អានតួអត្ថបទ
តួកគី-ស៊ុតអែត-អូតង់

តួកគី​យល់ព្រម​ឲ្យស៊ុយអែត​ចូលអូតង់ នៅសល់​តែ​ឧបសគ្គ​​ហុងគ្រី​​មួយ​ទៀតទេ

ដំណើរឈានចូលជាសមាជិកអង្គការអូតង់ របស់​ប្រទេសស៊ុយអែត កំពុងតែបោះជំហាន​ជិតបានសម្រេចហើយ។​ កាលពីថ្ងៃ​អង្គារ ទី​២៣មករា សភាតួកគីបានបោះឆ្នោត​យល់ព្រម​ជាផ្លូវការ ឲ្យ​ស៊ុយអែត អាចចូលជាសមាជិកអង្គការ​​អូតង់។ អូតង់ ក៏ដូចជាបណ្តាប្រទេសអឺរ៉ុប បានអបអរសាទរជាខ្លាំង ចំពោះការយល់ព្រមរបស់តួកគីនេះ​។​​ឧបសគ្គចុងក្រោយ​ នៅពេលនេះ គឺ​នៅសល់តែ​ហុងគ្រីមួយទៀតទេ ដែល​នៅ​មិនសម្រេចចិត្ត​យល់ព្រម​។ 

លោកនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson (ឆ្វេង) និង​លោក​ Jens Stoltenberg អគ្គលេខាធិការOTAN/NATO កំពុងធ្វើសន្និសីទកាសែត នៅ​ស្តុកខូលម៍ ថ្ងៃទី ២៤ តុលា ២០២៣
លោកនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson (ឆ្វេង) និង​លោក​ Jens Stoltenberg អគ្គលេខាធិការOTAN/NATO កំពុងធ្វើសន្និសីទកាសែត នៅ​ស្តុកខូលម៍ ថ្ងៃទី ២៤ តុលា ២០២៣ AP - Jonas Ekströmer
ផ្សាយពាណិជ្ជកម្ម

សមាជិក​សភាតួកគី​បានបោះឆ្នោត​ ក្នុង​សំឡេងភាគច្រើនលើសលុប​ យល់ព្រមឲ្យ​ប្រទេស​ស៊ុយអែត អាចក្លាយជាសមាជិក​ពេញសិទ្ធិនៃអង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ឬហៅកាត់ថាអូតង់។ ដំណឹងនេះ បានមកបិទបញ្ចប់បញ្ហារកាំរកូស ដែលបានអូសបន្លាយពេល​ប្រមាណ​២០ខែ រវាងតួកគី និង​បណ្តាប្រទេសសមាជិក​ផ្សេងទៀតរបស់អូតង់ ដែលចង់ឃើញអូតង់រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីប្រឈមនឹងការគំរាមរបស់រុស្ស៊ី​។

លោក Ulf Kristersson នាយករដ្ឋមន្ត្រី​ស៊ុយអែត បាន​ថ្លែង​អបអរ ចំពោះការយល់ព្រមពីសំណាក់តួកគី ដែលវានឹងបើក​ផ្លូវ​ឲ្យ​ស៊ុយអែត បោះជំហាន​ចូលកាន់តែកៀក​ ក្លាយជាសមាជិក​អូតង់។ លោក​ Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​ បានអបអរសាទរ និង​បាន​លើកឡើងថា ស៊ុយអែតគឺជាដៃគូដែលរឹងមាំ និង​មានសមត្ថភាព​ ដែលអាចមកជួយ​ពង្រឹងឲ្យ​អូតង់​កាន់តែរឹងមាំ។ លោករដ្ឋមន្ត្រី​ការបរទេសន័រវែសវិញ បាន​អះអាងថា បើស៊ុយអែត ក្លាយជាសមាជិកអូតង់ នោះសន្តិសុខរបស់​ប្រទេសតំបន់អឺរ៉ុបខាងជើង នឹងកាន់តែរឹងមាំ​។

សូមរំលឹកថា ក្រោយ​រុស្ស៊ី​លើកទ័ពចូលឈ្លានពាន ធ្វើសង្គ្រាមនៅអ៊ុយក្រែន ស៊ុយអែតបានប្រញាប់​ដាក់ពាក្យសុំចូល​អង្គការអូតង់ភ្លាមដែរ។ តែបេក្ខភាព​សមាជិកថ្មី ត្រូវការ​ការយល់ព្រមពីប្រទេសសាមជិកចាស់ទាំងអស់។ ដើម្បី​បំពេញចិត្ត​តួកគី ដែលចោទថាស៊ុយអែត ថាជាសំបុកការពារសកម្មជន​កួដ ដែលតួកគីចាត់ទុកថាជា​ក្រុមភេរវកម្មនោះ ស៊ុយអែតបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង​បាន​ធ្វើច្បាប់ថ្មីប្រយុទ្ធប្រឆាំងភេរវកម្ម​។ បន្ថែមពីនេះ លោកអ៊ែរដូហ្កាន់ បាន​ទាមទារលក្ខខណ្ឌ១ទៀត ថាអាមេរិក​ត្រូវយល់ព្រមលក់យន្តហោះចម្បាំង F-16 មកឲ្យតួកគី​។​

គួរបញ្ជាក់ថា ឧបសគ្គចុងក្រោយ គឺនៅសល់តែហុងគ្រីមួយប៉ុណ្ណោះ ដែល​ត្រូវសម្រេចចិត្ត​ ព្រមឬមិនព្រម ឲ្យស៊ុយអែត ចូលអូតង់​។ ព្រឹកថ្ងៃពុធ ទី​២៤មករា លោក Jen Stoltenberg អគ្គលេខាធិការអូតង់ បាន​អំពាវនាវទៅកាន់​ហុងគ្រី ថាត្រូវតែ សម្រេចចិត្តផ្តល់ការយល់ព្រមឲ្យ​បានឆាប់ជាទីបំផុត ព្រោះ​ បើអូតង់មានស៊ុយអែតជាសមាជិកថែមម្នាក់ទៀត នោះអូតង់នឹងកាន់តែរឹងមាំ​ ដើម្បីការពារសន្តិសុខទាំងអស់គ្នា​។

គួរគត់សំគាល់ថា អស់ជាច្រើនខែមកហើយ ដែល​រដ្ឋាភិបាល​ស្តាំនិយមជ្រុលហុងគ្រី របស់​លោក វីកទ័រ អកបាន បាន​ព្យាយាម ស្វែងរកការចំណេញផ្នែកនយោបាយ នៅក្នុងសំណុំរឿងនេះ។ លោកវីកទ័រ អកបាន​ បាន​​ទាមទារឲ្យស៊ុយអែត ត្រូវឈប់រិះគន់ ឈប់ចោទថា​រដ្ឋាភិបាល​លោក​ ​មានទំនោរផ្តាច់ការ ប្រសិនបើស៊ុយអែត ចង់​​ឲ្យ​ហុងគ្រី​​យល់ព្រមឲ្យ​ចូល​អូតង់​។​ ជាមួយគ្នានេះ លោក​វីកទ័រ អកបាន ក៏ចង់ដាក់សំពាធឲ្យ​អឺរ៉ុប ​ធ្វើសម្បទានឲ្យខ្លួន​កាន់តែច្រើន ជាថ្នូរនឹង​ការយល់ព្រមរបស់ហុងគ្រី​។

ក្រោយបានដំណឹងភ្លើងខៀវ របស់​សភា​តួកគី លោក​ វីកទ័រ អកបាន នាយករដ្ឋមន្ត្រីហុងគ្រី បានសរសេរសារតាមបណ្តាញសង្គម​X ថា លោក​បានផ្ញើលិខិតមួយ អញ្ជើញលោក​នាយករដ្ឋមន្ត្រីស៊ុយអែត ឲ្យធ្វើដំណើរមកជួបគ្នានៅប៊ូដាប៉េស្ត ដើម្បី​ជជែកចរចាគ្នា​ អំពី​បេក្ខភាព​របស់​ស៊ុយអែត នៅក្នុងអូតង់។ ប៉ុន្មានម៉ោងក្រោយ​មក រដ្ឋមន្ត្រី​ការបរទេសស៊ុយអែត បាន​អះអាងប្រាប់អ្នកកាសែតថា ស៊ុយអែតមិនមានហេតុផលអ្វី ត្រូវចរចាជាមួយ​ហុងគ្រីនៅថ្ងៃនេះទេ។ ចម្លើយដែលហាក់មានន័យថា ស៊ុយអែតមិនចាញ់ល្បិចជំរិត របស់ហុងគ្រី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ