្លេស កាណាដា អាមេរិក ប្រធានាធិបតី​បារាំង លោកម៉ាក្រុង កាលពីថ្ងៃ​ចន្ទ បាន​ប្រកាស​បង្កើត​សម្ព័ន្ធមិត្ត​ដើម្បី​វាយឲ្យចំ​គោលដៅ ពោល​គឺ​ដើម្បីធានា​ផ្គត់ផ្គង់​សព្វាវុធជួយ​អ៊ុយក្រែន ដូចជា គ្រាប់ មីស៊ីល​បាញ់​ចម្ងាយមធ្យម ឬ​មីស៊ីល​បាញ់​ចម្ងាយឆ្ងាយ​ជាដើម។ នៅថ្ងៃ​ចន្ទ នាយករដ្ឋមន្រ្តី​របស់​ប្រទេស​ឆែក​អះអាងថា មាន​ប្រទេស​អឺរ៉ុប​ចំនួន​១៥​យល់ព្រម​ចូលរួម​នៅក្នុងគម្រោងការ​ដែល​ផ្តួចផ្តើម​ដោយប្រទេសឆែក នោះគឺការចូលរួមលុយគ្នា​ដើម្បីទិញ​សព្វាវុធ​ពីប្រទេស​ក្រៅអឺរ៉ុប សម្រាប់យកទៅជួយអ៊ុយក្រែន។ នាយករដ្ឋមន្រ្តី​ហូឡង់និយាយ​ថា ហូឡង់​នឹង​ចូលរួម​វិភាគទាន​១០០លាន​អឺរ៉ូ។ ប្រធានាធិបតី​បារាំង​លោកម៉ាក្រុង មិនត្រឹម​តែ​បញ្ជាក់​ថា បារាំង​នឹង​ចូលរួម​ក្នុងគម្រោងការ​របស់ប្រទេស​ឆែក ប៉ុន្តែ​លោកនៅបានលើកឡើង​ពី​ជម្រើស​បញ្ជូនទ័ពប្រទេស​លោកខាងលិច​ទៅអ៊ុយក្រែន នៅថ្ងៃ​អនាគត។ សម្រាប់​ប្រធានាធិបតី​បារាំង ទោះបីជា​សព្វថ្ងៃនេះ គេ​នៅ​មិនទាន់​កុងសង់សុស ដើម្បី​បញ្ជូនទ័ព​ជាផ្លូវការ​ទៅ​ជួយ​អ៊ុយក្រែន ប៉ុន្តែ គេ​នឹង​ធ្វើគ្រប់យ៉ាង​ដើម្បីកុំ​ឲ្យ​រុស្ស៊ី​ឈ្នះសង្រ្គាមនៅ​អ៊ុយក្រែន។

ទោះ​ការលើកឡើង​របស់​ប្រមុខរដ្ឋបារាំង​អាច​ជា​សារយុទ្ធសាស្រ្ត ដើម្បី​បង្ហាញ​ថា សម្ព័ន្ធមិត្ត​របស់អ៊ុយក្រែន​នៅតែ​គាំទ្រ​ឥតងាករេ​សម្រាប់​ជួយ​អ៊ុយក្រែន នៅចំពោះ​មុខ​ការឈ្លានពាន​របស់​រុស្ស៊ី ប៉ុន្តែ វា​បាន​ទាក់ទាញ​ប្រតិកម្ម​រិះគន់​ខ្លាំងៗ​ពី​អ្នកនយោបាយ​បារាំង។ ភ្លាមៗ ប្រធាន​បក្ស​ប្រឆាំង ទាំង​បក្ស​ឆ្វេង និងស្តាំនិយម​ជ្រុល​របស់បារាំង​បាន​រិះគន់​ប្រធានាធិបតីបារាំង​ថា កំពុងអូសទាញ​បារាំង​ឲ្យធ្លាក់​ក្នុង​សង្រ្គាម។ សម្រាប់​ក្រុមបក្សប្រឆាំង ការប្រលូកខ្លួនធ្វើ​សង្រ្គាម​តទល់​នឹង​រុស្ស៊ី គឺ​ជារឿង​ដ៏ឆ្កួតលីលា​បំផុត។

ឆ្លើយសំណួរ​របស់​អ្នកកាសែត នៅក្រោយ​ពី​សភាហុងគ្រី​បោះឆ្នោត​យល់ព្រម​ឲ្យ​ស៊ុយអែត ចូលក្នុង​បក្សសម្ព័ន្ធអូតង់ នាយករដ្ឋមន្រ្តី​ស៊ុយអែត បញ្ជាក់ថា គ្មានទេ ការបញ្ជូនទ័ព​ទៅអ៊ុយក្រែន។ ប៉ុន្តែ ជាសមាជិកថ្មី​ចុងក្រោយគេ​របស់អូតង់ ស៊ុយអែត​នឹង​ប្រឹង​ជួយអ៊ុយក្រែន តាមរយៈ​ករបញ្ជូនសព្វាវុធ នាវាចម្បាំង គ្រាប់បែក ប្រព័ន្ធរ៉ាដា ដែលមាន​តម្លៃសរុប ជាង ៦៣៣​លាន​អឺរ៉ូ ទៅឲ្យអ៊ុយក្រែន។ នៅអាល្លឺម៉ង់ នៅមួយថ្ងៃ​ក្រោយ​ការលើកឡើង​របស់​ប្រធានាធិបតីបារាំង លោក​នាយករដ្ឋមន្រ្តី អូឡាហ្វ ស្ហុលហ៍ និយាយកាត់ខ្លីថា អូតង់​នឹង​មិនបញ្ជូនទ័ព​ទៅអ៊ុយក្រែន។ លើសពីនោះ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់បញ្ជាក់ថា អាល្លឺម៉ង់ក៏​នឹង​មិន​បញ្ជូន​មីស៊ីល​បាញ់​ចម្ងាយ​ឆ្ងាយទៅ​ឲ្យអ៊ុយក្រែន ដូចបារាំង​នោះទេ ព្រោះថា អាល្លឺម៉ង់​មិន​ចង់លូកដៃ​កាន់តែជ្រៅ​ទៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលមានពាក់ព័ន្ធ​នឹង​រុស្ស៊ីនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ