អានតួអត្ថបទ
រុស្ស៊ី-អេស្តូនី

ហេតុអ្វីរុស្ស៊ីប្រកាសស្វែងរកចាប់ខ្លួននាយករដ្ឋមន្ត្រីអេស្តូនី?

រុស្ស៊ី​តាម​រយៈ​គេហទំព័រ​របស់​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​នៅ​ថ្ងៃអង្គារទី ១៣ កុម្ភៈ​ពី​ការ​ស្វែង​រក​ចាប់​ខ្លួន​លោកស្រី​នាយករដ្ឋមន្ត្រី​អេស្តូនី​កាហ្សា កាឡាស (Kaja Kallas)។ ការ​ប្រកាស​រក​ចាប់​ខ្លួន​រូប​នាយករដ្ឋមន្រ្តី​អេស្តូនី​នេះ​ជា​ ស​ឲ្យ​ឃើញ​ជា​ថ្មី​នូវ​ភាព​តានតឹង​រវាង​ប្រទេស​រុស្ស៊ី និង​បណ្តា​ប្រទេស​នៅ​មាត់​សមុទ្របាល់ទិក តាំង​ពី​ក្រោយ​រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន​កាល​ពី​ជិត ២ឆ្នាំ​មុន។

លោកស្រី​នាយករដ្ឋមន្ត្រី​អេស្តូនី​កាហ្សា កាឡាស (Kaja Kallas)
លោកស្រី​នាយករដ្ឋមន្ត្រី​អេស្តូនី​កាហ្សា កាឡាស (Kaja Kallas) © AP / Pavel Golovkin
ផ្សាយពាណិជ្ជកម្ម

« លោកស្រី​កាឡាស​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ស្វែង​រក​ចាប់​ខ្លួន​នៅ​រុស្ស៊ី​ក្នុង​បទព្រហ្មទណ្ឌ » នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​រុស្ស៊ី​នៅ​លើ​គេហទំព័រ។ តែ​សេចក្តីប្រកាស​ដដែល​មិន​បាន​បញ្ជាក់​លំអិត​ទេ​ថា តើ​ឧក្រិដ្ឋកម្ម ឬ​បទល្មើស​បែប​ណាដែល​មេដឹកនាំ​អេស្តូ​រូប​នេះ​បានប្រព្រឹត្ត។ ក្រៅ​ពី​នាយករដ្ឋមន្រ្តី​អេស្តូនី គេ​ឃើញ​មាន រដ្ឋលេខាធិការ​អេស្តូនី​លោក Taimar Peterkop និង​រដ្ឋមន្ត្រីវប្បធម៌​លីទុយអានី​លោក Simonas Kairys ក៏​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ស្វែង​រក​ចាប់​ខ្លួន​ដែរ​របស់​រុស្ស៊ី​ដែរ។

ស្របនឹងប្រភពមួយក្នុងសន្តិសុខជាតិរុស្ស៊ី​ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ​រុស្ស៊ី TASS មន្ត្រី​ជាន់ខ្ពស់​អេស្តូនី​ទាំង ២នាក់ និង​រដ្ឋមន្ត្រី​លីទុយអានី​បាន​ជាប់ចោទ​ក្នុង​បទ​បំផ្លិចបំផ្លាញ និង​ប្រមាថ​មាក់ងាយ​លើ​បណ្តា​រូបសំណាក​ដែល​ឧទ្ទិសដល់​វិញ្ញាណក្ខន្ធ​ពួក​ទាហាន​សូវៀត​ក្នុង​សម័យ​សង្គ្រាមលោកលើកទី២។ គួរ​បញ្ជាក់​ថា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រូបសំណាក និង​បូជនីយដ្ឋាន​ជា​ច្រើន​ដែល​ជាមរតក​បន្សល់​ទុក​នៅ​លើ​ដែនដី​ប្រទេស​បាល់ទិក​ក្នុង​សហភាពសូវៀត​នៅ​ក្រោយសង្គ្រាមលោកលើកទី២​ត្រូវ​បាន​រុះរើ និង​រំលំ​ចោល។ ទង្វើ​នេះ​មាន​ន័យ​ស្មើ​នឹង​ការ​បដិសេធ​ច្រានចោល​កាល​សម័យសូវៀត ដ្បិត​ប្រទេស​ទាំង​នោះ​សុទ្ធ​តែ​ចាត់​ទុក​ថាដែនដី​ខ្លួន​ត្រូវ​បាន​កាន់កាប់​ដោយ​សហភាពសូវៀត។

សព្វថ្ងៃ នៅ​មាន​សហគមន៍​ជនជាតិ​ភាគតិច​រុស្ស៊ី​កំពុង​បន្ត​រស់នៅ​ក្នុង​ប្រទេស​អេស្តូនី ឡេត្តូនី លីទុយអានី​ដែល​សុទ្ធសឹង​ជា​អតីត​សាធារណរដ្ឋសូវៀត និង​ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​សមាជិក​សហភាពអឺរ៉ុប និង​អង្គការ​អូតង់​​ដែល​កំពុង​មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​រុស្ស៊ី។ ទំនាក់ទំនង​នេះ​ថែម​ទាំង​មាន​បង្កប់​ដោយ​ភាព​ល្អក់ កករ​ដែល​កើត​ចេញ​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន។ អ្វី​ដែល​ប្រទេស​បាល់ទិក​ទាំង​នេះ​កំពុង​បារម្ភ​ខ្លាំង គឺ​ខ្លាច​រុស្ស៊ី​ចូល​លុកលុយ​ទឹកដីខ្លួន​ដូច​នៅ​អ៊ុយក្រែន។

កាល​ពី​សប្តាហ៍​មុន ក្រសួង​ការបរទេស​រុស្ស៊ី​បាន​កោះ​ហៅ​ភារធារី​អេស្តូនី ឡេតូនី និង​លីទុយអានី​ទៅ​សួរ​នាំ​ក្នុង​រឿង​ធ្វើ​វិច្ឆេទកម្ម​ទល់​នឹង​ការ​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតីរុស្ស៊ី​នៅ​ខែ​មីនា​ខាង​មុខ​ដោយ​ប្រទេស​ទាំង ៣ បាន​ប្រកែក​មិនព្រម​ធានា​សន្តិសុខ​ដល់​ការិយាល័យបោះឆ្នោត​នៅ​តាម​ស្ថានទូត​រុស្ស៊ី​ក្នុង​ប្រទេស​ខ្លួន។ នៅ​ពាក់​កណ្តាល​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ ឡេតូនី និង​អេស្តូនី​បាន​សម្រេច​ខណ្ឌបញ្ចប់​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ផ្តល់​ជំនួយ​ផ្លូវច្បាប់​ទៅវិញ​ទៅមក​ជា​មួយ​រុស្ស៊ី​ក្រោម​ហេតុផល​រុស្ស៊ី​ចូល​លុកលុយ​អ៊ុយក្រែន។ ក្នុង​ខែ​មករា​ដដែល អេស្តូនី​បាន​បដិសេធ​មិន​ពន្យារ​សុពលភាព​នៃ​លិខិតស្នាក់នៅ​របស់​ប្រមុខគ្រិស្តសាសនា​អ័រថូដុក្ស​អេស្តូនី​ដែល​ជា​ពលរដ្ឋ​រុស្ស៊ី​ក្រោម​ហេតុផល​ថា ប្រមុខគ្រិស្តសាសនា​អ័រថូដុក្ស​រូប​នោះ​ជា​ហានិភ័យ​សម្រាប់សន្តិសុខជាតិ​អេស្តូនី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ